The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ឧស្សា​ហកម្ម​ ឲ្យ​អាជ្ញាធរ​រក្សា​ទឹក​ទុក​ដើម្បី​ប្រើ​ក្នុង​រដូវ​ប្រាំង




ក្រសួង​ឧស្សា​ហកម្ម​ ឲ្យ​អាជ្ញាធរ​រក្សា​ទឹក​ទុក​ដើម្បី​ប្រើ​ក្នុង​រដូវ​ប្រាំង

Content image - Phnom Penh Post
ក្រ​សួ​ង​ឧ​ស្សា​ហ​ក​ម្ម និង​សិ​ប្ប​កម្ម​ ឲ្យ​អាជ្ញាធរ​រក្សា​ទឹក​ទុកដើម្បី​ទប់ទល់​នឹង​បាតុភូត​ ​អែល​នី​ណូ (El Nino)។ ហុង មិនា

ក្រសួង​ឧស្សា​ហកម្ម​ ឲ្យ​អាជ្ញាធរ​រក្សា​ទឹក​ទុក​ដើម្បី​ប្រើ​ក្នុង​រដូវ​ប្រាំង

ភ្នំពេញៈ ក្រ​សួ​ង​ឧ​ស្សា​ហ​ក​ម្ម និង​សិ​ប្ប​កម្ម​ បាន​ដាក់​ចេញ​នូវ​វិធានការ​ឲ្យ​​ស្ថាប័ន​ក្រោម​ឱ​វាទ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ នៅ​តាម​រាជ​ធានី​ខេត្ត​ត្រូវ​ចាប់​ផ្តើម​ធ្វើ​កា​រ​​សិក្សា​ជា​បន្ទាន់​​ពី​ប្រភព​ទឹក​សម្រាប់​ប្រើ​ប្រាស់ ដើម្បី​ទប់ទល់​នឹង​បាតុភូត​ ​អែល​នី​ណូ (El Nino) ដែល​នឹង​ធ្វើ​ឲ្យ​អាកាស​ធាតុ​ក្តៅ​ហួត​ហែង​ខ្លាំ​ង​នៅ​ក្នុង​រដូវ​ប្រាំង​​ខាង​មុខ​ខណៈ​ក្រសួង​នេះ​ រំពឹង​ថា នៅ​ត្រឹម​ឆ្នាំ ២០២៥ ​ពលរដ្ឋ​នៅ​ទីប្រ​ជុំ​ជន​ នឹង​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ១០០ ភាគរយ។

វិធានការ​នេះ​ត្រូវ​បាន​ប្រកា​ស​​ឲ្យ​ដឹងកាល​ពី​ម្សិល​មិញ​នៅ​ក្នុ​ង​សិ​ក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​បទ​ដ្ឋាន​បច្ចេក​ទេស​អប្ប​បរមា​ សម្រាប់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ខ្នាត​តូច​ ដែល​រៀបចំ​ដោយ​ក្រសួង​ឧស្សា​ហក​ម្ម ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិ​ល និង​មាន​អ្នកចូលរួម​ប្រមាណ​ជិត ២០០ នាក់ដែលជា​អាជ្ញា​ធរ​​ថ្នាក់ក្រោម​ជាតិ និង​តំណាង​មកពី​សិប្ប​កម្ម​ផ្គត់​ផ្គង់​ទឹក​ស្អាត​ទូទាំង​ប្រទេស។

លោក អ៊ុំ សុថា រដ្ឋលេខាធិការ​ ក្រសួង​ឧស្សាហកម្ម ​ថ្លែង​ក្នុង​ពិធី​នេះ​​ថា រាជរដ្ឋាភិបាល​បាន​ដា​ក់​ចេញ​នូវ​គោល​នយោបាយ ដោយ​កំណត់​ត្រឹម​ដំណាច់​ឆ្នាំ ២០២​៥ គឺ​ប្រជាពលរដ្ឋ​នៅ​តាម​ទីប្រជុំ​​ជន ១០០ ភាគ​រយ​ នឹង​ទទួល​បាន​សេវា​ទឹកស្អាតក្នុងនោះ៩​០ ភាគ​រយ​ ទទួលបាន​ទឹកស្អាត​ពី​បំពង់ទុយោ និង ១០ ភាគ​រយ​ទៀត ទទួលបាន​ពី​ប្រភព​ផ្សេង​ដែល​ការផ្គត់ផ្គង់​ទឹក​ស្អា​តសម្រា​​ប់​​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ចំនួន ៤ គឺ​ទឹក​មាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ។

