ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចេញ​សេចក្តី​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​តេឡេក្រាម​ក្រោម​ទម្រង់​ជា​ការក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាភិបាល ឬ​ឈ្មោះ​បុគ្គល​ណាមួយ​ទន្ទឹមគ្នា​នឹង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កំពុង​ស្រាវជ្រាវ​រកជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​កាលពី​ថ្ងៃទី​ ១៥ ខែ​ធ្នូ បានឱ្យដឹងថា ការវាយប្រហារ​តាម​ប្រព័ន្ធ​តេឡេក្រាម​បាន​និង​កំពុង​កើតមាន​ឡើង​គួរឱ្យ​កត់សម្គាល់​ក្នុងពេល​ថ្មីៗ​នេះ​។ ឧក្រិដ្ឋជន​ (Hacker) ​បាន​ធ្វើ​ការវាយប្រហារ​ក្រោម​ទម្រង់​ជាការ​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ឬ​ឈ្មោះ​បុគ្គល​ដទៃ ដើម្បី​បញ្ជូន​មេរោគ​តាម​សារ​ក្នុង​កម្មវិធី​តេឡេក្រាម សម្រាប់​បោក​បញ្ឆោត​អ្នក​ប្រើ​ដែល​គេ​បានកំណត់​មុខសញ្ញា​។

ករណី​អ្នកប្រើប្រាស់​ចុច​បើក​ឯកសារ ឬ​កម្មវិធី​ដែល​មាន​ផ្ទុក​មេរោគ ឧក្រិដ្ឋជន​អាច​ចូល​ទៅ​គ្រប់គ្រង​កុំព្យូទ័រ ឬ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​ពី​ចម្ងាយ​ដោយ​ជោគជ័យ ហើយ​ផ្តល់​លទ្ធភាព​ឱ្យ​ឧក្រិដ្ឋជន​លួច​យក​ទិន្នន័យ​នានា ដូចជា ឯកសារ លេខកូដ​សម្ងាត់​សម្រាប់​កម្មវិធី​ផ្សេងៗ ព្រមទាំង​បញ្ជា​ម៉ាស៊ីនថតរូប និង​ឧបករណ៍​ថត​សំឡេង​ផងដែរ ហើយ​អាច​បន្ត​លួច​ព័ត៌មាន​នៅក្នុង​កុំព្យូទ័រ ឬ​ទូរស័ព្ទ និង​ប្រើប្រាស់​អត្តសញ្ញាណ​ជនរងគ្រោះ​ទៅ​បោក​បញ្ឆោត​អ្នក​ដទៃទៀត​។

មន្ត្រី​ការិយាល័យ​ឆ្លើយតប​បន្ទាន់​នៃ​កុំព្យូទ័រ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា ដើម្បី​ចៀសវាង​ការធ្លាក់​ទៅក្នុង​អន្ទាក់​បោកប្រាស់​របស់​អ្នក​វាយប្រហារ អ្នកប្រើប្រាស់​តេឡេក្រាម គួរតែ​ផ្ទៀងផ្ទាត់ និង​ត្រួតពិនិត្យ​គណនី​របស់​បុគ្គល​ដែល​បាន​ផ្ញើ​សារ​មក​ឱ្យ​បាន​ច្បាស់លាស់​។

លោក​ថ្លែងថា​៖ «​អ្នកប្រើប្រាស់​ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ករណី​សង្ស័យ​បើ​គាត់​មិន​ដែល​ផ្ញើ​សារ​មក​ទេ យើង​អាច​សួរ​បញ្ជាក់​សាមីខ្លួន​ដែល​បាន​ផ្ញើ​សារ​មក​ហ្នឹង តាមរយៈ​លេខ​ទូរស័ព្ទ​ផ្ទាល់​របស់គាត់​ឬអី​ផ្សេងៗ​អ៊ីចឹងទៅ ដើម្បី​បញ្ជាក់ថា អ្វីដែល​គាត់​ផ្ញើមក​ហ្នឹង​ពិត​ឬ​អត់​»​។

ក្រសួង​ប្រៃសណីយ៍​បញ្ជាក់ថា ក្នុង​ករណី​សង្ស័យ អ្នកប្រើប្រាស់​គួរ​ហៅ​ទូរស័ព្ទ​ទៅ​សាកសួរ​ម្ចាស់​គណនី​ដោយផ្ទាល់​តែម្តង​។ ក្រោយពេល​ដឹងថា ម្ចាស់​គណនី​មិនមែន​ជា​ម្ចាស់​គណនី​ពិតប្រាកដ អ្នកប្រើប្រាស់​អាច​បិទ ការទទួល​សារ​ពី​គណនី​នោះ​តាមរយៈ​ការជ្រើសរើស​យក​ពាក្យ​ជា​ភាសា​អង់គ្លេស ដែល​មាន​អក្សរ​ពណ៌​ក្រហម​ថា «Block User»​។

