
ភ្ញៀវទេសចរពេលដើរកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុពីថ្ងៃទី ២៤ ធ្នូ។ ហុង មិនា
ភ្នំពេញៈ ក្រសួងទេសចរណ៍បានជំរុញឲ្យមានការគ្រប់គ្រងនៅតាមគោលដៅទេសចរណ៍ ដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ ជាពិសេសខណៈពលរដ្ឋមួយចំនួនបានចេញទៅកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានាឡើងវិញក្នុងឱកាសឆ្លងឆ្នាំសកលនេះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ចេញថ្ងៃទី ២៩ ខែធ្នូ បានជំរុញឲ្យមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្តបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធាននានាដែលចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
ក្នុងនោះក៏មានតម្រូវឱ្យត្រួតពិនិត្យកម្តៅ ពាក់ម៉ាស់ លាងដៃ និងបាញ់អាល់កុលឲ្យបានជាប្រចាំនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ផងដែរ។
ជាមួយគ្នានោះ ក៏បានកំណត់ការជួបជុំនៅតាមកន្លែងលម្ហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋានដោយត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានយ៉ាងតិច ១ ម៉ែត្រកន្លះពីគ្នា និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឲ្យបានហ្មត់ចត់ទៀតផង។
លោក តាំង សុចិតគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានកត់សម្គាល់ថា នៅចុងឆ្នាំនេះភ្ញៀវទេសចរបានកក់បន្ទប់សណ្ឋាគារធំៗ ខណៈសណ្ឋាគារ និងផ្ទះសំណាក់ធម្មតាមិនបានទទួលការកក់ច្រើនទេ។
សណ្ឋាគារធំៗមិនមានច្រើនទេនៅខេត្តព្រះសីហនុ ហេតុនេះភ្ញៀវទេសចរដែលមកស្នាក់នៅតាមសណ្ឋាគារធំៗក៏មិនប្រាកដថាចេញដើរកម្សាន្តច្រើននៅតាមតំបន់ឆ្នេរនោះដែរ។
លោកថ្លែងថា៖ «ភ្ញៀវស្នាក់នៅសណ្ឋាគារធំៗមិនសូវជាទៅឆ្នេរទៅអីច្រើនទេ ខ្លះទៅលេងតំបន់កោះអីចឹងទៅ ហើយខេត្តយើងក៏គ្មានរៀបចំព្រឹត្តិការណ៍អ្វីដែរឆ្នាំនេះ មានតែការយកចិត្តទុកដាក់ពង្រឹងនូវសន្តិសុខសុវត្ថិភាព សម្អាតឆ្នេរ បរិស្ថាន សណ្តាប់ធ្នាប់អនាម័យ ពិនិត្យកម្ដៅ គម្លាតអីផ្សេងៗហ្នឹង»។
យ៉ាងណាលោក សុចិតគ្រឹស្នា ប្រាប់ថា មានបញ្ហាប្រឈមមួយចំនួនជុំវិញការទប់ស្កាត់កូវីដ១៩ ដោយសារតែពលរដ្ឋខ្លះហាក់មិនសូវចូលរួមអនុវត្តតាមការណែនាំទេ ហើយមានអ្នកខ្លះយល់ថា គ្មានបញ្ហាកូវីដទៀតផង។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងដែរថា ឆ្នាំនេះអាជ្ញាធរខេត្តបានរៀបចំមានលក្ខណពិសេសជាងឆ្នាំមុនៗដោយសារតែមានជំងឺឆ្លង។
ជាការអនុវត្តរាល់វិធានការគឺតម្រូវឱ្យគ្រប់ភោជនីយដ្ឋាន សណ្ឋាគាររៀបចំឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការជំងឺកូវីដ ១៩ ហើយជាលទ្ធផលម្ចាស់អាជីវកម្មមានការយល់ដឹងច្រើនដោយអនុវត្តបានល្អ។
ចំណែកលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងថា ពេលចាប់ផ្តើមមានព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ភ្ញៀវទេសចរដើរកម្សាន្តមានការថយចុះ ប៉ុន្តែនៅ ២ សប្តាហ៍ចុងក្រោយនេះភ្ញៀវបានកើនឡើងវិញខ្លះ។
លោកបានថ្លែងថា៖ «យើងសង្កេតឃើញថា ២ សប្តាហ៍មកនេះភ្ញៀវចាប់ងើបឡើងវិញ ដែលកាលពីធ្លាក់ចុះនោះគឺធ្លាក់ក្នុងរង្វង់ក្រោម ១ ម៉ឺននាក់ ក្នុង ១ សប្តាហ៍ តែឥឡូវយើងឡើងដល់ ២ ម៉ឺនវិញ...ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលកាលហ្នឹងសម្តេចមិនទាន់ប្រកាសបិទទេ គ្រាន់ថាយើងមើលទៅហាក់ដូចជា គ្រប់គ្រងបានអ៊ីចឹងភ្ញៀវផ្តើមឡើងមកវិញ»។
ស្រដៀងគ្នានេះដែរ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានប្រាប់ថា ភ្ញៀវទេសចរនៅតែបន្តមកលេងកម្សាន្តជាបន្តបន្ទាប់ទោះបីជាមានវិបត្តិកូវីដ១៩ ក្ដី។ ជាក់ស្តែងការកក់ផ្ទះសំណាក់ សណ្ឋាគារនៅថ្ងៃទី ៣០ ខែធ្នូ មានប្រមាណជា ៦០ ភាគរយ។
លោកថា៖ «បើមើលជាក់ស្តែងពេលនេះមានការកក់បន្ទប់ ៦០ ទៅ ៧០ ភាគរយហើយអ៊ីចឹងខ្ញុំគិតថា ល្មមដល់ថ្ងៃឆ្លងឆ្នាំការកក់បន្ទប់ពីភ្ញៀវទេសចរអាចនឹងមានឡើងលើសនេះ» ។
ដោយឡែកលោក ដុស ប៉ុន ប្រធានការិយាល័យជួរមុខនៃសណ្ឋាគារសុខាសីហនុអះអាងថា បានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងប្រុងប្រយ័ត្នទាំងបុគ្គលិក និងភ្ញៀវចូលទៅសម្រាកដោយតម្រូវឱ្យពាក់ម៉ាស់ពិនិត្យកម្ដៅ បាញ់អាល់កុល និងមានឱ្យពាក់ស្រោមដៃទៀតផង។
លោក ប៉ុន បញ្ជាក់ថា៖ «យើងមានវិធានការការពារទាក់ទងជាមួយបុគ្គលិក និងភ្ញៀវមានគ្រប់ទាំងអស់ដូចអ្វីដែលខាងក្រសួងសុខាភិបាលបានដាក់ចេញអ៊ីចឹងទៅ ព្រោះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែកន្លែងរបស់ពួកយើងនេះជាកន្លែងដែលប្រឈម»។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា តាមការប៉ាន់ស្មានភ្ញៀវទេសចរផ្ទៃក្នុងកម្ពុជាអាចនឹងមានការថយចុះ ២០% ខណៈភ្ញៀវទេសចរអន្តរជាតិអាចថយចុះប្រមាណ ៨០% ក្នុងឆ្នាំ ២០២០៕