
បុរសអ្នកលក់មាន់ម្នាក់ កំពុងថ្លឹងមាន់នៅផ្សារអូរឫស្សីពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំមួយ ដោយអំពាវនាវដល់សាធារណជនទាំងអស់ បង្កើនការយកចិត្តទុកដាក់អំពីការបង្ការ ករណីពុលស្រា និងចំណីអាហារ រួមទាំងការបង្ការការឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ខណៈមាន់ទារាប់ម៉ឺនក្បាលកំពុងត្រូវបានគេនាំចូលពីបណ្ដាខេត្ត និងប្រទេសជិតខាងមួយចំនួន សម្រាប់ផ្គត់ផ្គង់ក្នុងរដូវកាល នៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
យោងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ចំនួន ៥៦ ករណី ដែលក្នុងនោះ ៣៧ ករណី បានស្លាប់ក្នុងអំឡុងឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤។
ចំណែកករណីពុលចំណីអាហារ និងស្រាត្រូវបានគេពិនិត្យឃើញកើតមានឡើងជាញឹកញាប់នៅកម្ពុជា ពិសេសនៅតាមតំបន់ទីប្រជុំជននៃបណ្ដាខេត្ត-ក្រុង មួយចំនួន ដែលបង្កឲ្យមានផលប៉ះពាល់ជាអវិជ្-មានដល់សុខភាព និងថវិកា ទាំងក្នុងគ្រួសារ និងសង្គមជាតិ។
ដើម្បីចៀសវាងពីការពុលស្រា ឬពុលចំណីអាហារ ឬការចម្លងមេរោគគ្រុនផ្តាសាយបក្សី ក្រសួងសុខាភិបាលណែនាំថា៖ «បើគ្មានភារកិច្ច លោកអ្នកកុំចូលទៅក្នុងកសិដ្ឋាន ឬប៉ះពាល់បក្សីរស់ ឬងាប់ដោយគ្មានការត្រួតពិនិត្យពីបសុពេទ្យ។ លោកអ្នកកុំបរិភោគស្រាសដែលមានសារធាតុមេតាណុលខ្ពស់ លើសពីកម្រិតធម្មតា ០,១៥% និងមិនត្រូវបរិភោគបន្លែ ដែលមានសារធាតុគីមីពុល និងត្រី សាច់ដែលមិនឆ្អិនល្អ ឬម្ហូបអាហារដែលមានលក្ខណៈជូរផ្អូមឡើយ»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទប់ស្កាត់ នូវបញ្ហាទាំងនេះ ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសអ្នកផលិត និងអ្នកចែកចាយបន្តនូវបន្លែផ្លែឈើទាំងអស់ មិនត្រូវប្រើសារធាតុគីមីពុលដែលត្រូវបានហាមឃាត់ដោយច្បាប់ជាដាច់ខាត និងហាមការផលិត ការចែកចាយ និងការធ្វើចរាចរណ៍នូវប្រភេទស្រា ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ពិសេសប្រភេទស្រាស ដែលផលិតមិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្នុងរដូវបុណ្យចូលឆ្នាំចិន ខេត្តតាកែវ បានត្រៀមការនាំចេញមាន់ ទា ជាច្រើនពាន់ក្បាល និងបន្លែធម្មជាតិជាច្រើនតោនផងដែរទៅរាជធានីភ្នំពេញ។
លោកថា៖ «ខេត្តតាកែវយើងមិនមានការនាំចូលមាន់ទា ឬ បន្លែបង្ការពីប្រទេសវៀតណាមនោះទេ។ ផ្ទុយទៅវិញ សហគមន៍កសិករយើងក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការ JICA បានចិញ្ចឹមនិងដាំដុះបន្លែបង្ការប្រកបដោយសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តផ្ទាល់ខ្លួនផង និងក្នុងរាជធានីភ្នំពេញផង។ នៅក្នុងរដូវចូលឆ្នាំចិននេះ ប្រជាសហគមន៍កសិករយើងបានត្រៀមនាំយកមាន់ ទា ដែលមានសុវត្ថិភាព និងអនាម័យល្អ ប្រមាណជាង ៥០០០ ក្បាល ចូលមកលក់រាជធានីភ្នំពេញ និងបន្លែសុវត្ថិភាពប្រមាណ ៣ តោនផងដែរ»។
ចំណែកលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គន្លឹះសំខាន់នៃសុខភាព គឺ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ពោលគឺត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកស្អាត មុនពេលចម្អិន បរិភោគអាហារ និងក្រោយពេលបន្ទោបង់។ ម្យ៉ាងទៀត អ្នកផលិត និងអ្នកលក់ដូរត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកបរិភោគ ធ្វើយ៉ាងណាកុំលួចដាក់បន្ថែមនូវសារធាតុគីមីពុល ដែលនាំឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់អ្នកបរិភោគ។ ការប្រតិបត្តិតាមគោលការណ៍គ្រឹះខាងលើនេះ នឹងនាំមកនូវសុខភាពល្អគ្រប់ៗគ្នា៕