ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ជួន ណារ៉ុន បានអនុញ្ញាតជាគោលការណ៍ឱ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់អាចដំណើរការឡើងវិញនូវសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ប៉ុន្តែត្រូវអនុវត្តនូវគោលការណ៍ប្រតិបត្តិស្តងដា (SOP) ឱ្យម៉ឺងម៉ាត់។
យោងតាមលិខិតចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន ចុះថ្ងៃទី ២២ ខែតុលា បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាលក្នុងការប្រើប្រាស់សេវាទាំងអស់នេះក្រសួងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងលិខិតនោះថា «គ្រឹះស្ថានសិក្សាទាំងអស់អាចដំណើរការនូវសេវាទាំងអស់នេះដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ករណីក្រសួងពិនិត្យឃើញថាគ្រឹះស្ថានណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដានេះ ក្រសួងនឹងអនុវត្តវិធានការនានាដែលមានជាធរមាន»។
តាមគោលការណ៍ (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិស្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងបរិបទជំងឺកូវីដ ១៩ បានលើកឡើងថា សម្រាប់សេវាដឹកសិស្សត្រូវរម្ងាប់មេរោគក្នុងរថយន្តនៅមុនពេល និងក្រោយពេលដឹកសិស្ស បើកបង្អួច ឬវាំងននក្នុងរថយន្តឱ្យខ្យល់ចេញចូលបានល្អ ករណីរថយន្តបើកម៉ាស៊ីនត្រជាក់ សូមរក្សាសីតុណ្ហភាពមិនឱ្យទាបជាង ២៤ អង្សាសេ។
គោលការណ៍នេះបន្ថែមថា៖ «អ្នកបើកបរ និងសិស្សត្រូវពាក់ម៉ាស់ ឬរបាំងការពារឱ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំពេលធ្វើដំណើរក្នុងរថយន្ត ពិនិត្យកម្ដៅសិស្សមុនអនុញ្ញាតឱ្យឡើងជិះរថយន្ត ហើយប្រសិនបើឃើញមានសិស្សណាកម្ដៅលើសពី ៣៧,៥ អង្សាសេ ឬមានជំងឺផ្តាសាយមិនត្រូវអនុញ្ញាតឱ្យឡើងជិះរថយន្តនោះទេ ហើយណែនាំឱ្យរកសេវាព្យាបាលសមស្រប។ ត្រូវលាងដៃឱ្យបាន ២០ វិនាទី មុនពេលឡើងក្នុងរថយន្ត និងត្រូវអង្គុយទុកចន្លោះ ១ កៅអីពីគ្នា»។
សម្រាប់សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសកម្មភាពសិល្បៈ គឺត្រូវរម្ងាប់មេរោគក្នុងបណ្ណាល័យ តុ កៅអី ដៃទ្វារ បង្អួច និង សម្ភារលេងកីឡា និងសម្ភារសិល្បៈមុននឹងយកទៅប្រើប្រាស់។ បណ្ណារក្ស និងអ្នកសិក្សាត្រូវពាក់ម៉ាស់ ឬរបាំងការពារជាប្រចាំ និងអនុវត្តវិធានការគម្លាតសុវត្ថិភាពជាដើម។
ចំពោះសេវាអាហារដ្ឋានវិញ (SOP) ឱ្យរម្ងាប់មេរោគនៅកន្លែងទទួលទានចំណីអាហារ ដូចជា តុ កៅអី ឱ្យបានញឹកញាប់ជាប្រចាំ មុន និងក្រោយពេលប្រើប្រាស់។ រីឯអ្នកចម្អិនម្ហូបអាហារ និងអ្នកលក់ចំណីអាហារត្រូវប្រកាន់ខ្ជាប់អនាម័យ និងចំណីអាហារឱ្យបានឆ្អិនល្អ...ជាដើម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា គ្រឹះស្ថានសិក្សាឯកជនអាចចាប់ផ្តើមឡើង ក្រោយពេលឆ្លើយតបតាមគោលការណ៍ SOP នេះ។
លោកបានបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡាសូមផ្ញើសារជូនដល់អ្នកផ្តល់សេវា និងអ្នកទទួលសេវាពាក់ព័ន្ធករណីនេះទាំងអស់ ដើម្បីបន្តបង្កើនការប្រុងប្រយ័ត្ននៅក្នុងការអនុវត្តប្រតិបត្តិស្តង់ដា (SOP) ដែលក្រសួងបានចេញជាធរមានកាលពីខែសីហា និង SOP បន្ថែមទាក់ទងនឹងករណីថ្មីនេះ»។
លោក រស់ សុវាចា បានបន្តថា ក្រសួងមិនមានការកំណត់កាលបរិច្ឆេទតែមួយទេ តែអាស្រ័យលើការរៀបចំឆ្លើយតបពីគ្រឹះស្ថានសិក្សាឯកជនរៀងៗខ្លួន ក្រោយពីទទួលលិខិតនេះ ហើយទាល់តែអនុវត្តតាម SOP បន្ថែមនេះ ទើបអាចអនុវត្តទៅតាមលិខិតរបស់ក្រសួងនេះបាន។
នាយកសាលាអង្គរកម្ពុជាដែលមានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ លោក សាន់ សុខុម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា សាលារបស់លោកបានដំណើរការសេវារថយន្តដឹកសិស្សតាំងពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែបានអនុវត្តត្រឹមត្រូវតាមស្តង់ដាណែនាំរបស់ក្រសួង។
លោកបានថ្លែងថា៖ «ក្នុងរថយន្តមួយ យើងដាក់តែសិស្សចំនួន ១៥ នាក់ប៉ុណ្ណោះ ហើយយើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងអនុស្សរណៈនៃការយោគយល់គ្នាព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលមានជាធរមាន»៕
វីដេអូ៖