ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​ឱ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ WhatsApp ប្រុងប្រយ័ត្ន​នឹង​ល្បិច​លួច​ថ្មី​​ដោយ​ការផ្ញើ​ជា​សារ​ឱ្យ​អ្នកប្រើប្រាស់​បញ្ជូន​លេខ​កូដ​ ៦ ​ខ្ទង់​​ ដែល​ងាយ​នឹង​ឱ្យ​ចោរ​បច្ចេកវិទ្យា​ចូល​គ្រប់គ្រង​គណនី​របស់ខ្លួន​ ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ផ្សេងៗ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​។

ជាមួយ​នឹង​ការប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​នេះ ក្រសួង​ក៏បាន​ដាក់ចេញ​វិធានការ​រារាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​ WhatsApp ​នេះ​ដោយ​ស្នើឱ្យ​អ្នក​ប្រើ​រាយការណ៍ ឬ​សុំ​ជំនួយ​បច្ចេកទេស​មកកាន់​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​របស់​ក្រសួង​ផងដែរ​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​នេះ​បាន​ឱ្យដឹង​ពីថ្ងៃ​ទី​ ៥ ​មករា​ថា​៖ «​នាពេល​ថ្មីៗ​នេះ ការវាយប្រហារ​តាម WhatsApp កំពុង​កើតមានឡើង​គួរឱ្យ​ព្រួយបារម្ភ​។ ​ចោរ​បច្ចេកវិទ្យា​បាន​វាយប្រហារ​ដោយ​ក្លែងបន្លំ​ធ្វើជា​ផ្ញើ​សារ​តាម WhatsApp ទៅកាន់​អ្នក​ប្រើ​ (​ជនរងគ្រោះ​) ​ដែល​អាចមាន​ខ្លឹមសារ​ថា «sorry! I sent 6- digit code by SMS by mistake.Can you transfer it to me? It is urgent»​។ ​ខ្លឹមសារ​ទាំងនេះ​ក៏​អាច​ត្រូវបាន​ផ្ញើ​ពី​មិត្តភក្តិ​ ឬ​អ្នក​ដែល​យើង​ស្គាល់​ផងដែរ​ក្នុង​ករណី​ដែល WhatsApp របស់​បុគ្គល​នោះ​ត្រូវបាន​គេ​លួច​រួចហើយ​»​។

បើតាម​ក្រសួង​នេះ ដើម្បី​ចៀសវាង​ធ្លាក់​ក្នុង​អន្ទាក់​បោកប្រាស់ អ្នកប្រើប្រាស់ WhatsApp គួរ​​ត្រួតពិនិត្យ​លើ​ខ្លឹមសារ និង​គណនី​របស់​បុគ្គល​ដែល​បាន​​ផ្ញើ​សារ​មក​នោះ​ឱ្យបាន​ច្បាស់លាស់ និង​មិនគួរ​ធ្វើតាម​ការទាមទារ​នោះទេ​។ ក្នុងករណី​សង្ស័យ អ្នកប្រើប្រាស់​គួរតែ​ទូរស័ព្ទ​ទៅ​សួរ​ម្ចាស់​គណនី​ផ្ទាល់ ហើយ​បើ​ដឹងថា មិនមែន​ជា​ម្ចាស់​ពិតប្រាកដ អ្នកប្រើប្រាស់​អាច​បិទ​ការទទួល​សារ​នោះ តាមរយៈ​ពាក្យ​ជា​ភាសា​អង់គ្លេស​​ថា block​។

ក្រសួង​បាន​បន្ថែមថា​៖ «​អ្នកប្រើប្រាស់​ទាំងអស់​មិនត្រូវ​ផ្ញើ​សារ​លេខ​ ៦ ខ្ទង់​ ទៅឱ្យ​អ្នក​ប្រើប្រាស់​ដទៃ​នោះទេ​បើទោះ​ជា​មនុស្ស​ដែល​ធ្លាប់​ស្គាល់គ្នា ឬ​ធ្លាប់​ផ្ញើ​សារ​ជាមួយគ្នា​រាល់ថ្ងៃ​ក៏ដោយ ជាពិសេស​លេខ​កូដ​ ៦ ​ខ្ទង់​នៃ​កម្មវិធី​បណ្តាញ​សង្គម ដូចជា WhatApp Telegram Messenger Viber line ឬ​កម្មវិធី​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ជាដើម​»​។

ក្រសួង​ប្រៃសណីយ៍​បន្ថែម​​ដែរ​ថា ក្នុងករណី​អ្នកប្រើប្រាស់​បាន​បញ្ជូន​លេខកូដ​ ៦​ ខ្ទង់ ​ដែល​បាន​ពី​ក្រុមហ៊ុន​ WhatsApp នោះ​ចោរ​បច្ចេកវិទ្យា​អាច​ចូល​គណនី WhatApp របស់​អ្នកប្រើប្រាស់ ដោយ​ប្រើ​លេខ​ ៦ ​ខ្ទង់​នោះ និង​លេខ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​បាន​ដោយ​ជោគជ័យ​។

លោក ង៉ែត មុសេ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ការប្រើ​វិធីសាស្ត្រ​​ថ្មីៗ​នេះ​គឺជា​ឥរិយាបថ​របស់​ចោរ​បច្ចេកវិទ្យា​ដែល​តែង​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ឱ្យ​អ្នក​ប្រើ​ចាញ់បោក​ទៅតាម​ឧបាយកល​ទាំងនោះ​។ ​

លោក​បន្តថា តាមរយៈ​បទពិសោធ​ដែល​ធ្លាប់​ជួប​ប្រទះ​គឺជា​ចេតនា​របស់​ចោរ​ក្នុង​​ការលួច​យក​គណនី​មក​បោកបញ្ឆោត​ដើម្បី​ទទួលបាន​លុយកាក់​ ឬ​លួច​ទិន្នន័យ និង​ឯកសារ​មួយចំនួន​ពី​អ្នកប្រើប្រាស់​។

លោក​បញ្ជាក់ថា​៖ «​ពួកចោរ​បច្ចេកវិទ្យា​ទាំងនេះ តែង​ស្វែងរក​មធ្យោបាយ​ថ្មី បន្ទាប់ពី​អ្នកប្រើប្រាស់​បានដឹង​ពី​វិធីសាស្ត្រ​នៃ​ការវាយប្រហារ​មុនៗ​ដែល​នាំឱ្យ​អ្នកប្រើប្រាស់​ដែល​ខ្វះ​ការពិចារណា​នឹង​បន្ត​ចាញ់បោក​។

នៅពេល​យើង​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​លេខ​ទូរស័ព្ទ​របស់​យើង​នឹង​ក្លាយ​ទៅ​​ជា​វិធីសាស្ត្រ​ដែល​ឱ្យ​ក្រុមចោរ​បច្ចេកវិទ្យា​ធ្វើ​សកម្មភាព​»​។

ជាមួយ​នឹង​ការបកស្រាយ​យ៉ាង​ដូច្នេះ​លោក ង៉ែត មុសេ បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន ជាពិសេស​នៅតាម​ស្ថាប័ន​ធំៗ មិន​ថា​តែ​ស្ថាប័ន​ឯកជន ឬ​រដ្ឋ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទាំងនេះ​សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការបំពេញ​ការងារ ខណៈ​លោក​លើកទឹកចិត្ត​ឱ្យ​​ធ្វើ​របាយការណ៍​ជាក់លាក់​អំពី​ហេតុការណ៍​ដែល​ខ្លួន​ជួបប្រទះ​​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស​គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នោះ​ដោយផ្ទាល់​៕