ភ្នំពេញៈ ជំនន់ទឹកភ្លៀងបានកើតឡើងជាថ្មីទៀតនៅតាមបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅជាប់ព្រំដែនថៃ និងឡាវ ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដើម្បីទប់នឹងស្ថានការណ៍ ក្រសួងធនធានទឹកពីម្សិលមិញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធឲ្យត្រៀមលក្ខណៈ ដើម្បីបង្ការ និងឆ្លើយតបជាបន្ទាន់ទៅនឹងជំនន់ទឹកភ្លៀងដែលនឹងកើតមានសាជាថ្មី។
បើតាមក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃម្សិលមិញ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ ភ្លៀងនៅតែបន្តធ្លាក់នៅឡើយក្នុងកម្រិតពីតិចទៅច្រើន។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមក៏បានចេញសេចក្ដីជូនដំណឹងមួយដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធត្រៀមលក្ខណៈ ដើម្បីបង្ការ ទប់ទល់ និង ឆ្លើយតបជាបន្ទាន់ទៅនឹងស្ថានភាពនៃជំនន់ទឹកភ្លៀងដែលនឹងកើតមានសាជាថ្មីម្ដងទៀតនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ និងឡាវ។
សេចក្ដីជូនដំណឹងគូសបញ្ជាក់ថានៅពេលនេះប្រព័ន្ធសម្ពាធខ្ពស់បានធ្លាក់ចុះសង្កត់លើប្រព័ន្ធសម្ពាធទាបដែលកំពុងស្ថិតគងនៅពីលើបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ធ្វើឲ្យប្រព័ន្ធសម្ពាធទាបរំកិលធ្លាក់ចុះទៅផ្នែកខាងត្បូងនៃប្រទេសកម្ពុជាសាជាថ្មីឡើងវិញ។ ស្ថានភាពបែបនេះធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងថែមទៀតនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកញ្ញានេះដែលនឹងបង្កឲ្យមានជំនន់ទឹកភ្លៀងកើតឡើងជាថ្មីម្ដងទៀត។
លោក ឱ សេង អធិការស្រុកជាំក្សាន្ត ខេត្តព្រះវិហារប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បន្ទាប់ពីមានភ្លៀងធ្លាក់ ២-៣ ថ្ងៃជាប់ៗគ្នានេះ បានបង្កឲ្យមានការជន់លិចសាជាថ្មីនៅក្នុងឃុំចំនួន ៤ រួមមានឃុំកន្តួត យាង ព្រីងធំ និងឃុំមរកត។
លោក សេង បន្តថា៖ «ក្នុងចំណោមឃុំទាំង ៤ ខាងលើនេះ ឃុំមរកតបានរងការជន់លិចខ្លាំងជាងគេ ពិសេសនៅចំណុចតំបន់មុំបី ទឹកបានជន់លិច និងហូរកាត់ផ្លូវមួយចំនួនហើយ ប៉ុន្តែមិនទាន់មានការជម្លៀសអ្នកភូមិនោះទេ»។
នៅឯខេត្តបន្ទាយមានជ័យ ជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់ពីប្រទេសថៃតាមអូរព្រំដែនបានបង្កការជន់លិចផ្នែកខ្លះនៃក្រុងប៉ោយប៉ែត។ ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត ទឹកបានជន់លិច និងហូរកាត់ផ្លូវហើយកាលពីព្រឹកថ្ងៃអាទិត្យ ខណៈផ្នែកខ្លះទៀតនៃស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកអូរជ្រៅ ទឹកបានជន់លិចភូមិ និងផ្លូវមួយចំនួនរហូតដល់ត្រឹមជង្គង់។ នេះបើតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន។
