ភ្នំពេញៈ ក្រសួង​មុខងារ​សាធារ​ណៈ​បង្វែរ​សំណុំរឿ​ង​នៃ​ពាក្យ​បណ្តឹង​តវ៉ា​របស់​គ្រូពេទ្យ​ម្នាក់​ឲ្យ​ទៅរដ្ឋ​បាល​ខេត្ត​ប៉ៃលិន ដោយ​បាន​បញ្ជា​ឱ្យ​បង្កើត​គណៈ​កម្មាធិ​ការ​សម្រុះ​សម្រួល​មួយ​ ដើម្បី​ដោះ​ស្រាយ​តាម​នីតិ​វិធី​ ករណី​បណ្ដេញ​គ្រូពេទ្យរូបនោះ ចេញ​ពី​ក្រប​ខ័ណ្ឌ​រដ្ឋ​បន្ទាប់​ពី​មាន​ការ​បង្ហោះ​សារ​ពី​ភាព​អស​កម្ម​ដែល​គាត់បាន​ជួប​ប្រទះ។

ការ​មាន​ចំណាត់​ការ​របស់​ក្រសួង​មុខងារ​សាធា​រណៈ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូពេ​ទ្យ​ម្នាក់​ម្នាក់​នេះ​បានដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ​ក្រសួង​សុខាភិ​បាល ​និង​ក្រសួង​មុខងារ​សា​ធារ​ណៈ​ កាលពី​ថ្ងៃទី ២៤​ មីនា​ ដើម្បី​ស្នើ​ឱ្យស្ថាប័ន​ទាំង ២ នេះ ជួយ​រក​យុត្តិ​ធម៌​ជូន​គាត់។

គ្រូពេទ្យ​នៅ​ខេត្ត​ប៉ៃ​លិន​លោក​ ខឹម មុនី​កុសល​ ត្រូវបាន​លោក​ស្រី​ បាន ស្រីមុំ​ អភិបាល​ខេត្ត​ប៉ៃ​លិ​នចេញ​លិខិត​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​កាលពី​ថ្ងៃ​ទី ១៩ មីនា​ ដោយ​សំអាង​ថា ​គ្រូពេទ្យ​រូបនេះ​បាន​ប្រព្រឹត្ត​កំហុស និង​ការ​ឆ្គាំ​ឆ្គ​ង​ក្នុង​វិជ្ជាជីវៈ។

លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ​ព្រុំ​ សុខា ​រដ្ឋម​ន្ត្រី​ក្រសួង​មុខ​ងារសា​ធារណៈ​ផ្ញើជូន​ទៅកាន់​អភិបា​លខេត្ត​​ប៉ៃលិន​ កាល​ពី​ថ្ងៃទី​ ២៦​ មីនា​ បាន​សង្កត់​ធ្ងន់ថា៖ «ខ្ញុំ​សូម​បង្វែរ​ពាក្យ​បណ្តឹង​តវ៉ា​នេះ​ទៅ​រដ្ឋបា​លខេត្ត​ប៉ៃលិន​ដើម្បី​បង្កើត​គណៈ​កម្មា​ធិ​ការ​សម្រុះស​ម្រួល​ទំនាស់​ពាក់ព័​ន្ធ​នឹង​កិច្ចការ​មុខ​ងារ​សាធា​រណៈ​ខេត្ត​ប៉ៃលិ​ន​ក្នុង​ការ​ដោះ​ស្រាយ​ករណី​នេះ​ឲ្យ​ស្រប​តាម​គោល​ការណ៍​បែប​បទ និង​នីតិវិធី​ដែល​មាន​ជា​ធរមាន»។

នៅ​ក្នុង​លិខិត​នោះ​លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា គឺ​អនុ​លោម​ទៅតាម​មាត្រា​ ៦៧​ ដល់​មាត្រា​ ៧០ នៃ​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ ​ដោយ​ឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ដទៃ​ទៀត ​ហើយ​បានរំ​ពឹង​ថា អភិ​បាល​ខេត្ត​នេះនឹង​ដោះ​ស្រាយ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។