ភ្នំពេញៈ ​ក្រសួងមហាផ្ទៃ​បាន​​ដាក់​ឱ្យ​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​ធានា​សុវត្ថិភាព​ជាង​មុន សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ខណៈ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ដែល​ពលរដ្ឋ​កំពុង​ប្រើប្រាស់​នៅមាន​តម្លៃ​ស្មើ និង​អាច​ប្រើប្រាស់​បាន​រហូត​ដល់​អស់​សុពលភាព​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ១១ វិច្ឆិកា ឆ្នាំនេះ​បាន​ឲ្យ​ដឹងថា ការដាក់ឱ្យ​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​គឺ​ក្នុង​គោលបំណង​ធ្វើឲ្យ​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ​កាន់តែ​មាន​លក្ខណៈ​សុវត្ថិភាព​ខ្ពស់​។ សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ គឺមាន​សញ្ញា​សុវត្ថិភាព​ពិសេស​ (Hologram) ​ខុសពី​គំរូ​ចាស់​។

ក្រៅពី​ប្រកាស​យ៉ាង​ដូច្នេះ ក្រសួង​មហាផ្ទៃ​ក៏​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាញយក​ (Download) ​កម្មវិធី GDI eServices តាមរយៈ​ Link ខាងក្រោម​ផងដែរ ដើម្បី​សួរ​ព័ត៌មាន និង​ឆ្លើយតប​នូវ​រាល់​សំណួរ សំណូមពរ ទាក់ទង​នឹង​អត្តសញ្ញាណកម្ម​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​ដែល​អាច​ទាញ​បាន​ទាំងនោះ​រួមមាន ប្រព័ន្ធ​ប្រតិបត្តិការ​ (iOS) សូម Download App Store : https://apps.apple.com/us/app/gdi-news/id1400866008​។ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ (Android) សូម Download Google Play: https://play.google.com/store/apps/details ឬ​ទាក់ទង​រៀងរាល់​ម៉ោង​ធ្វើការ មកកាន់​ទូរស័ព្ទ​ប្រចាំការ (Call Center) ​លេខ 1271 ​ដោយ​ឥតគិតថ្លៃ​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ​»​។

លោក តុប នេត អ្នកនាំពាក្យ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ​ពី​ម្សិលមិញ​ថា សន្លឹក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​គឺ​អាច​បង្កើន​សុវត្ថិភាព​ជាង​មុន​ព្រោះ​មាន​ភ្ជាប់​សញ្ញា Hologram នៅ​ពី​ក្រោយខ្នង​។

លោក​ថា​៖ «​តាមពិត​សន្លឹកប័ណ្ណ​នេះ គឺ​បង្កើន​សុវត្ថិភាព​ចៀសវាង​មាន​ការក្លែងបន្លំ និង​ងាយស្រួល​ជាង​មុន សម្រាប់​អ្នកប្រើប្រាស់​ដោយ​វា​មានភ្ជាប់​ជាមួយ​នឹង​សញ្ញា​សុវត្ថិភាព ដែល​ហៅថា Hologram អាច​បង្ហាញ​យ៉ាងច្បាស់ ដោយ​មាន​ពន្លឺ​ផ្លេកៗ​នៅពេល​ថតចម្លង​»​។

លោក​បាន​ពន្យល់ថា ចំពោះ​សន្លឹក​ប័ណ្ណ​ចាស់ និង​សន្លឹកប័ណ្ណ​ថ្មី​គឺ​ខុសគ្នា​ត្រង់​Hologram តែ​សុពលភាព​គឺមាន​រយៈពេល​ ១០ ​ឆ្នាំ​ដូចគ្នា​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​គាត់​មាន​អត្តសញ្ញាណប័ណ្ណ​កំពុង​ប្រើប្រាស់​ហើយ​គឺ​គាត់​អាច​បន្ត​ប្រើប្រាស់​បាន​រហូត​ដល់​អស់​សុពលភាព​ជាធម្មតា​។ ​ប៉ុន្តែ​សម្រាប់​បងប្អូន​ពលរដ្ឋ​ដែល​​មិនទាន់​មាន​អត្តសញ្ញាណប័ណ្ណ​​ហើយ​គាត់​ទៅធ្វើ នោះ​ក្រសួង​មហាផ្ទៃ​នឹង​ចេញ​គំរូ​ថ្មី​ជូន​...»​។

គិត​ត្រឹម​ខែ​វិច្ឆិកា អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ​បាន​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ពលរដ្ឋ​ខ្មែរ​​ទាំង​ ២ ​ភេទ​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ​​ឡើង​ទៅ​ជាង​ ១១ ​លាន​នាក់​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​សាទរ​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​មាន​​សញ្ញា​សុវត្ថិភាព​ពិសេស​នេះ​។

ក៏ប៉ុន្តែ​លោក​បាន​សំណូមពរ​ឱ្យ​យកចិត្ត​ទុកដាក់​លើ​ ៤ ​ចំណុច​បន្ថែមទៀត ដោយ​ «​ទី​១ គួរ​បង្កើន​គុណភាព​នៃ​សន្លឹក​អត្តសញ្ញាណប័ណ្ណ ពីព្រោះ​សន្លឹក​មុន​មាន​គុណភាព​ទាប​ណាស់ ពលរដ្ឋ​ប្រើប្រាស់​មិនបាន​ប៉ុន្មាន​ផង​ក៏​រលុប​ និង​របើក​អស់​។ ​ទី​២ ​ត្រូវ​ពិនិត្យ​ឡើងវិញ​ការប្រើប្រាស់​រូប​ទង់ជាតិ​ខ្មែរ​នៅលើ​សន្លឹក​ប័ណ្ណ​ឱ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​រូប​ទង់ជាតិ​ដែល​បាន​ប្រើប្រាស់​កន្លងមក​ដូចជា​ខុសពី​ទម្រង់​នៃ​រូប​ទង់ជាតិ​ដែល​បាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣​។ ទី​៣ សូម​លើកកម្ពស់​ការការពារ​ឯកជនភាព និង​សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ និង​ទី​ ៤ ត្រូវ​ធានា​អភិបាលកិច្ច​ល្អ​ក្នុង​ការចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​សូម​ចេញ​ប័ណ្ណ​ឱ្យ​ទាន់​ពេលវេលា និង​មិនមាន​អំពើ​ពុករលួយ​»៕

វីដេអូ៖