
លោក ជា សុផារ៉ា ថ្លែងនៅក្នុងកិច្ចប្រជុំ ម្សិលមិញ។ ហ្វេសប៊ុក
ព្រះសីហនុៈ លោក ជា សុផារ៉ា បានស្នើឲ្យគណៈកម្មការ និងក្រុមការងារបច្ចេកទេស ចាប់ផ្តើមអនុវត្តការងាររយៈពេល ១ សប្តាហ៍ ដើម្បីត្រួតពិនិត្យទៅលើគុណភាព និងលក្ខណៈបច្ចេកទេសសំណង់ទាំងអស់នៅខេត្តព្រះសីហនុ ដោយត្រូវប្រតិបត្តិឲ្យបានហ្មត់ចត់សុក្រឹត និងគោរពវិជ្ជាជីវៈ ខណៈដែលអភិបាលរាជធានីភ្នំពេញ បានព្រមានអភិបាលខណ្ឌទាំង ១៤ ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើសំណង់គ្មានច្បាប់អនុញ្ញាតត្រូវបានសាងសង់ឡើង នៅក្នុងដែនដីរបស់ខ្លួន។
កិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងភ្លាមៗ កាលពីថ្ងៃអង្គារ បន្ទាប់ពីមានឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ ជាន់កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ២៨ នាក់ និងរបួស ២៦ នាក់។
កិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុបានធ្វើឡើង ដោយមានការចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ ប្រមាណ ១៦៥ ក្រុមហ៊ុន នៅខេត្តព្រះសីហនុផងដែរ ក្នុងគោលបំណងត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃសំណង់ទាំងអស់ដែលបាននិងកំពុងសាងសង់នៅលើទឹកដីក្រុងព្រះសីហនុ។
ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ជា សុផារ៉ា បានណែនាំមន្ត្រីឲ្យត្រួតពិនិត្យការដ្ឋានសំណង់ទាំងអស់ឲ្យបានត្រឹមត្រូវ មុនអនុញ្ញាតឲ្យសាងសង់បន្តទៀតត្រូវមានច្បាប់អនុញ្ញាតលិខិតបើកការដ្ឋានជាដើម។
លោកបន្តថា៖ «រាល់សំណង់ដែលគ្មានច្បាប់ចាប់ពីពេលនេះទៅ អាជ្ញាធរត្រូវដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីដោះស្រាយតាមច្បាប់។ ចំពោះមុខនេះ យើងនឹងបង្កើតគណៈកម្មការ ដើម្បីចុះត្រួតពិនិត្យរាល់សំណង់ទាំងអស់់»។
លោកបញ្ជាក់ថា គណៈកម្មការនឹងចុះធ្វើការងារនេះ ដោយប្រាកដប្រជាបំផុត និងព្រមទាំងបានរំឭក ម្ចាស់សំណង់ទាំងអស់ឲ្យត្រៀមឯកសារទាក់ទិននឹងសំណង់របស់ខ្លួន និងកុំមានទម្លាប់ហុចស្រោមសំបុត្រពេលគណៈកម្មការចុះទៅ។
លោក សុផារ៉ា បានស្នើឱ្យក្រុមការងារបច្ចេកទេសទាំង ៨ ក្រុមនៃគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្ដព្រះសីហនុនេះ ត្រូវធ្វើតាមជំនាញ។
លោកថា៖ «ការបំពេញបេសកកម្ម គឺអនុវត្តតាមជំនាញ និងវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ ដើម្បីទាក់ទាញវិនិយោគកាន់តែធំ កាន់តែច្រើន កាន់តែល្អថែមទៀត នៅក្នុងខេត្តព្រះសីហនុ តាមគោលបំណង និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
តាមរបាយការណ៍កិច្ចប្រជុំខាងលើ បានស្នើគណៈកម្មការ និងក្រុមការងារបច្ចេកទេស ចាប់ផ្តើអនុវត្តការងារ រយៈពេល ១ សប្តាហ៍ក្នុងជំហានដំបូង ដោយត្រូវប្រតិបត្តិឲ្យបានហ្មត់ចត់ សុក្រឹត និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្ដព្រះសីហនុ បានបដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថា ជាប់បំពេញការងារ។
ប៉ុន្តែលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានថ្លែងថា ក្រុមការងារបច្ចេកទេសទាំង ៨ ក្រុមខាងលើ បង្កើតឡើងដើម្បីគាំទ្រគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ដើម្បីឲ្យអនុវត្ដការងារបានលឿន និងមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ជំហានដំបូងក្រុមការងារបច្ចេកទេសនេះ នឹងធ្វើការរយៈពេល ១ សប្ដាហ៍ ដោយធ្វើការងាររួមគ្នាតែម្ដង បើគិតទៅក្រុមការងារនេះត្រូវចុះអនុវត្ដតាំងពីបញ្ចប់កិច្ចប្រជុំតែម្ដង»។
បើតាមសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេស បានគាំទ្រគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្ដព្រះសីហនុ ចំនួន ៨ ក្រុម ដោយបានចុះហត្ថលេខាដោយលោក ឡៅ ទិព្វសីហា ប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់។
