
ទិដ្ឋភាពនៃថ្ងៃប្រឡងថ្នាក់ទី១២កន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងអប់រំយុវជននិងកីឡាកាលពីចុងសប្តាហ៍នេះ បានរំឭកដល់ប្រធានមន្ទីរ អប់រំ រាជធានី ខេត្ត ឱ្យពង្រឹងការគ្រប់គ្រងគ្រឹះស្ថានសិក្សា និងពង្រឹងវិន័យចំពោះគ្រូបង្រៀនដែលមិនយកចិត្តទុកដាក់លើការងារបង្រៀន ឬ មិនបំពេញភារកិច្ចបានល្អ ខណៈមានការរកឃើញពីការបាត់បង់ពេលនៃការបង្រៀនកន្លងមក។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ១៨ ខែមករា រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានជម្រាបដល់ប្រធានមន្ទីរអប់រំរាជធានី ខេត្តទូទាំងប្រទេសឲ្យអនុវត្តវិន័យរដ្ឋបាលចំពោះគ្រូបង្រៀនដែលមកយឺតឬចេញមុនម៉ោងកំណត់ក៏ដូចជា អ្នកដែលប្រគល់ភារកិច្ចឲ្យអ្នកដទៃធ្វើជំនួសឬអ្នកដែលយកការងារក្រៅមកឡូកឡំក្នុងម៉ោងការងារឬអវត្តមានដោយពុំមានមូលហេតុច្បាស់លាស់។
ក្នុងសេចក្តីប្រកាសនោះលោកបានកត់សម្គាល់ថា៖ «កន្លងមក ក្រសួងបានពិនិត្យឃើញបុគ្គលិកអប់រំខ្លះនៅតាមគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួនមិនទាន់បានអនុវត្តពេលវេលាបំពេញការងារ និង គោរពម៉ោងបង្រៀនបានពេញលេញនៅឡើយទេ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និង ការសិក្សារបស់សិស្សថែមទាំងជះឥទ្ធិពលមិនល្អដល់អ្នកដែលខិតខំបំពេញការងារនិងសហគមន៍ផងដែរ»។
លោក ហង់ ជួនណារ៉ុន បានបន្តថា ដើម្បីដោះស្រាយបញ្ហានេះ ត្រូវពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យវត្តមានរបស់បុគ្គលិក អប់រំនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានឲ្យដឹងថា បុគ្គលិកអប់រំ និងគ្រូបង្រៀនពាក់ព័ន្ធនៅក្នុងសកម្មភាពកំណែទម្រង់នេះហើយថា គោលការណ៍ណែនាំនេះគឺដើម្បីរំឭកពួកគេឱ្យយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធានាថាការធ្វើកំណែទម្រង់នេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោក ជិន ចាន់វាសនា នាយកប្រតិបត្តិអង្គការភាពជាដៃគូអប់រំមិនមែនរដ្ឋាភិបាលបានថ្លែងថា ការរំឭកនេះគឺជាការឆ្លើយតបនឹងការស្រាវជ្រាវរបស់អង្គការដែលបានរកឃើញថា ២៧ ភាគរយ ឬ ៥០,៥ ថ្ងៃបង្រៀនបានបាត់បង់ក្នុងឆ្នាំ ២០១២-១៣ ដោយសារតែហេតុផលជាច្រើន។ ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅឆ្នាំ ២០១៥ ហើយក្រសួងបានចាត់វិធានការតាំងពីពេលនោះមក។
ដោយលើកជាឧទាហរណ៍លោកថ្លែងថា ប្រសិនបើថ្ងៃឈប់សម្រាកសាធារណៈប៉ះចំថ្ងៃសុក្រនោះ គ្រូនឹងមិនមកបង្រៀននៅថ្ងៃសៅរ៍ទេ ហើយបើថ្ងៃចូលឆ្នាំចិនដែលមិនមែនជាថ្ងៃឈប់សាធារណៈ ប៉ុន្តែគ្រូក៏មិនមកបង្រៀនដែរ។
លោកចាន់វាសនា បញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះប៉ុន្តែសាលាទាំងនោះ ត្រូវតែអនុវត្តឱ្យបានរឹងមាំថែមទៀត។
លោកបន្តថា៖«ខ្ញុំមិនអាចនិយាយបានថា សាលាទាំងនោះធ្វើការបានល្អហើយនោះ ពីព្រោះវានៅមានភាពមិនប្រក្រតី...»។
លោក ចាន់វាសនា បញ្ជាក់ថា គោលបំណងនៃការរំឭករបស់ក្រសួងគឺសម្រាប់ឲ្យមន្ទីរទាំងនោះពង្រឹងវិន័យឱ្យបានតឹងរ៉ឹង។ លោកបន្ថែមថា៖«យើងត្រូវដាក់ទោសគ្រូបង្រៀននោះ»។
លោកហែម ស៊ីណារ៉េតប្រធានមន្ទីរអប់រំរាជធានីភ្នំពេញបានថ្លែងថា បញ្ហានេះនៅតែមានក្នុងចំណោមគ្រូបង្រៀន១០០០០នាក់នៃមន្ទីររបស់លោក។
លោកថា៖«វានៅមានទំហំតូច។ប្រសិនបើពួកគេមកយឺត នោះគ្មានគ្រូបង្រៀនកូនសិស្សទេ ដូច្នេះហើយ[ធ្វើឱ្យសិស្ស]រៀនយឺតកម្មវិធីសិក្សាដែលក្រសួងបានដាក់ចេញ»។
ទោះយ៉ាងណាលោកថា នៅភ្នំពេញគ្មានគ្រូបង្រៀនណាម្នាក់ត្រូវបានដាក់ទោសរដ្ឋបាលទេ។ ប៉ុន្តែលោកថា៖«យើងគ្រាន់តែប្រាប់ពួកគេ...ឱ្យផ្លាស់ប្តូរ»។
លោកឈួន សុផល ប្រធានមន្ទីរអប់រំខេត្តព្រៃវែង បានឲ្យដឹងថា ការដាក់វិន័យចំពោះគ្រូក្នុងខេត្តលោកក៏បានរំឭកដល់ពួកគេដែរ។លោកថ្លែងថា មន្ទីររបស់លោកមានក្រុមការងារចុះទៅកាន់សាលារៀន ដើម្បីរំឭកគ្រូបង្រៀនឱ្យគោរពការទទួលខុស ការបង្រៀនរបស់ពួកគេ។
លោកបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះយើងគ្រាន់តែបានព្រមានពួកគេប៉ុណ្ណោះ ប៉ុន្តែលោក បន្ថែមថា គ្មានគ្រូបង្រៀនណាម្នាក់ត្រូវបានព្យួរការងារនោះទេ៕ NS