ភ្នំពេញៈ ក្រសួង​សុខាភិបាល​ទទូច​ដល់​គណៈវិជ្ជាជីវៈ​សុខាភិបាល​ត្រូវ​ពង្រឹង​សមត្ថភាព និង​អនុវត្ត​ក្រមសីលធម៌​គ្រូពេទ្យ ដើម្បី​ចូលរួម​លុបបំបាត់​ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ដែល​ថា គ្រូពេទ្យ​មួយ​ចំនួន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ និង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ​ជាដើម​។

ការទទូច​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការបូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​ ២០២០ របស់​គណៈកម្មការ​កណ្តាល​សម្រាប់​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​សេវា​វេជ្ជសាស្ត្រ​អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ​ឯកជន​កាលពី​ថ្ងៃ​អង្គារ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ដែល​មាន​ការចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ជាង ៥០ ​នាក់​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា​កន្លង​ទៅ​ក៏មាន​ក្រុមគ្រូពេទ្យ​មួយចំនួន​តូច​មិន​បាន​គោរព​ទៅតាម​ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​បង្ក​ឲ្យ​មានការ​រិះគន់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​ក្រុមគ្រូពេទ្យ​ទាំងមូល​។

លោកស្រី​បញ្ជាក់ថា​៖ «​ដូច្នេះ​ដើម្បី​លុបបំបាត់​ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ គណៈវិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ក៏ដូចជា​យន្តការ​នៃ​ការគ្រប់គ្រង​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ហើយ​ជាពិសេស​ទៀត គឺ​ត្រូវតែ​ពង្រឹង​នូវ​ក្រមសីលធម៌​របស់​គ្រូពេទ្យ​។ យើង​ត្រូវ​រួមគ្នា​ធ្វើ​ម៉េច​ឲ្យ​មានការ​កែប្រែ និង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​គ្រូពេទ្យ​​មួយ​ចំនួន​តូច​ដែល​គាត់​មិនទាន់​មាន​អត្តចរិត​ល្អ និង​មាន​បញ្ហា​ធ្វើឲ្យ​អតិថិជន ឬ​អ្នកជំងឺ​តែងតែ​មានការ​ថ្នាំងថ្នាក់​នោះ​»​។

ថ្លែង​ដោយ​ទទូច​ពី​បញ្ហា​នេះ​លោកស្រី​ក៏បាន​លើកឡើង​ដោយយោង​នូវ​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ស្តីអំពី​ក្រមសីលធម៌​គ្រូពេទ្យ​មក​បញ្ជាក់​ផងដែរ​ថា តួនាទី​ចាំបាច់​របស់​គណៈ​វិជ្ជាជីវៈ​គ្រូពេទ្យ​គឺ​ត្រូវតែ​ពិនិត្យ និង​តាមដាន​នូវ​ការអនុវត្ត​ក្រមសីលធម៌​គ្រូពេទ្យ​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​។

លោក​បន្ថែម​ថា​៖ «​នៅពេល​ដែល​គាត់​ (​គ្រូពេទ្យ​) ​មក​ចុះបញ្ជិកា​ជាមួយ​គណៈវិជ្ជាជីវៈ​នេះ​គឺ​ត្រូវតែ​ពិនិត្យឡើងវិញ ថា​តើ​គាត់​បាន​យល់ដឹង​អំពី​ក្រម​សីលធម៌​គ្រូពេទ្យ​ទៅតាម​អនុក្រឹត្យ​ដែល​បានចែង​ស្តីពី​ក្រមសីលធម៌​គ្រូពេទ្យ​ហើយ​ឬ​នៅ​? ​ពីព្រោះ​នៅក្នុង​អនុក្រឹត្យ​នេះ​បាន​និយាយ​ច្បាស់​ណាស់​ថា អ្នក​ដែល​មក​សុំ​ចុះ​បញ្ជិកា គឺ​ត្រូវតែ​បង្ហាញថា​គាត់​បាន​អាន​នូវ​អនុក្រឹត្យ​ស្តីពី​វិជ្ជាជីវៈ និង​ត្រូវតែ​ស្បថ​ទៀតថា​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​នេះ ដោយ​មាន​ការចុះ​ហត្ថលេខា​បញ្ជាក់​»​។