ក្រុមការងារបច្ចេកទេសទាំង ៨ ក្រុម មានភារកិច្ចចុះពិនិត្យការអនុវត្ដបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ដ ស្ដង់ដាសំណង់ ស្ដង់ដាសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់នៅខេត្ដព្រះសីហនុ។
ចុះពិនិត្យលក្ខណសម្បត្ដិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់។ ធ្វើរបាយការណ៍លទ្ធផលជូនគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងមានភារកិច្ចបំពេញកិច្ចផ្សេងទៀត តាមការ ប្រគល់ជូនរបស់គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា CNRO បានលើកឡើងថាការសម្រេចបង្កើតក្រុមការងារបច្ចេកទេសភ្លាមៗដើម្បីត្រួតពិនិត្យលើគុណភាពសំណង់នៅខេត្ដព្រះសីហនុ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីបញ្ចៀសលែងឲ្យមានឧបទ្ទវហេតុរលំបាក់អគារកើតមានឡើងបន្ដទៀត។
លោកសង្ឃឹមថា ក្រុមការងារត្រួតពិនិត្យនេះនឹងបំពេញការងារឲ្យបានសមស្រប ទៅតាមស្ដង់ដាបច្ចេកទេស និងនីតិវិធីច្បាប់។
លោកបន្តថា៖ «សូមក្រុមការងារមន្រ្ដីជំនាញពិនិត្យឲ្យបានហ្មត់ចត់ទៅលើរបាយការណ៍ ហេតុផលប៉ះពាល់បរិស្ថាន ដែលសំណង់អគារដែលសាងសង់នោះបានស្នើសុំ ពិសេសគោលការណ៍នីតិវិធីផ្នែកច្បាប់។ ដូចគំរូនៃអគារដែលរលំនេះ បានធ្វើឡើងរហូតដល់ ៧ ជាន់ហើយ ប៉ុន្ដែនៅមិនទាន់មានច្បាប់ត្រឹមត្រូវទេ។ កន្លងមកទៀតដែលខ្ញុំជួបប្រទះ នៅក្នុងក្រុងព្រះសីហនុនេះ អគារដែលសាងសង់ឡើងរួចហើយ របាយការណ៍ផលប៉ះពាល់មិនទាន់ដឹងនៅឯណាទេ ចំណែកអគារនោះសាងសង់ឡើងខ្ពស់ស្កឹមស្កៃបាត់ទៅហើយ»។
ទាក់ទងនឹងបញ្ហាគុណភាពសំណង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញលិខិតណែនាំដល់អភិបាលខណ្ឌទាំង ១៤ ជាមួយនឹងការព្រមានថា ពួកគេអាចនឹងត្រូវទទួលរងវិន័យរដ្ឋបាល និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ប្រសិនបើមានសំណង់ណា ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានសាងសង់ឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។
លិខិតណែនាំដែលចេញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះ គឺបានផ្ញើទៅកាន់អភិបាលខណ្ឌទាំង ១៤ ស្តីពីវិធានការទប់ស្កាត់ សំណង់គ្មានលិខិតអនុញ្ញាតឲ្យសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ចេញកាលពីថ្ងៃអង្គារដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានម្សិលមិញ។
តាមរយៈលិខិត លោក ឃួង ស្រេង បានកត់សម្គាល់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាប្រចាំដល់រដ្ឋបាលខណ្ឌ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សំណង់ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាតឲ្យសាងសង់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ទោះបីជាមានការណែនាំជាច្រើនលើកច្រើនសារួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ នៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតឲ្យសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត សាងសង់ នៅតែកើតឡើងជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ដូចនេះដើម្បីគ្រប់គ្រងការសាងសង់គ្រប់ប្រភេទឱ្យស្របតាមប្លង់គោលរាជធានីភ្នំពេញ បទដ្ឋាននគរូបនីយប្បញ្ញត្តិ និងលក្ខណៈបច្ចេកទេសសំណង់នោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើអភិបាលខណ្ឌ ត្រូវខិតខំទប់ស្កាត់រាល់សំណង់ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់សង់ខុសលិខិតអនុញ្ញាតសាងសង់ឱ្យខាងតែបាន និងឱ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្តឹង ការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចធានាឲ្យបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានធ្វើការព្រមានថា ៖ «ក្នុងករណីដែលសំណង់ គ្មានលិខិតអនុញ្ញាតសាងសង់និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមានហើយបង្កឱ្យមានគ្រោះថ្នាក់ និងបង្កព្យសនកម្ម ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាលទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»៕