ភ្នំពេញ: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ពី​ម្សិលមិញ​បាន​កោះហៅ​ម្ចាស់​ផលិតកម្ម​មរតក​មេឌៀ​ (Morodok Media) ​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ការផលិត​វីដេអូ​ចម្រៀង​មាន​ខ្លឹមសារ​ប្រមាថ​ពលរដ្ឋ​ខេត្តព្រៃវែង​តាម​ការស្នើសុំ​របស់​លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង ប៉ុន្ដែ​អ្នកគ្រប់គ្រង​ផលិតកម្ម​នេះ​ថា វីដេអូ​នោះ​គ្រាន់តែ​ចង់​អប់រំ​កុំឲ្យ​រើសអើង​អ្នក​ព្រៃវែង​ប៉ុណ្ណោះ​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុមប្រឹក្សាវិន័យ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​កោះហៅ​ម្ចាស់​ផលិតកម្ម និង​អ្នកពាក់ព័ន្ធ​ឲ្យ​មក​បំភ្លឺ​ជុំវិញ​ការផលិត​បទចម្រៀង​នេះ​រួចហើយ ដោយ​ពួកគាត់​ព្រម​ធ្វើតាម​ការស្នើសុំ​របស់​អភិបាល​ខេត្តព្រៃវែង និង​ក្រសួង​វប្បធម៌​។

លោក​បន្តថា ផលិតកម្ម មរតក មេឌៀ នៅ​មិនទាន់​មានការសុំច្បាប់​ធ្វើ​អាជីវកម្ម​ ​និង​ច្បាប់​ផលិត​វីដេអូ​គ្រប់​ប្រភេទ​ឡើយ​។ ដូច្នេះ​ក្រុមប្រឹក្សាវិន័យ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ផលិតកម្ម​ចេញមុខ​សុំទោស​ជា​សាធារណៈ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផលិត​វីដេអូ​ប៉ះពាល់​សង្គម និង​តម្រូវ​ឲ្យ​សុំច្បាប់ ឬ​​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​ថា​៖ «​ជាទូទៅ បើ​ចង់​បើក​ផលិតកម្ម​ភាពយន្ត​អ្វីមួយ​ត្រូវ​តែ​មក​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ហើយ​មក​សុំ​អាជ្ញាប័ណ្ណ​ពី​អគ្គនាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទៀត ដើម្បី​ដំណើរការ​អាជីវកម្ម​បាន​ស្របច្បាប់​។ ចំពោះ​អ្នក​ចង់​ផលិត​វីដេអូ​ឃ្លីប​ពាណិជ្ជកម្ម​ធំៗ​មួយ​ចំនួន​ក៏​ត្រូវ​មក​សុំ​ច្បាប់​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែរ​»​។

លោក​ ឈួន សុខលីម អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​មរតក មេឌៀ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ផលិតកម្ម​លោក​គ្មាន​បំណង​ប្រមាថ​ពលរដ្ឋ​ខេត្ត​ព្រៃវែង​ទេ​។ ប៉ុន្តែ​ចង់​អប់រំ​កុំឲ្យ​មាន​ការរើសអើង និង​និយាយ​មិន​សមរម្យ​ពី​ពលរដ្ឋ​ខេត្តព្រៃវែង​។

លោក​បន្តថា កន្លងមក​លោក​ធ្លាប់​ឮ​ពាក្យ​ថា អ្នក​ខេត្តព្រៃវែង​ដើរ​សុំទាន ធ្វើ​ចោរលួច ចោរប្លន់ ឬ​ជា​អ្នកក្រីក្រ​ជាដើម​។ ដូច្នេះ​ទើប​និពន្ធ​បទចម្រៀង​ក្នុង​ន័យ​អប់រំ​កុំឲ្យ​ស្អប់ខ្ពើម​អ្នក​ខេត្តព្រៃវែង​។

