ភ្នំពេញៈ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​អនុញ្ញាត​ឱ្យ​រុះរើ​សំណង់​ប្រាង្គ​វត្តស្វាយពពែ តាម​សំណើ​ព្រះចៅអធិការ​វត្ត ក្រោយ​ពិនិត្យឃើញ​ថា ជា​សំណង់​ចាស់ ទ្រុឌទ្រោម និង​តូចចង្អៀត ប៉ុន្តែ​មាន​ស្ថាបត្យករ​សម្តែង​ការសោកស្តាយ ដោយសារ​ជា​សំណង់​ព្រះពុទ្ធសាសនា​ដ៏កម្រ ដែល​គួរតែ​ថែរក្សា​ឱ្យបាន​គង់វង្ស​។

តាម​សេចក្តីបំភ្លឺ​របស់​ក្រសួង​នេះ​ពី​ថ្ងៃទី​ ៧ ខែ​មីនា បាន​សរសេរ​ថា ក្រុម​ការងារ​ពាក់ព័ន្ធ​បាន​ពិនិត្យឃើញថា ប្រាង្គ​នេះ​ជា​សំណង់​ចាស់​មួយ​រាង​ខ្ពស់​ដែល​កន្លងមក​មាន​ការជួសជុល និង​បំពាក់​ក្បាច់​ថ្មី​ដោយ​ផ្នែកៗ​។ ​រីឯ​កន្លែង​ខ្លះ​មាន​ស្នាម​ប្រេះ​បែក ពុកផុយ ចេញ​ដែក​ច្រែះ កន្លែង​ខ្លះទៀត​មាន​ស្នាម​របក​ថ្នាំ​ដោយ​អន្លើៗ​ហើយ​មាន​មនុស្ស​រស់នៅ​គ្មាន​អនាម័យ និង​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​។

តាម​សេចក្តី​បំភ្លឺថា​ «​ប្រាង្គ​នេះ​មាន​ ២ ​ជាន់ គឺ​នៅ​ជាន់​លើ​ជុំវិញ​រានហាល​មាន​មនុស្ស​ដែល​ពុំមាន​ប្រភព​ច្បាស់លាស់​មក​ស្នាក់នៅ​ពុំមាន​របៀបរៀបរយ និង​គ្មាន​សណ្តាប់ធ្នាប់ បែប​អនាធិបតេយ្យ​។ ចំណែក​ជាន់​ក្រោម​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ជាន់​ខាងលើ​ទៅទៀត ដោយសារ​មាន​ធ្វើ​ខណ្ឌ​ជា​បន្ទប់​ស្នាក់នៅ​មាន​ភាពស្មោកគ្រោក​ព្រមទាំង​គ្មាន​អនាម័យ កម្រាល​ឥដ្ឋ​បាក់បែក និង​ស្រុត​»​។

លិខិត​បំភ្លឺ​ដដែល​ថា ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​ពពែ មាន​ជំហរ​សុំ​ដោយ​ទទូច ក្រសួង​យល់ថា គួរ​អនុញ្ញាត​ឱ្យ​រុះរើ​សំណង់​ប្រាង្គ​នេះ ដោយ​យោង​លើ​តម្រូវការ​ប្រើប្រាស់​ជា​ប្រយោជន៍​ទៅ​ថ្ងៃក្រោយ​។ ​«​ជា​កន្លែង​ព្រះសង្ឃ​គង់ និង​ស្នាក់នៅ ហើយ​ និង​សមណ​សិស្ស និស្សិត មកពី​ខេត្ត​រៀនសូត្រ និង​ស្នាក់នៅ គួបផ្សំ​នឹង​សំណង់​ចាស់​ទ្រុឌទ្រោម ប្រេះបែក ពុកផុយ ស្រុត តូចចង្អៀត​។​ល​។ បារម្ភ​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ ណាមួយ​ដល់​មនុស្ស​ទៅ​ថ្ងៃក្រោយ​»​។

ក្រសួង​វប្បធម៌​បញ្ជាក់​ក្នុង​លិខិត​បំភ្លឺថា កាលពី​ឆ្នាំ​ ២០១៨ ក្រុមការងារ​ក៏​បាន​ថតរូប និង​គូរ​ប្លង់​របស់​សំណង់​ប្រាង្គ​នេះ​ទុកជា​ឯកសារ​រួចរាល់​ហើយ​។

ថ្មីៗ​នេះ​ក្រុម​ការងារ​អន្តរក្រសួង​ក៏បាន​ចុះទៅ​ទទួល​វត្ថុ​សិល្បៈ និង​វត្ថុ​ផ្សេងៗ​​មួយចំនួនទៀត​ដែល​មាន​នៅក្នុង​ប្រាង្គ​នេះ ដើម្បី​យកមក​ថែរក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​រួចរាល់​ហើយ​ដែរ​។