លោក សុង សុខុម អធិការរងស្រុកស្វាយចេកប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ទឹកបានជន់លិចផ្លូវក្រវាត់ភូមិឃុំមួយចំនួននៅទូទាំងស្រុកស្វាយចេក។ លើកលែងតែផ្លូវខេត្ត និងផ្លូវជាតិសំខាន់ៗដែលកាត់តាមស្រុកនេះប៉ុណ្ណោះដែលមិនទាន់រងការជន់លិចដោយជំនន់ទឹកភ្លៀង។
លោកនិយាយថា៖ «ទឹកបានជន់លិចផ្លូវមុខផ្ទះខ្ញុំក្នុងមូលដ្ឋានភូមិ-ឃុំរលួស ត្រឹមជង្គង់ហើយនៅពេលនេះ។ ខ្ញុំ និងអ្នកភូមិកំពុងរួមគ្នាធ្វើស្ពានឆ្លងពីផ្ទះមួយទៅផ្ទះមួយ ដើម្បីងាយស្រួលធ្វើដំណើរទៅកាន់ទីប្រជុំជនផ្សាររលួស និង មណ្ឌលសុខភាព»។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាជ្ញាធរ កំពុងចុះអន្តរាគមន៍កាយប្រព័ន្ធដៃអូរព្រំដែន និងអូរនាង ដើម្បីបើកផ្លូវទឹកឲ្យហូរចុះទៅផ្នែកខាងក្រោមបានលឿន ខណៈនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត ទឹកបានជន់លិចកំណាត់ផ្លូវមួយចំនួនជាបណ្ដើរៗហើយ។
លោកបញ្ជាក់ថា៖ «នៅពេលនេះសមត្ថកិច្ចយើង កំពុងបន្តចុះជីកកាយពង្រីកដៃអូរមួយចំនួនដែលនៅជាប់អូរព្រំដែន និងស្ដារលូទឹកព្រមទាំងរៀបចំទីតាំងសុវត្ថិភាពមួយចំនួន ដើម្បីត្រៀមបម្រុងសម្រាប់ជម្លៀសអ្នកភូមិមួយចំនួនចេញពីតំបន់រងគ្រោះដោយទឹកជំនន់ ខណៈទឹកអូរព្រំដែនបានហក់ឡើងជាបន្តបន្ទាប់បង្កការជន់លិចភូមិ និងដីស្រែមួយចំនួននៅសង្កាត់ផ្សារកណ្ដាល និង សង្កាត់និម្មិត»។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យឱ្យដឹងថា នៅពេលនេះក្រុមមន្ត្រីជំនាញកំពុងបន្តការចុះត្រួតពិនិត្យ និងកាយពង្រីកដៃអូរមួយចំនួន ដើម្បីរំដោះទឹកចេញពីតំបន់ដែលរងការជន់លិច ខណៈអ្នកភូមិមួយចំនួននៅស្រុកថ្មពួក និងស្រុកអូរជ្រៅ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។
លោកនិយាយថា៖ «នៅពេលនេះលំហូរទឹកកំពុងឆ្ពោះសំយុងទៅកាន់ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបុរីដែលធ្វើឲ្យផ្នែកខ្លះនៃក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរីអាចនឹងប្រឈមការជន់លិចនៅពេលខាងមុខនេះ»។
ដោយឡែកលោក ជា ពិសិដ្ឋ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជំនន់ទឹកភ្លៀងបានបន្តការជន់លិចជាថ្មីនៅក្នុងស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង។ ប៉ុន្តែនៅមិនទាន់បង្កឲ្យមានក្ដីព្រួយបារម្ភអំពីផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករនៅឡើយទេ។
លោកថ្លែងថា៖ «ស្រុកបន្ទាយអំពិលបានជួបការរាំងស្ងួតច្រើនជាងគេដែលកន្លងមកប្រជាកសិករមានក្ដីបារម្ភអំពីកង្វះទឹកសម្រាប់ផ្គត់ផ្គង់ការងារដាំដុះរបស់ពួកគេ ពិសេសដំណាំស្រូវ និងដំឡូងមី។ ជំនន់ទឹកភ្លៀងនៅពេលនេះ បានជួយឲ្យដំណាំស្រូវរបស់ពួកគេមានការលូតលាស់បានល្អ។ ប៉ុន្តែសម្រាប់ដំឡូងមីអាចនឹងរងការខូចខាត បើសិនជាទឹកហូរស្រកទៅវិញយឺត ព្រោះដំណាំដំឡូងមីមិនអាចធន់ទ្រាំនឹងទឹកបានលើសពី ១ សប្ដាហ៍នោះទេ»៕