ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឱ្យ​​រដ្ឋបាល​ឃុំ-សង្កាត់ ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​បង្កើត​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និង​កុមារ​នៅ​តាម​ឃុំ-សង្កាត់​របស់ខ្លួន ដើម្បី​ជួយ​ការងារ​​ដល់​រដ្ឋបាល​ឃុំ-សង្កាត់ ប្រសិន​​បើ​មិនទាន់​បាន​បង្កើត​គណៈកម្មាធិការ​នេះ​នៅ​ឡើយ​ទេ​នោះ​។

កាលពី​ថ្ងៃទី​ ២២ ខែ កញ្ញា ឆ្នាំ​ ២០២០ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចុះហត្ថលេខា​លើ​ប្រកាស​មួយ ដើម្បី​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និង​កុមារ ឃុំ-សង្កាត់​ដែល​មាន​គោលដៅ​កំណត់​អំពី​សមាសភាព តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​របស់​គណៈកម្មាធិការ​នេះ​។

ប្រកាស​នេះ​មាន​ ៨ ជំពូក និង​ ២៥ ប្រការ​​បាន​ឱ្យដឹងថា គណៈកម្មាធិការ​នេះ មាន​ភារកិច្ច ផ្តល់យោបល់ និង​ជួយ​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ការសម្របសម្រួល និង​អនុវត្ត​សកម្មភាព​សេវា​សង្គម​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន និង​មាន​សមាជិក​ចំនួន​ជាង​ ១០ ​រូប​ដែល​មេឃុំ​ ឬ​ចៅសង្កាត់​ជា​ប្រធាន​គណៈកម្មាធិការ​។ នៅក្នុង​អំឡុងពេល​មិន​ទាន់​បាន​រៀបចំ​បង្កើត​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ សង្កាត់ តាម​ស្មារតី​ប្រកាស​នេះ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់ ដែល​បាន​បង្កើត ហើយ​តាម​ស្មារតី​នៃ​សេចក្តី​ណែនាំ​កាលពី​ឆ្នាំ​ ២០០៧ ត្រូវ​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​។

លោកស្រី ជី ច័ន្ទរស្មី ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ ៣០ កញ្ញា​ ថា កន្លង​ទៅ​គណៈកម្មាធិការ​នេះ​គឺ​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​នៅ​តាម​ឃុំ សង្កាត់ រួចមកហើយ តាមរយៈ​សេចក្តី​ណែនាំ​។ ​ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​មុខងារ​របស់​គណៈកម្មការ​នេះ កាន់តែ​ធំ និង​ត្រូវបំពេញ​តួនាទី ឬ​ភារកិច្ច​ច្រើន ទើប​ក្រសួង​សម្រេច​បង្កើត​ជា​ប្រកាស​ឱ្យ​កាន់តែ​មាន​វិសាលភាព​តែម្តង​។

លោកស្រី​ថ្លែង​ថា​៖ «​ដោយសារ​តែ​ការងារ និង​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិការ​នេះ​កើន​ច្រើន មាន​ការទម្លាក់​ការងារ​ឱ្យ​គាត់​ច្រើន​មុខ ដល់ពេល​អ៊ីចឹង យើង​គ្រាន់តែ​កែ​វា​បន្តិច​ទៅ​ពី​សេចក្តី​ណែនាំ​មក​ជា​ប្រកាស​ដើម្បី​ឱ្យ​គាត់​ស្រួល​ធ្វើការ ហើយ​ក៏​ប្រមូលផ្តុំ​ការងារ​ទាំងអស់​ចូលគ្នា​ (​ប្រកាស​)»​។ «​កាលពី​​កន្លងមក នៅពេល​យើង​ដាក់​ការងារ​ណាមួយ​ឱ្យ​គាត់ អ៊ីចឹង យើង​ចេញ​លិខិត​មួយ និង​ការណែនាំ​បន្ថែម​ដែល​ធ្វើ​ម្តង​មួយ​។ ​ធម្មតា​ដល់ពេល​ច្រើន​ពេក​ទៅ អ្នកធ្វើការ​ក៏​គាត់​ច្របូកច្របល់​ដែរ ដល់​ពេល​យើង​ចេញប្រកាស​នេះ​តែមួយ ហើយ​សង្ខេប​ឡើងវិញ និង​ប្រមូល​ឯកសារ​ទាំងអស់​រៀប​ឱ្យ​ស្អាត គាត់​ក៏​ស្រួល​ធ្វើការ​ដែរ​»​។

លោក ពា ហន ចៅសង្កាត់​អូឡាំពិក​ដែល​បាន​បង្កើត​គណៈកម្មាធិការ​នេះ​រួចរាល់​ហើយ​បាន​ឱ្យ​ដឹងថា គណៈកម្មាធិការ​នេះ​គឺ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ស្ត្រី និង​កុមារ​ដែល​ជួបប្រទះ​នៅក្នុង​មូលដ្ឋាន​បាន​យ៉ាងច្រើន​។

លោក​ថា​៖ «​បើ​ការណែនាំ​ថ្មី គឺ​យើង​នឹង​ធ្វើតាម​ការណែនាំ​ថ្មី​នេះ ហើយ​វា​ក៏​កាន់តែ​ប្រសើរ​ផងដែរ ប្រសិន​ជា​ប្រកាស​នេះ​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​តួនាទី ភារកិច្ច និង​បែបបទ​នៃ​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​នេះ​ក្នុង​ប្រកាស​តែមួយ​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើក​ឡើង​​កាលពី​ម្សិលមិញ​ថា ការបង្កើត​គណៈកម្មាធិការ​នេះ​នឹង​អាច​ចូលរួម​ឱ្យ​បាន​យ៉ាងសកម្ម​ដល់​ពលរដ្ឋ​មូលដ្ឋាន ខណៈ​បច្ចុប្បន្ន​នេះ​គឺ​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ​មាន​ការកើនឡើង​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​ក៏បាន​ចូលរួម​ផ្តល់​សិទ្ធិ សេរីភាព និង​អំណាច​ដល់​សមាជិក​គណៈកម្មាធិការ​នេះ​ឱ្យ​បាន​ធ្វើ​ការងារ​ឱ្យបាន​ពេញដៃ​ពេញជើង និង​​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​។ បន្ថែម​ពីនេះ ដើម្បី​ធ្វើឱ្យ​ដំណើរការ​នេះ ប្រសិទ្ធភាព​គឺ​ត្រូវ​ការមិន​ត្រឹមតែ​ប្រកាស​នោះ​ទេ គឺ​ត្រូវមាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​​នៅក្នុង​ការផ្តល់​អំណាច​ឱ្យ​ឃុំ សង្កាត់ ​បាន​ធ្វើ​កិច្ចការងារ​នេះ និង​មាន​កញ្ចប់​​ថវិកា​គ្រប់គ្រាន់​»៕