លោក សុខលីម បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ចូល​បំភ្លឺ​រួចហើយ គឺ​ពួកខ្ញុំ​គ្មាន​បំណង​អាក្រក់​ណា​មួយ​ទេ តែ​បើ​មាន​ការប៉ះពាល់​ខ្លាំង​មែន ខ្ញុំ​បាន​សុំទោស​ជា​សាធារណៈ​រួច​ហើយ ខ្ញុំ​ក៏​អ្នក​ព្រៃវែង អ្នកនិពន្ធ​បទចម្រៀង​ក៏​ជា​អ្នក​ព្រៃវែង​ដែរ អ៊ីចឹង​រឿង​អី​ដែល​ពួកខ្ញុំ​ទៅ​បង្អាប់​ស្រុក​កំណើត​ខ្លួនឯង​? ​ទោះបី​យ៉ាងណា ខ្ញុំ​បាន​យល់ព្រម​​លុប​បទចម្រៀង​ចេញពី​ផេក​អស់ហើយ ហើយ​ខ្ញុំ​ក៏​បាន​កែតម្រូវ​រាល់​អ្វី​ដែល​ជា​កំហុសឆ្គង​ដែរ​»​។

តាម​លិខិត​របស់​លោក ជា សុមេធី អភិបាល​ខេត្តព្រៃវែង​ចុះ​ថ្ងៃទី​ ៣ ខែ​កក្កដា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​លោក​បាន​ស្នើសុំ​ឲ្យ​ចាត់វិធានការ​ចំពោះ​ផលិតកម្ម​មរតក មេឌៀ ដែល​បាន​បង្ហោះ​ឃ្លីប​វីដេអូ​បទចម្រៀង​មួយ​ «​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​»​។

លិខិត​បន្តថា នៅ​ថ្ងៃទី​ ២ ខែ​កក្កដា ឆ្នាំ​ ២០២០ ផលិតកម្ម​មរតក​មេឌៀ បាន​បង្ហោះ​ឃ្លីប​វីដេអូ​នេះ​ក្នុង​ផេកហ្វេសប៊ុក Morodok Media និង​បណ្ដាញ​យូធូប​ (YouTube) ​ដែល​ក្នុង​ខ្លឹមសារ និង​​រូបភាព​ថា អ្នក​ព្រៃវែង​សុទ្ធតែ​អ្នក​មិនល្អ ​ពូជ​ចោរលួច ចោរប្លន់ កាប់​ចាក់ សុំទាន និង​ជា​អ្នកក្រ​។

លិខិត​ដដែល​បាន​ចាត់ទុក​អំពើ​នេះ​ថា ជា​ការប្រមាថ​ធ្ងន់ធ្ងរ​មកលើ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ និង​សតិអារម្មណ៍ ពលរដ្ឋ​ខេត្តព្រៃវែង ដោយ​បង្កើត​នូវ​ការរើសអើង​ និង​ជា​សកម្មភាព​វិទ្ធង្សនា​វប្បធម៌​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាជាតិ​កម្ពុជា​។

លិខិត​បញ្ជាក់ថា​៖ «​ក្នុង​ន័យ​នេះ រដ្ឋបាល​ខេត្តព្រៃវែង​សូម​ស្នើសុំ​ឲ្យ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ផលិតកម្ម​មរតកមេឌៀ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ការរើសអើង និង​ប្រព្រឹត្ត​បទល្មើស ហើយ​ផលិតកម្ម​មរតក មេឌៀ ត្រូវ​លុប​វីដេអូ និង​ធ្វើការ​បកស្រាយ​សុំទោស​ជា​សាធារណៈ​ឡើងវិញ​»​។

លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

តាម​វីដេអូ​ខារ៉ាអូខេ​រយៈពេល​ជិត​ ៣ ​នាទី ​​ដែល​បង្ហោះ​នេះ​បាន​រៀបរាប់​ពី​គ្រួសារ​អ្នក​ខេត្តព្រៃវែង​បាន​ចូល​ស្ដីដណ្ដឹង​កូនក្រមុំ​អ្នក​ភ្នំពេញ ប៉ុន្ដែ​ម្ដាយ​ខាង​ស្រី​បាន​ផ្ដាច់​ពាក្យ និង​ដេញ​ទៅវិញ ក្រោយពី​ដឹង​​ថា ខាង​ប្រុស​ជា​អ្នក​ព្រៃវែង ហើយ​ថែម​ទាំង​ពោល​ពាក្យ​ប្រមាថ​ថា​ «​អ្នក​ព្រៃវែង សុទ្ធតែ​អ្នក​មិនល្អ ពូជ​ចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និង​ជា​អ្នកក្រ​»​។ ដូច្នេះ​ទើប​ធ្វើឲ្យ​មាន​ការរិះគន់​ខ្លាំង​បែប​នេះ​៕

វីដេអូ៖