តែ​យ៉ាងណា លោក​ក៏​សម្តែង​ការ​ព្រួយបារម្ភ​នឹង​ការខ្វះ​ទឹកស្អាត​ប្រើប្រាស់​ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ពេល​ដែល​​គ្រោះរាំងស្ងួត នា​រដូវប្រាំង​ខាងមុខនេះ​។ «យើងបាន​ណែនាំ​ឲ្យ​មន្ទីរ​ឧស្សាហកម្ម និង​សិប្ប​កម្ម រាជធានីខេត្ត​ទាំងអស់​សហ​ការ​ជាមួយ​​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម សិក្សា​ចាប់ពី​ឥឡូវ​ហ្នឹង​ ចាត់ទុកជា​កិច្ច​ការ​សំខាន់​បន្ទាន់ សិក្សា​អំពី​ប្រភពទឹក​ឆៅ​ ដែល​ត្រូវ​ផ្គត់ផ្គង់។ តើ​វា​អាច​ប្រឈម​យ៉ាងណាខ្លះ​នៅពេល​គ្មាន​ភ្លៀង​នៅក្នុង​រដូវ​ប្រាំង​ដែល​​​​​អាច​ផ្គត់ផ្គង់​បាន​ប៉ុន្មាន​ម៉ែត្រ​​គុប​?»។

លោក​ថា៖ «កន្លងមក ផ្នែក​ទឹកស្អាត​ឯកជន គឺគាត់​យ​ក​ប្រភពទឹក​ពីកន្លែង​ណា​ដែល​មា​ន​​ប្រភពទឹកស្រាប់ សម្រាប់​ផ្គត់​ផ្គង់​ប៉ុន្តែ​បើសិនជា​ជួប​បញ្ហា​គ្រោះ​​ធម្មជាតិ​អ៊ឹ​ចឹ​ង ប្រហែ​ល​ជា​គាត់​អត់​មានលទ្ធភាព​ដោះស្រាយ​ទេដូច្នេះ​រដ្ឋ​ត្រូវ​ចូល​រួម​ជួយ​អន្តរា​គម​ន៍ ព្រោះ​ប្រភពទឹក​នេះ គឺ​ប្រភពទឹក​ឆៅ​ធម្មជាតិភូមិ​សា​ស្ត្រ​​ មាន​គឺមាន តែបើ​អត់​គឺ​អត់​ហើយ​ ដែល​យើង​រាល់ថ្ងៃ​នៅ​ប្រឈម​កន្លែង​ហ្នឹង»។

លោក អៀង វង្សរិទ្ធី តំ​ណាង​សិ​ប្ប​ក​ម្ម​ទឹ​ក​ស្អា​ត​ព្រែ​ក​ថ្មី ស្ថិ​ត​ក្នុ​ង​ស្រុ​ក​កោះ​ធំ​ ​ខេ​ត្ត​ក​ណ្តា​ល​ ​​ឲ្យ​ដឹង​ថា សិ​ប្ប​ក​ម្ម​​របស់​លោក​ ពុំ​ទាន់​ជួ​ប​ប្រ​ទះ​​ការ​ខ្វះ​ខាត​ទឹក​​ទេ​ ​ព្រោះ​តែ​តំ​ប​ន់​រ​ប​ស់​​លោក​ស្ថិ​ត​​នៅ​ជា​ប់​​ទន្លេ​បាសាក់​។ «​ខ្ញុំ​អ​ត់​បា​រ​ម្ភ​ទេ​ ព្រោះ​ខ្ញុំ​អា​ច​ផ្គ​ត់​ផ្គ​ង់​ទៅ​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែល​ប្រើ​ប្រា​ស់​​ទឹ​ក​ស្អា​ត​ខ្ញុំ​ ​បា​ន​គ្រ​ប់​គ្រា​ន់​ចំ​នួ​ន ២ ឃុំបើ​ទោះ​ជា​ក្នុ​ង​រ​ដូ​វ​វ​ស្សា ឬ​រ​ដូ​វប្រាំង។ គ្រា​ន់​តែ​ច​ង់​ស្នើ​ឲ្យ​ជួ​យ​ផ្នែ​ក​ប​ច្ចេ​ក​ទេ​ស ​និង​ថ​វិ​កា​​ ​ព្រោះ​យើ​ង​អ្ន​ក​រ​ក​​ស៊ី​តូច​​តាច»។

ចំ​ណែ​កលោក ឈាង សុខា តំណាង​សិប្បកម្ម​ទឹកស្អាត​កំព​ង់ត្រាច ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្ត​កំ​ពត ​ថ្លែង​ថា បើទោះជា​បច្ចុប្បន្ន សិប្បកម្ម​ផ្គត់​ផ្គង់ទឹកស្អា​តរបស់​លោក​ មិនទាន់​ជួប​ប្រទះ​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ចែកចាយ​​ដល់​ពលរដ្ឋ តែ​​លោក​​នៅ​តែ​បារម្ភ ព្រោះថា អាកាសធាតុ​ក្នុងពេល​ខាងមុខ អាច​ប្រឈម​បញ្ហា​ក្តៅ​ហួតហែង​ជាង​នេះ ដែល​ធ្វើ​ឲ្យ​ប្រភពទឹក​អាច​រីងហួត​អស់។

