The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ឲ្យភាគី​ពាក់​ព័ន្ធ​សិក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ ២០២០ សម្រាប់​រោងចក្រ​កាត់ដេរ

ក្រសួង​ឲ្យភាគី​ពាក់​ព័ន្ធ​សិក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ ២០២០ សម្រាប់​រោងចក្រ​កាត់ដេរ

Content image - Phnom Penh Post
កម្ម​ករ-កម្ម​ការិនី​​កំ​ពុង​ដេរ​នៅ​ក្នុង​រោង​ចក្រ។ ភ្នំពេញ ប៉ុសិ៍្ត

ក្រសួង​ឲ្យភាគី​ពាក់​ព័ន្ធ​សិក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ ២០២០ សម្រាប់​រោងចក្រ​កាត់ដេរ

ភ្នំពេញៈ ភាគី​ពាក់​ព័ន្ធ​មាន​ក្រសួង​ការងារ​ សហ​​ជីព ​និង​និ​យោជក ចាប់​ផ្តើម​ពិភា​ក្សា​ជុំវិញ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ដ​ល់​កម្ម​ករ​និយោ​ជិត​ ផ្នែក​វាយ​ន​ភណ្ឌ កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​ ២០២០​ ខាង​មុខ​ ខណៈ​សហ​ជីព​មួយ​ចំនួន​រំពឹង​ថា​ ប្រាក់​ឈ្នួល​គោល​របស់​កម្ម​ករ អាច​នឹង​ឡើង​ចន្លោះ​ពី​ ២០​ ទៅ​ ២៥​ ដុល្លា​រសហរដ្ឋ​អាមេរិក។​

យោង​តាម​លិខិត​របស់​​លោក​ អិុត​ សំ​ហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ បាន​ឲ្យ​ដឹង​ថា​ បាន​​កំណត់​យក​ ខែ​ តុលា ឆ្នាំ ​២០១៩​ បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អ​ប្បបរ​មា​ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អ​ប្បប​រមា​ផ្នែក​វាយ​នភណ្ឌ ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​ សម្រាប់​ឆ្នាំ ២០​២០​ និង​កំណត់​យក​ថ្ងៃ​ទី ​១​ ខែ ​មករា​ ឆ្នាំ​ ២០​២០​ ជា​កាល​បរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា។​

រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បបរ​មា ​ដល់​កម្មករ​និ​យោ​ជិ​ក​ ក្នុង​វិស័យ​កាត់​ដេរ​ ជា​រៀង​រាល់​ឆ្នាំ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​ ខណៈ​ដែល​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ក្នុង​ឆ្នាំ​ ២០១៩​ មាន​ចំនួន​ ១៨២​ ដុល្លារ​ ក្នុង ១ ខែ។​

កាល​ពី​ថ្ងៃ​ពុធ​ ក្រសួង​ការងារ​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បា​ន​ចេញ​សេច​ក្តី​ជូន​ដំណឹង​​កំណត់​ពី​កាល​វិភាគ​នៃ​កា​រ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមាដ​ល់​កម្ម​ករ​និ​យោ​ជិត​ ផ្នែក​វាយ​ន​ភណ្ឌ​ កាត់​​ដេរ​ និង​ផលិត​ស្បែក​ជើង​ ដោយ​តម្រូវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​ចាប់​ផ្តើម​ពិភាក្សា​គ្នា​នៅ​ក្នុង​ខែ​កក្កដា​​នេះ​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​ ដើម្បី​ឈាន​ទៅ​រក​ការ​ពិភាក្សា​គ្នា​ ជា​លក្ខណៈ​ត្រី​ភា​គី នៅ​ខែ​ សីហា ​ឆ្នាំ​ ២​០១៩ ​ខាង​មុខ​ ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ។​

​ក្រសួង​ការ​ងារ​ តម្រូវ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ប្រើ​លក្ខ​ណៈ​វិនិ​ច្ឆ័យ​បែប​សង្គម​ (ស្ថាន​ភាព​គ្រួសារ​ អត្រា​អតិ​ផរ​ណា ​និង​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ)​ និង​លក្ខ​ណៈ​វិនិ​ច្ឆ័យ​បែប​សេដ្ឋ​កិច្ច​ (ផលិត​ភាព​ ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ​ស្ថាន​ភាព​ទីផ្សារ​ការ​ងា​រ​ និង​កម្រិត​ចំណេញ​របស់​វិស័យ)​ ក៏​ដូច​ជា​បន្ទាត់​ភាព​ក្រី​ក្រ ​សម្រាប់​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ពិភា​ក្សា​ប្រាក់​ឈ្នួល​អប្បបរមានៅ​កម្ពុជា។​

លិខិត​នោះ​បាន​បញ្ជាក់​ដល់​​​គ្រប់​ភា​គី​ទាំង​អស់​ ឲ្យ​​ផ្តោត​លើ​ទិន្ន​ន័យ​ និង​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ ​ដោយ​យោង​លើ​លក្ខណ​វិនិច្ឆ័យ​ទាំង​ ៧​ ដូច​បាន​កំណត់​ក្នុង​មាត្រា ៥​ នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អ​ប្បបរ​មា ​ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​សម្រប​សម្រួល​ផ្ទៃ​ក្នុង​ និង​ប្រកាន់​គោល​ជំហរ​រួមមួយ។​