ព្រះតេជព្រះគុណ សួន តេង ជំនួយការ​ព្រះចៅអធិការ​វត្ត​ស្វាយពពែ មាន​សង្ឃដីកា​ថា ប្រាង្គវត្ត​ដែល​កំពុង​រុះរើ​នេះ​មាន​អាយុកាល​ ៩២ ​ឆ្នាំ​ហើយ ដែល​កសាងឡើង​ក្នុង​ពុទ្ធសករាជ​ ២៤៧២ ហើយ​ការរុះរើ​ប្រាង្គវត្ត​នេះ មិនមែន​ធ្វើ​​ឡើង​ដោយ​អត្តនោម័តិ​នោះទេ គឺ​មាន​ការយល់ព្រម​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​។ វត្ត​ស្វាយពពែ ពិតជា​ត្រូវការ​ចាំបាច់​ក្នុង​ការយក​ទីតាំង​សាងសង់​អគារ​ថ្មី​ជា​ប្រយោជន៍​រួម​។

ព្រះតេជព្រះគុណ​បញ្ជាក់ថា​៖ «​អត្មា​មិន​បដិសេធ​ការរិះគន់​ទេ ប៉ុន្តែ​សូមឱ្យ​ពួកគាត់​ពិចារណា​ផងដែរ​ថា វត្ត​ក៏មាន​ផលវិបាក​។ ជាក់ស្តែង​នៅ​ទីនេះ​មាន​សាលារៀន មាន​អ៊ីចឹង​ទៅ ត្រូវការ​ទីតាំង​ដើម្បី​រៀបចំ​ឱ្យមាន​កន្លែង​ព្រះសង្ឃ និង​សិស្ស​និស្សិត​ខ្វះ​លទ្ធភាព​ស្នាក់ ហើយ​ប្រាង្គ​ចាស់​ហ្នឹង​ក៏​យើង​ប្រើ​លែងកើត​ទៀតហើយ​»​។

ទោះជា​យ៉ាងណា ស្ថាបត្យករ​ខ្មែរ​ម្នាក់​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ម្សិលមិញ​ថា លោក​មាន​ការសោកស្តាយ​ប្រាង្គវត្ត​ដែលមាន​ក្បាច់រចនា​ខ្មែរ​ក្រោយ​សម័យអង្គរ​ដែល​ត្រូវបាន​រុះរើ​ចេញ​ព្រោះ​វា​ជា​របស់​កម្រ​ដែល​មកទល់​បច្ចុប្បន្ន រចនាប័ទ្ម​នោះ​នៅ​មាន​តែ​ ៣ ​ប៉ុណ្ណោះ​គឺ​នៅ​វត្ត​ស្វាយ​ពពែ​ ១ ​និង​ចំនួន​ ២ ​ទៀត​ស្ថិត​ក្នុង​វត្ត​នៅ​ខេត្តកំពង់ចាម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​ចង់ឱ្យ​មាន​ការរុះរើ​ទេ ទោះបី​ជា​ស្ថាបត្យកម្ម​ហ្នឹង​វា​កម្រ បើ​និយាយ​ពី​សំណង់​ព្រះពុទ្ធសាសនា​យើង​ក្រោយ​សម័យអង្គរ​ត្រូវតែ​ថែរក្សា ព្រោះ​សំណង់​ព្រះពុទ្ធសាសនា​រងគ្រោះ​ខ្លាំងណាស់​នៅ​សម័យ​រដ្ឋ​កម្ពុជា និង​ខ្មែរក្រហម អ៊ីចឹង​មក​ដល់​សម័យ​សន្តិភាព​វា​គួរតែ​រក្សា​វា​ឱ្យបាន​ព្រោះ​តាម​ឯកសារ​សំណង់​ត្រូវបាន​បាត់បង់​ដោយ​សង្គ្រាម​​ចុះ​មាន​សន្តិភាព​ហើយ ម៉េច​បាន​យើង​បាត់បង់​វា​ទៀត​?»​។

ស្ថាបត្យករ​រូបនោះ​បន្ថែមថា មូលហេតុ​មិន​ចង់ឱ្យ​រុះរើ ព្រោះ​ទីនោះ​ជា​កន្លែង​ស្តង់ដា​សម្រាប់​ស្ថាបត្យករ​សិក្សា​ស្រាវជ្រាវ​។ ​ការបាត់បង់​របស់​បុរាណ​កម្រ​មួយ​គឺ​ស្មើនឹង​បាត់បង់​ឫសគល់​ខ្លួនឯង​ដែល​មាន​អត្តសញ្ញាណ វប្បធម៌ ស្ថាបត្យកម្ម សិល្បៈ និង​ចម្លាក់​ផ្សេងៗ​៕