ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​កាល​ពី​ម្សិលមិញ​ បាន​ជូន​ដំណឹង​ជា​ថ្មី​ពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ​២៨​ខែ ​សីហា ខណៈ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​ព្យុះទី១១ ឈ្មោះ «បៃលូ​» នឹង​ធ្វើ​​ឲ្យ​កម្ពុជា ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ និង​​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ខ្យល់​ ផ្គរ រន្ទះ​ និង​រលក​សមុទ្រ​។

ក្រសួង​បាន​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃទី ២២​ ដល់​ថ្ងៃទី ​២៤​ ខែ ​សីហា ​ស្ទើរ​ទូទាំង​ប្រទេស​ នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ចាប់​ពី​ថ្ងៃទី ​២៥​ ដល់​​ថ្ងៃទី ២៨​ ខែ​សីហា​បណ្តា​ខេត្ត​​នៅ​តំបន់​មាត់​​សមុទ្រ​ រួម​មាន​ ខេត្ត​កោះកុង​ និង​ខេត្ត​ព្រះសីហនុ ​អាច​នឹង​​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ​និង​ព្យុះ​ធ្វើ​ឲ្យ​លើ​ផ្ទៃ​មេឃ​មាន​ខ្យល់​​​បោក​បក់​ខ្លាំង​ និង​រលក​សមុទ្រ​ខ្ពស់​។ បណ្តា​​ខេត្ត​ចាប់​ពី​តំបន់​វាល​ទំនាប​ភាគ​កណ្តាល​ឡើង​ទៅ​លើ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ ​

ក្រសួង​បញ្ជាក់​ថា​៖ «​បណ្តា​​​​រាជ​ធានី​ខេត្ត​នៅ​ប៉ែក​ខាង​ក្រោម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។ ​ទន្ទឹម​នោះ​អាច​មាន​ផ្នែក​ខ្លះ​ភ្លៀង​ធ្លាក់​ច្រើន។ សូម​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ ខ្យល់​ ផ្គរ ​រន្ទះ ​និង​រលក​សមុទ្រ ​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ​»​។

លោក ​ចាន់ យុត្ថា អ្នក​នាំពាក្យ​​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម​ មិន​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​ជុំវិញ​បញ្ហា​អាកាសធាតុ​នេះ​បាន​ទេ​ពី​ម្សិលមិញ ដោ​យ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ បាន​ថ្លែង​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ទាក់ទង​​នឹង​ស្ថានភាព​អាកាសធាតុ​នេះ លោក​អភិបាល​ខេត្ដ​ព្រះសីហនុ​បាន​ដាក់​បទបញ្ជា​ឲ្យ​ជូន​ដំណឹង​​ដល់​ប្រជាពលរដ្ឋ និង​ត្រៀម​លក្ខណៈ និង​កងកម្លាំង​របស់​​ខេត្ដ​ជា​មុន​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​។

លោក​ថ្លែង​ថា​៖ «ជា​បទ​បញ្ជា​របស់​ឯកឧត្ដម​អភិបាល​ខេត្ដ​ទាក់ទង​នឹង​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ខេត្ដ​ព្រះសីហនុ​ គឺ​លោក​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​ស្ថានការណ៍​អាកាស​ធាតុ​ដែល​មិន​​ល្អ​។ ក្នុង​នោះ​លោក​ក៏​បញ្ជា​ឲ្យ​កម្លាំង និង​មន្រ្ដី​រាជ​ការ​ក្នុង​ខេត្ដ​ទាំង​អស់​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ជួយ​សង្គ្រោះ ​ចំពោះ​ហេតុការណ៍​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ​ណា​មួយ​»។

លោក សុខ សុទ្ធី អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​កោះកុង ថ្លែង​កាល​ពី​ម្សិលមិញ​ដែរ​ថា តាមរយៈ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ អំពី​បញ្ហា​អាកាសធាតុ​នេះ រដ្ឋបាល​ខេត្ដ​បាន​បន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពិសេស​ប្រជា​នេសាទ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​រួច​ហើយ​​។

លោក​ថ្លែង​ថា​ ទាក់ទង​នឹង​ជំនន់​ទឹក​ភ្លៀង​ដែល​បាន​ជន់​លិច​កាល​ពី​ដើម​ខែ​សីហា​នោះ ​គឺ​បាន​ស្រក​ចុះ​វិញ​ហើយ ព្រោះ​ខេត្ដ​កោះកុង ​មាន​ប្រឡាយ​បង្ហូរ​ទឹក​ភ្លៀង​​ចេញ​ទៅ​បឹង និង​សមុទ្រ​ច្រើន។ ដូច្នេះ​មិន​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​យូរ​ថ្ងៃ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ទេ​។

លោក​ថ្លែង​ថា​៖ «រដ្ឋបាល​ខេត្ដ​នឹង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ដ​បាន​ផ្សព្វផ្សាយ​​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ទៅ​ដល់​ប្រជាពលរដ្ឋ​ ហើយ​ក៏​បាន​ត្រៀម​លក្ខណៈ​ទប់ទល់​ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ករណី​មាន​ឧបទ្ទវហេតុ​ណា​មួយ​កើត​ឡើង​ដោយ​ចៃដន្យ​ផង​ដែរ​»។

គួរ​រំឭក​ថា​ ​គ្រោះ​ទឹក​ជំនន់​ទឹក​​ភ្លៀង​​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សង្កាត់​​ទាំង ​៤ នៃ​ក្រុង​ព្រះសីហនុ ​និង​ស្រុក​ព្រៃនប់។ ​ក្នុង​នោះ​ពលរដ្ឋ​រង​​ផល​ប៉ះពាល់​ចំនួន ​១ ៧៣៦ ​គ្រួសារ​ ផ្ទះ​ចំនួន ​៩៣៧ ខ្នង​ និង​សម្ភារ ​រថយន្ត​ ម៉ូតូ ​ម៉ាស៊ីន​ភ្លើង ​និង​គ្រឿង​អេឡិចត្រូនិក​រាប់​រយ​គ្រឿង​ផ្សេង​ទៀត​។

ជា​វិធានការ​ដើម្បី​រំដោះ​ទឹក​ភ្លៀង​ចេញ​ពី​ក្រុង​ព្រះសីហនុ លោក គួច ចំរើន អភិបាល​ខេត្ដ​ព្រះសីហនុ បាន​អំពាវនាវ​ដល់​អ្នក​ចាក់​ដី និង​អ្នក​សាងសង់​រំលោភ​លើ​អូរ​ប្រឡាយ​ត្រូវ​ប្រញាប់​កាយ​ចេញ​វិញ ដើម្បី​រំដោះ​ជំនន់​ទឹក​ភ្លៀង​ដែល​កំពុង​ជន់​លិច​ក្រុង​ និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ដ​នេះ​៕