«បញ្ហា​នេះ វា​បាន​កើត​ឡើងជា​ច្រើនដង​មក​ហើ​យ​​​ដែល​បង្ក​ការ​លំបាកដល់​ប្រជា​ពលរដ្ឋ នៅពេល​សិប្បកម្ម​ខ្ញុំ ពុំមាន​ទឹក​ផ្គត់ផ្គង់​ដល់​ពួក​គាត់​គ្រប់​គ្រាន់។ តែ​នៅ​ពេល​នេះ ក្រសួង​បាន​ប្រកាស​ជាមុន ឲ្យ​យើង​ដឹង និង​ត្រៀម​​​ខ្លួន ដូច្នេះ យើង​បាន​ត្រៀម​រួច​ហើយ»។

លោក​ ​ចាន់ យុ​ត្ថា លោក ​យិន សាវុធ និង​លោក ម៉ៅ ហាក់ ដែលជា​អ្នកនាំពាក្យ​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម​មិន​អាច​​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បា​ន​ទេ​ កាលពី​ម្សិលមិញ ដោយ​សារ​តែ​​ទូរស័ព្ទ​ចូល​មិនមាន​អ្ន​ក​​​ទទួល។

ប៉ុន្តែ​កាលពី​ខែមករា​ក្រសួ​ង​ធនធានទឹក បាន​ព្យាករ​​ថាក្នុង​រដូវប្រាំង​​ឆ្នាំ ២០១​៩ ​នេះ កម្ពុជា​នឹង​ទទួល​រង​​ឥទ្ធិព​ល​បា​តុ​​ភូ​ត​អែល​នី​ណូ (El Nino) ដោយ​ប្រយោល ដែល​ធ្វើ​ឲ្យ​សីតុណ្ហ​ភាព​ឡើង​កម្តៅ​ខ្លាំង ជា​​​ពិសេស​គឺ​ចាប់​ពី​ចុង​ខែ​មីនា រហូត​ដល់​ចុង​ខែ​ឧសភាសីតុ​ណ្ហ​ភាព​​នឹង​ហក់​ឡើង​កម្តៅ​ដល់ពី​ ៤០ ទៅ ៤២ អង្សា​សេ។

លោ​ក ចាន់ ដា​រ៉ុង អ្នក​នាំ​ពា​ក្យ​​​​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​បាន​ថ្លែង​កាល​ពី​ម្សិ​ល​មិ​ញ​ថា​ ​ក្រ​សួ​ង​​ក៏​បា​ន​ដា​ក់​ទិ​ស​ដៅ​​​ឲ្យ​​ពល​រ​ដ្ឋ​នៅ​តា​ម​ទី​ជ​ន​ប​ទ មា​ន​ទឹ​ក​ស្អា​ត​​ប្រើ​ប្រា​ស់ ១០០ ​ភាគ​រយ ក្នុ​ង​ឆ្នាំ​ ២០​២៥ ផ​ង​ដែ​រ​ ​ខណៈក្រ​សួ​​​ង​ ​បានត្រៀម​​រួច​​ជា​ស្រេ​ចនៅ​តា​ម​​ទី​ជ​ន​ប​ទ ចំពោះ​ប​ញ្ហា​គ្រោះ​រាំង​ស្ងួតដែ​ល​នឹ​ង​កើ​ត​ឡើ​ង​ក្នុ​ង​ឆ្នាំ​នេះ។

លោ​ក​​ថា​៖ «​ជា​វិ​ធា​ន​​កា​រ​រ​ប​ស់​ក្រ​សួ​ង​ហ្នឹ​ង​តា​ម​រ​យៈ​កា​រ​ជី​ក​អ​ណ្តូ​ង​ឲ្យ​បា​ន​ជ្រៅ​ ​ដែ​ល​ធានា​ឲ្យ​មា​ន​ទឹ​ក​គ្រប់​​​គ្រា​ន់​​​អា​ច​ប្រើ​ប្រា​ស់​បា​ន​ទាំង​ខួ​ប​ប្រាំ​ង ខួប​វ​ស្សា ហើយ​នៅ​ពេ​ល​យើ​ង​ជួ​ប​ប្រ​ទះ​គ្រោះ​រាំ​ង​ស្ងួ​ត​អ៊ីចឹ​ង។​ ប៉ុ​ន្តែ​យើ​ង​មិន​ទាន់​ហ៊ាន​​ស​ន្និ​ដ្ឋា​ន​​បា​ន​ទេថា វិ​ធា​ន​កា​រ​របស់​យើ​ង​ហ្នឹ​ង​ ​អា​ច​ទ​ប់​ស្កា​ត់​បា​ន​ ១​០០​% ព្រោះ​តែ​យើ​ង​មិ​ន​ដឹ​ង​ថា​ គ្រោះ​រាំង​ស្ងួតដែ​ល​នឹ​ង​ឈា​ន​ម​កដ​ល់​ហ្នឹ​ង វា​មាន​ទំហំ​ប៉ុនណា»។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ខែ​មករា ក្រសួង​ធនធាន​ទឹក​ក៏ដូចជា​រដ្ឋាភិបា​ល បាន​ណែនាំ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​​លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់វិ​ធា​​នការថែរក្សា​ទឹក​ទុក​ដើម្បី​​ប្រើ​ប្រា​ស់​ក្នុង​រដូវ​​ប្រាំង​នេះ៕

អត្ថបទគួរចាប់អារម្មណ៍