ទោះជា​យ៉ាងណា​លោកស្រី ឱ វណ្ណឌីន បាន​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ភាគច្រើន​ដែល​បាន​គោរព​ត្រឹមត្រូវ​ទៅ​តាម​វិជ្ជាជីវៈ​របស់ខ្លួន តែ​បាន​ជំរុញ​ឲ្យ​​ចូលរួម​បន្ថែមទៀត​ក្នុង​ការពង្រឹង​វិជ្ជាជីវៈ​នេះ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​ទូទៅ​។

យោង​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ឆ្នាំ ២០១៦ ដែល​បានចែង​ពី​យន្តការ និង​​ការប្រព្រឹត្ត​ទៅ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទូទាំង​ប្រទេស​បាន​ចែង​ពី​ការដាក់​ទណ្ឌកម្ម​ខាង​វិន័យ និង​បណ្តឹង​តវ៉ា​​ចំពោះ​ការប្រព្រឹត្ត​កំហុស​ឆ្គង​ក្នុង​ការបំពេញ​ការងារ ដូចជា ការព្រមាន ការ​កត់​ទុក​ក្នុង​ឯកសារ​ផ្ទាល់ខ្លួន រហូត​ដល់​ការផ្អាក ឬ​ដកហូត និង​លុបឈ្មោះ​ចេញ​ពី​បញ្ជី​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ផងដែរ​។

លោក អ៊ុន សាន ប្រធាន​គណៈ​គិលានុបដ្ឋាក​កម្ពុជា​ដែល​គ្រប់គ្រង​គិលានុបដ្ឋាក​ជាង ២០ ០០០ ​នាក់​ ទាំង​ក្នុង​វិស័យ​ឯកជន និង​រដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដោយ​បាន​ទទួលស្គាល់​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​កើតចេញ​ពី​ក្រុមគ្រូពេទ្យ​មួយចំនួន​តូច​។

យ៉ាងណា​ក៏ដោយ​លោក​បាន​អះអាង​ថា គណៈគិលានុបដ្ឋាក​កម្ពុជា​បាន​បណ្តុះបណ្តាល​ជាប្រចាំ​ដល់​គ្រូពេទ្យ​ទាំងអស់​ដែល​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន និង​តែងតែ​ជំរុញ​ឲ្យ​គ្រូពេទ្យ​​គោរព​ទៅ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ព្រម​ទាំង​ធ្លាប់បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​គ្រូពេទ្យ​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​កំហុស​ទៀត​ផង​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ពង្រឹង​រហូត​ទៅ​លើ​ក្រម​សីលធម៌​របស់​យើង​ដើម្បី​ធ្វើម៉េច​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សេវា​ល្អ គុណភាព និង​សុវត្ថិភាព​។ ពេលខ្លះ​ក៏​មាន​ការយល់ច្រឡំ​លើ​ទំនាក់ទំនង​គ្នា​រវាង​អ្នកជំងឺ និង​គ្រូពេទ្យ ហើយ​ការខ្វះខាត​តិចតួច យើង​ក៏មាន​ការលើក​ទឹកចិត្ត​ដោយ​ធ្វើ​យ៉ាងណា​ពង្រឹង​ការងារ​របស់ខ្លួន​»​។

គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​សុខាភិបាល​ត្រូវ​បាន​បែងចែក ដើម្បី​សម្រួល​ឲ្យ​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​មាន គុណវុឌ្ឍិ សមត្ថភាព សម្បទា​គ្រប់គ្រាន់​ក្នុង​ការប្រកប​វិជ្ជាជីវៈ​ដែល​មាន​ដូចជា គណៈគ្រូពេទ្យ គណៈ​គិលានុបដ្ឋាក-កម្ពុជា គណៈ​ឆ្មប​កម្ពុជា គណៈ​ទន្តពេទ្យ​កម្ពុជា និង​គណៈ​ឱសថការី​កម្ពុជា​ជាដើម​៕