មន្ត្រី​ការិយាល័យ​ឆ្លើយតប​បន្ទាន់​នៃ​កុំព្យូទ័រ ប្រាប់​ថា​ក្រៅពី​នោះ អ្នកប្រើប្រាស់​អាច​បើក​មុខងារ​សុវត្ថិភាព​នៅក្នុង​កម្មវិធី​តេឡេក្រាម​ដែល​ក្នុង​កម្មវិធី​នោះ​មាន​មុខងារ​ឱ្យ​ដាក់​លេខកូដ​ការពារ ក៏ដូចជា​ប្រើប្រាស់​នូវ​មុខងារ​ចាក់សោ​ ២ ​តង់ ផងដែរ​។ បើតាម​មន្ត្រី​ការិយាល័យ​ឆ្លើយតប​បន្ទាន់​នៃ​កុំព្យូទ័រ អ្នក​វាយប្រហារ អាច​អះអាង​ថា ជា​បុគ្គលិក​ថ្មី ឬ​ជា​អ្នកផ្គត់ផ្គង់​សេវា ឬ​ជា​បុគ្គល​ធ្វើការ​នៅ​ស្ថាប័ន​ណាមួយ ឬ​ក៏​ដាក់​រូបភាព​ជា​មិត្តភក្តិ​របស់​អ្នកប្រើប្រាស់​តេឡេក្រាម ហើយ​ធ្វើការ​សាកសួរ​ព័ត៌មាន​ជាច្រើន​ ឬ​ផ្ញើ​ឯកសារ​ណាមួយ​ដើម្បីឱ្យ​អ្នកប្រើប្រាស់​បើក​មើល​។ ឯកសារ​ទាំងនោះ​ច្រើនតែ​អាចពាក់ព័ន្ធ​ទៅនឹង​ប្រធានបទ​ថ្មីៗ​ក្តៅៗ ដែល​ជនរងគ្រោះ​អាចមាន​ចំណាប់អារម្មណ៍​ចង់ដឹង ចង់​អាន ជាដើម​។

ថ្មីៗ​នេះ​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នូវ​វិធីសាស្ត្រ​វាយប្រហារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សារ​ខ្លី ដូចជា Telegram, WhatsApp, Viber, Wechat​។​ល​។ ដើម្បី​ឱ្យ​អ្នកប្រើប្រាស់​តេឡេក្រាម​ចុច​បើក​ទៅលើ​ឯកសារ​ភ្ជាប់​ក្នុង​ទម្រង់​ជា PDF, Words, Excel, PowerPoint​។​ល​។ នេះ​បើតាម​ការផ្សាយ​របស់​ការិយាល័យ​ឆ្លើយតប​បន្ទាន់​នៃ​កុំព្យូទ័រ​។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ចាត់​ឱ្យមាន​ក្រុម​ស្រាវជ្រាវ​ដើម្បី​ស្វែងរក និង​កំណត់​មុខសញ្ញា​ដើម្បី​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ លោក​ថា កន្លងមក​ករណីនេះ​ក៏​ធ្លាប់​កើតមាន​ដែរ​នៅ​កម្ពុជា ប៉ុន្តែ​មិនសូវ​មាន​ផុលផុស​ច្រើន​ឡើយ​។

លោក ពៅ ថ្លែងថា​៖ «​ករណី​ហ្នឹង​ធ្លាប់​កើតមាន​ច្រើន​នៅ​ប្រទេស​គេ ប៉ុន្តែ​នៅ​កម្ពុជា មិន​ធ្លាប់មាន​ផុលផុស​ទេ រឿង​តេឡេក្រាម​នេះ ទើបតែ​កើតមាន​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​ទេ​នៅ​ស្រុក​យើង​»​។

លោក ពៅ បាន​ឱ្យ​ដឹងថា កន្លងមក​នាយកដ្ឋាន​ជំនាញ​បាន​ផ្សព្វផ្សាយ និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ផ្សេងៗ ដើម្បី​ការពារ​ខ្លួន​ពី​ល្បិចបញ្ឆោត​លើ​បណ្តាញ​បច្ចេកវិទ្យា​។

លោក ពៅ ថ្លែងថា​៖ «​សូម​បងប្អូន​កុំ​ចុច​តំណ​ភ្ជាប់​ ឬ​ឯកសារ​សង្ស័យ ដែល​ទទួល​បាន​ក្នុង​ប្រអប់​សារ​អ៊ីមែល ឬ​សារ​កម្មវិធី​ទំនាក់ទំនង​សង្គម​ឧទាហរណ៍ កម្មវិធី Telegram Messenger ជាដើម​។​ល​។ ចៀសវាង​ការទាញយក​ ឬ​ដំឡើង​ឯកសារ​មេរោគ​។ ម្យ៉ាងទៀត សូម​ដំឡើង​បច្ចុប្បន្នភាព​កម្មវិធី​កម្ចាត់​មេរោគ និង​ស្កេន​មេរោគ​ក្នុង​ម៉ាស៊ីន​​កុំព្យូទ័រ​ជាប្រចាំ​»៕