The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ឲ្យ​ពលរដ្ឋ​ស្ងៀមស្ងាត់​ចំពោះ​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន




ក្រសួង​ឲ្យ​ពលរដ្ឋ​ស្ងៀមស្ងាត់​ចំពោះ​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន

ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​សាធារណការ​កាលពី​ខែ​មុន​។
ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​សាធារណការ​កាលពី​ខែ​មុន​។ ផា លីណា

ក្រសួង​ឲ្យ​ពលរដ្ឋ​ស្ងៀមស្ងាត់​ចំពោះ​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន

ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ​«រក្សា​ភាព​ស្ងៀមស្ងាត់» ចំពោះ​គម្រោង​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដោយសារ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ​។

ទោះ​យ៉ាង​ណា​ពលរដ្ឋ​នៅ​តែ​សម្តែង​ការ​ព្រួយបារម្ភ​បន្ទាប់ពី​មាន​ការ​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ខែ​មុន​អំពី​ការ​អនុម័ត​យល់​ព្រម​របស់​រដ្ឋាភិបាល​ចំពោះ​គម្រោង​នេះ​ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ ឬ​ធ្វើការ​ពិគ្រោះ​យោបល់​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​​។

លិខិត​របស់​ក្រសួង​សាធារណ​ការ​កាលពី​មិ្សលមិញ​បាន​សរសេរ​ថា​គម្រោង​សាងសង់​ផ្លូវ​​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជា​គម្រោង​មួយ​ដែល​ទទួល​បាន​ការ​ឯកភាព​ពី​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​ដាក់​ជូន​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​សាងសង់។

ក្រសួង​បន្ត​ថា​គេ​នឹង​ធ្វើការ​រៀបចំ​វេទិកា​សាធារណៈ​នៅ​នឹង​កន្លែង​ដើម្បី​ពិគ្រោះ​យោបល់​ពី​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​មុន​នឹង​ធ្វើការ​សាងសង់​ប៉ុន្តែ​គេ​នៅ​រង់ចាំ​ការ​សម្រេច​ពី​ប្រមុខ​រដ្ឋាភិបាល​នៅ​ឡើយ​ក្នុង​ការ​ផ្តល់​សិទ្ធិ​លើ​ក្រុមហ៊ុន​ណា​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​បាន​ស្នើ​សុំ​វិនិយោគ។

ក្រសួង​បន្ត​ថា៖ «សូម​បងប្អូន​មេត្តា​រក្សា​ភាព​ស្ងប់ស្ងៀម​ បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​ទុក​ឱកាស​ជូន​រដ្ឋាភិបាល​ពិនិត្យ​ពិចារណា​រក​ដំណោះស្រាយ​ណា​មួយ​ដែល​​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។ គម្រោង​សង់​ផ្លូវ​អាកាស​ល្បឿន​លឿន​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ​»​។

ក្រុមហ៊ុន ២ គឺ​ក្រុមហ៊ុន OCIC និង​​ក្រុមហ៊ុន ហឺណាន (វិទ្យាស្ថាន Henan Provincial Communications planning, Survey & Design Institute Co,Ltd របស់​ ចិន) ជា​អ្នក​ស្នើ​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៥ មករា​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស និង​​ផ្លូវ​ក្រោម​ដី​ចំនួន ៤ ទៀត​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​នោះ​ក៏​​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដែល​តភ្ជាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​ក្នុង​​រាជធានី​ភ្នំពេញ​ដែល​ជា​ការ​​វិនិយោគ​របស់​​ក្រុមហ៊ុន​ឯកជន​។

លោក​ថ្លែង​​ថា​៖ «​យើង​ឯកភាព​ជា​គោលការណ៍​ឲ្យ​ធ្វើ​ផ្លូវ​​អាកាស​ល្បឿន​លឿន​ប្រវែង ១៣ គីឡូ ៦៨៧ ម៉ែត្រ​ ទទឹង ១៩ ​ម៉ែត្រ​លើ​គន្លង​ផ្លូវ​រថភ្លើង​អ៊ីចឹង​រថភ្លើង​ចេះ​តែ​បើក​ពី​​ក្រោម​​ទៅ​នៅ​ខាង​លើ​គឺ​មាន​ផ្លូវ​​ Auto road ល្បឿន​លឿន​មួយ​​ពី​​ខាង​​លើ​​ (ExpressWay) ​ដើម្បី​កុំ​ឲ្យ​ស្ទះ​ចរាចរណ៍​អ្នក​ទៅ​ព្រលាន​យន្តហោះ​ពោធិ៍​ចិនតុង»។

ក្រោយ​ការ​ប្រកាស​​នេះ​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក៏​បាន​ធ្វើការ​តវ៉ា​នៅ​មុខ​ក្រសួង​សាធារណការ​ចំនួន​ពីរ​ដង​ក្នុង​ខែ​មករា​ស្នើសុំ​ឲ្យ​ក្រសួង​ផ្តល់​ព័ត៌មាន​លម្អិត និង​ធ្វើ​ជា​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​និយាយ​អំពី​ផលប៉ះពាល់​។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​កាលពី​មិ្សលមិញ​នៅ​តែ​មិន​អាច​បញ្ជាក់​បាន​ពី​ពេលវេលា​នៃ​ការ​ធ្វើការ​ពិគ្រោះ​យោបល់​ដោយ​ថ្លែង​ថា៖ «ការងារ​នេះ​កំពុង​ដំណើរការ​នៅ​ឡើយ»។

លោក នាង ផានិត អាយុ​ ៣២ ឆ្នាំ​ពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​ទួលគោក​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​ថ្លែង​ថា​ដំណឹង​ពី​ក្រសួង​ជា​សញ្ញា​ល្អ​សម្រាប់​ពលរដ្ឋ​តែ​ប្រជាពលរដ្ឋ​នៅ​តែ​បារម្ភ​ថា «ក្រសួង​ព្យាយាម​ពន្យារ​ពេលវេលា» ហើយ​លុះ​ដល់​ថ្ងៃ​កំណត់​ណា​មួយ​នឹង​មាន​ការ​ចុះ​ធ្វើការ​សាងសង់​តែ​ម្តង​ដោយ​ពុំ​មាន​​ការ​ដោះស្រាយ​ពី​ផលប៉ះពាល់​ជា​មុន​។​

លោក​ឲ្យ​ដឹង​​ថា​ ប្រជាពលរដ្ឋ​នឹង​ទាក់ទង​ទៅ​ក្រសួង​នា​ថ្ងៃ​ពុធ​នេះ​ទៀត​ដើម្បី​សុំ​ឲ្យ​កំណត់​វេលា​នៃ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់​ហើយ​បើ​មិន​កំណត់​ពលរដ្ឋ​នឹង​បន្ត​ធ្វើការ​តវ៉ា​សា​ជាថ្មី​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