​លោក ​អាត់​ ធន់​ ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​កាល​បរិ​ច្ឆេទ​នេះ​ មិន​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​ពី​ឆ្នាំ​មុន​នោះ​ទេ។ ​ហើយ​​សម្រាប់​ឆ្នាំ​ខាង​មុខ ​​កម្មករ​អាច​នឹង​ទទួល​បាន​ការ​ដំ​ឡើង​ប្រាក់​ឈ្នួល​ចន្លោះ​ពី ​២០​ ទៅ ២៥ ដុល្លារ។

លោក​ថ្លែង​​ថា​៖​ ​«​យើង​បាន​ជ​ជែ​ក​ក្នុង​រង្វង់​ ២០​ ទៅ​ ២៥ ​ដុល្លា​រ ពីលើ​ប្រាក់​ខែ​គោល​ដែល​មាន​ស្រាប់​ បន្ទាប់​ពី​បាន​សិក្សា ​ព្រោះ​យើង​បាន​ប្រជុំ​ជា​មួយ​កម្មករ​នៅ​តាម​រោង​ចក្រ​ជា​ច្រើន​ ហើយ​ភាគ​ច្រើន​ ពួក​គេ​ចង់​បាន​ចន្លោះ​ហ្នឹង ​និង​ហេតុ​ផល​មួយ​ទៀត​ បើ​យើង​ទាមទារ​ច្រើន​ពេក​ ក្នុង​ការ​ពិភា​ក្សា​ហ្នឹង​ ក៏​មិន​អាច​ទទួល​បាន​ដែរ​ ព្រោះ​ឆ្នាំ​កន្លង​ទៅ ​ឡើង​យ៉ាង​ច្រើន​បាន ១០​ ទៅ​ ១៥​ ដុល្លា​រ ហើយ​កម្មករ​ទាំង​អស់​បាន​អះអាង​ថា​ ប្រសិន​ជា​ទទួល​បាន​ប៉ុណ្ណោះ ​បើ​ទោះ​ជា​​ជី​វ​ភាព​ពួក​គាត់ មិន​ទា​ន់​ស្រួល​ក៏​ដោយ ប៉ុន្តែ​ពួកគេ​អាច​ដោះស្រាយ​ជីវភាព​បាន​ខ្លះ»។​

​លោក ​អាត់​ ធន់​ បាន​អះអាង​ថា​ ប្រាក់​ឈ្នួល​កម្ម​ករ​នៅ​កម្ពុជា​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ទទួល​បាន​ក្នុង​រង្វង់​ ៣០០ ​ដុល្លារដែរ​ ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​តម្រូវ​ការ​លើ​ទីផ្សារ។

លោក ​សោម​ អូន​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​កម្ពុជា ​និង​ជា​អនុ​ប្រធាន​ប្រឹក្សា​ការងារ​ ក្នុង​ការ​ចរ​ចា​ប្រាក់​ឈ្នួល​កម្មករ​ បាន​អះអាង​ថា​ នឹង​ធ្វើ​ការ​សិក្សា ​និង​ជជែក​យ៉ាង​ណា ​ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​នូវ​ផល​ប្រ​យោជន៍​នឹង​អាច​ទទួល​យក​បាន​ពី​ភាគីពាក់​ព័ន្ធ​ផង​ដែរ​ ជា​ពិសេស ​គឺ​ខាង​និយោជក។​ ​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​មិន​អាច​និយាយ​អ្វី​មុន​បាន​ទេ​ ព្រោះ​យើង​ត្រូវ​ការ​សិក្សា​ និង​ពិភា​ក្សា​ច្បាស់​លាស់​ ទើប​ដឹង​ថា អាច​ឡើង​បាន​ប៉ុន្មាន​ភាគរយ»។​

​​លោក​ ខេន​ លូ​ អគ្គ​លេខា​ធិការ​សមា​គម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ GMAC ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ខាង​និយោជក​ នឹង​ចាប់​ផ្តើម​ជជែក​សិក្សា​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ថា​អាច​មាន​លទ្ធ​ភាព​ផ្តល់​ជូន​កម្មករ​ក្នុង​កម្រិត​ណា។​ ​

​លោក​ថ្លែង​ថា​៖​ ​«​តាម​កាល​វិភាគ​នេះ​ យើង​ទើប​តែ​ចាប់​ផ្តើម​ពិភា​ក្សា​ផ្ទៃ​ក្នុង​ ដូច្នេះ​យើង​មិន​ទាន់​មាន​ការ​ចរចា​ត្រី​ភាគី​ទេ ប៉ុន្តែ​យើង​បាន​ត្រៀម​ខ្លួន ​និង​ចាប់​ផ្តើម​រួច​ហើយ​ ក្នុង​ការងារ​នេះ»។​

លោក​ ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​អះអាង​ថា​ ចំពោះ​កា​រ​ចរ​ចា​​កំណត់​ប្រាក់​ឈ្នួល​ខាង​មុខ​ មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​បាន​នោះ​ទេ​ថា ​លទ្ធ​ផល​នឹង​ទៅ​ជា​យ៉ាង​ណា​ សំខាន់​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​នៃ​ការ​ចរចា​ទាំង​ ២​ ដែល​មាន​តំណាង​កម្មករ​និយោ​ជិត​ ​និ​ង​​ភាគី​និយោជក៕​

អត្ថបទគួរចាប់អារម្មណ៍