ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានយល់ព្រមឲ្យរៀបចំការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមនៅសាលាគរុកោសល្យខេត្តព្រៃវែងទៅតាមសំណើមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីផ្សព្វផ្សាយឲ្យរឹតតែទូលំទូលាយ។
យោងតាមលិខិតចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ចុះថ្ងៃទី ១៥ ខែ សីហា ផ្ញើជូនមជ្ឈមណ្ឌលឯកសារកម្ពុជាដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានពីម្សិលមិញថា ក្រសួងអប់រំបានអនុញ្ញាតឲ្យមជ្ឈមណ្ឌលនេះប្រើប្រាស់ទីតាំងបរិវេណវិទ្យាស្ថានគរុកោសល្យទាំង ២ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគដើម្បីរៀបចំជាបន្ទប់ ការិយាល័យដោយដាក់ឈ្មោះ “ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម” សម្រាប់ជាកន្លែងអប់រំផ្សព្វផ្សាយស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហមជូនដល់គរុសិស្ស និងសិស្សឲ្យបានទូលំទូលាយ។
លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារ និងការស្រាវជ្រាវ និងការអប់រំពីរបបប្រល័យពូជសាសន៍ខេត្តព្រៃវែងបានថ្លែងកាលពីម្សិលមិញថា ការិយាល័យនេះជាផ្នែកមួយនៃគម្រោងសងជំងឺចិត្តនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងរឿងសំណុំរឿង ០០២។
លោកបានថ្លែងថា៖ «នាយកមជ្ឈមណ្ឌលរូបនេះមានចក្ខុវិស័យវែងឆ្ងាយដោយស្នើបង្កើតការិយាល័យនេះនៅក្នុងគរុកោលស្យតំបន់ភូមិភាគចំនួន ៦ ទូទាំងប្រទេស។ គោលបំណងនៃការបង្កើតនេះមិនគ្រាន់តែផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងជួយអប់រំគរុសិស្សនៅក្នុងសាលាគរុកោសល្យនីមួយៗផងដែរ។ លោកបន្ថែមថា ការិយាល័យ ៥ ផ្សេងទៀតនឹងរួចរាល់ត្រឹមឆ្នាំ ២០២២។
លោកបន្តថា៖ «នេះដើម្បីធ្វើឲ្យពួកគេរៀនសូត្រប្រវត្តិសាស្ត្រ និងអាចបង្រៀនប្រវត្តិសាស្ត្រដោយផ្អែកលើការពិតជាប្រវត្តិសាស្ត្រហើយមិនលម្អៀងចំពោះគណបក្សនយោបាយណាមួយ។
ដូច្នេះក្រសួងអប់រំបានអនុញ្ញាតឲ្យយើងរៀបចំការិយាល័យនៅក្នុងគរុកោសល្យតំបន់ភូមិភាគចំនួន ៦»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងកាលពីម្សិលមិញថាការិយាល័យនេះជាគន្លឹះបង្កើនចំណេះដឹងពីប្រវត្តិសាស្ត្រដល់គរុសិស្សដែលជាអាទិភាពតែមួយរបស់ក្រសួងអប់រំ។
លោកថា៖ «ការបង្កើនសមត្ថភាពគរុសិស្សជាដំណើរការសំខាន់ក្នុងការពង្រឹងគុណភាពអប់រំ»៕ Nan