ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានជំរុញអង្គការ WCS ឱ្យពន្លឿនការបំពេញនីតិវិធីហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលត្រូវផុតកំណត់ត្រឹមថ្ងៃទី ១៥ ខែធ្នូ នេះ សម្រាប់អនុវត្តគម្រោងអភិរក្សសត្វខ្សឹប និងជំរុញផលិតកម្មស្រូវក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតក្នុងខេត្តកំពង់ធំ បន្ទាប់ពីអង្គការ WCS មាន ការយឺតយ៉ាវលើដំណើរការនេះ។
ការជំរុញបែបនេះធ្វើឡើងដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference កាលពីម្សិលមិញ ដោយលោកបានណែនាំជាកំហិតឱ្យ WCS បំពេញតាមបែបបទរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាធរមានឱ្យបានឆាប់បំផុតដោយមិនឱ្យលើសពីថ្ងៃទី ១៥ ខែ ធ្នូ នេះទេ។
លោកបានថ្លែងថា៖ «ការដែលតម្រូវឱ្យបញ្ចប់នេះគឺដើម្បី ឱ្យក្រសួងធនធានទឹក និងឧតុនិយមបន្តនីតិវិធីលើប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ក្នុងខេត្តកំពង់ធំឱ្យបានឆាប់បានខាងមុខនេះ»។
ពាក់ព័ន្ធនឹងញ្ហាភាពយឹតយ៉ាវនេះ លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានស្នើសុំមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ ក៏ ប៉ុន្តែលោកបានឱ្យ ដឹងថា គម្រោងនេះជាផ្នែកមួយដែលធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមាទៅលើហានិភ័យពាក់ព័ន្ធនឹងជម្រកសត្វស្លាបដែលជាប្រភេទសត្វកម្រ ជាពិសេសប្រភេទសត្វខ្សឹប។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលមានគម្រោងរៀបចំប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដើម្បីបានទឹកស្រោចស្រពនៅតំបន់នេះជាមួយ ADB។ ដល់អ៊ីចឹងទៅកិច្ចការងារបរិស្ថាន អភិរក្សបានដើរតួនាទីសំខាន់ក្នុងការគាំទ្រគម្រោងនេះ...ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យអង្គការ WCS ចូលរួមពិនិត្យមើលលទ្ធភាពរៀបចំផែនការយុទ្ធសាស្ត្រដើម្បីកាត់បន្ថយឱ្យបានខ្ពស់បំផុតទៅលើហានិភ័យ និងប៉ះពាល់លើជម្រកសត្វស្លាប»។
បើតាមលោក កែន សិរីរដ្ឋា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធស្រោចស្រពនេះអាចប៉ះពាល់ជម្រកសត្វស្លាបកម្រនៅទីនោះ ជាពិសេសសត្វខ្សឹបដែលមានជាង ១០០ ក្បាល។ រីឯខាងរដ្ឋាភិបាល និង ADB ចង់ឱ្យខាងអង្គការពិនិត្យមើលផែនការយុទ្ធសាស្ត្រដូចម្តេច ដើម្បីកាត់បន្ថយផលប៉ះពាល់នៅទីនោះ។
លោក កែន សិរីរដ្ឋា បានស្វាគមន៍ចំពោះរាជរដ្ឋាភិបាលដែលបានផ្លាស់ប្តូរផ្នត់គំនិត និងរបត់ថ្មីចង់ឃើញការអភិវឌ្ឍត្រូវដើរជាមួយនឹងការអភិរក្ស។
លោកបន្ថែមថា គម្រោងរបស់ wcs មិនមែនធ្វើតែលើការអភិរក្សធនធានធម្មជាតិទេ តែក៏ធ្វើជាមួយកសិករនៅទីនោះដែរ។ ប៉ុន្តែការគាំទ្រដល់ប្រព័ន្ធស្រោចស្រពនេះថា តើកសិករគាត់នឹងចូលរួមអភិរក្សយ៉ាងដូចម្តេច?
លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានឱ្យដឹងថា រហូតមកទល់ពេលនេះលោកមិនទាន់ដឹងពីគម្រោងនេះជាក់លាក់ទេ ដោយគ្រាន់តែដឹងថា កន្លងមកក្រសួង និងភាគីពាក់ព័ន្ធបានចុះសិក្សានៅតំបន់នេះ។
លោកថា៖ «គម្រោងនេះមិនទាន់ចាប់ផ្តើមទេ គ្រាន់តែឃើញខាងទីប្រឹក្សាចុះពិនិត្យ និងសិក្សា ហើយគម្រោងនេះគេដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ហើយ ...«ខ្ញុំរង់ចាំតែអនុវត្ត ប៉ុន្តែបើគេសិក្សាទៅវាប៉ះពាល់ដល់ការអភិរក្សសត្វក៏គេមិនឱ្យធ្វើដែរ...»។
ក្រសួងធនធានទឹកអនុញ្ញាតឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់កិច្ចសន្យាផ្ទាល់ទៅឱ្យ WCS តាមរយៈកិច្ចសន្យា ADB IAIP- CS04 ដើម្បីឱ្យដឹកនាំអភិរក្សសត្វកម្រជិតផុតពូជ សត្វខ្សឹប និងជំរុញខឿនផលិតកម្មដំណាំស្រូវក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតក្នុងខេត្តកំពង់ធំ៕