
ទីតាំងសាលាទន្សាយ ដែលក្រសួងសង្គមកិច្ចឲ្យរើចេញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យអង្គការសាលារៀនទន្សាយដែលផ្ដល់ការអប់រំជាពិសេសដល់កុមារកើតមានបញ្ហាអូទីសឹម (autism) រើទីតាំងចេញពីបុរីទារក និងកុមារជាតិ និងបានប្រាប់ឱ្យស្វែងរកអគារប្រើប្រាស់ផ្ទាល់ខ្លួន បន្ទាប់ពីបានជួយផ្ដល់ទីតាំងឱ្យអង្គការនេះដំណើរការអស់ពេលជាង ២២ ឆ្នាំ ជាអ្វីដែលធ្វើឲ្យឪពុកម្ដាយកុមារខ្លះអាចឲ្យកូនឈប់រៀន។
លោក ហ៊ុន ទូច នាយកប្រតិបត្តិអង្គការសាលារៀនទន្សាយ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា ខាងអគ្គនាយកដ្ឋានសុខុមាលភាពកុមារកាលពីថ្ងៃទី ៣១ ខែ កក្កដា បានស្នើឱ្យអង្គការសាលារៀនទន្សាយរើទីតាំងចេញពីបុរីទារក និងកុមារជាតិ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលើកហេតុផលថា ដើម្បីយកអគារប្រគល់ឱ្យកុមារពិការភាពផ្សេង ដែលត្រូវបញ្ជូនចេញពីមន្ទីរពេទ្យគន្ធបុប្ឆា។
លោកថា៖ «ឥឡូវពួកយើងកំពុងដើររកជួលបន្ទប់សម្រាប់ធ្វើកន្លែងការិយាល័យធ្វើការ ហើយពួកយើងក៏បានប្រជុំប្រាប់បុគ្គលិកទាំងអស់ឱ្យត្រៀមរើសម្ភារប្រើប្រាស់ចេញដែរកាលពី ២-៣ ថ្ងៃមុននេះ និងតាមគម្រោងសាលារៀនទន្សាយនឹងរើទៅកាន់សាលាបឋមសិក្សាទួលគោកនៅពាក់កណ្ដាលខែក្រោយនេះ ព្រោះសាលានេះ យើងបានសហការគ្នាដើម្បីបង្រៀនកុមារដែលកើតមានបញ្ហាអូទីសឹម»។
លោកបន្តថា ការរើទីតាំងនេះ នឹងធ្វើឱ្យអង្គការសាលារៀនទន្សាយប្រឈមទៅនឹងបញ្ហាមួយចំនួនដូចជា សិស្សអូទីសឹមខ្លះ អាចឈប់រៀនវិញ និងគ្រូខ្លះទៀតឈប់ពីការងារ ដោយសារមានផ្ទះនៅឆ្ងាយពីសាលា។ លើសពីនេះ អង្គការនឹងកាន់តែប្រឈមទៅនឹងវិបត្តិខ្វះខាតថវិកា ដោយសារត្រូវចំណាយលើការបំពាក់សម្ភារឡើងវិញ ខណៈជំនួយដែលអង្គការទទួលបានតិចជាងការចំណាយប្រចាំខែ។
លោកថា៖ «យើងមិនមែនមិនចង់រើចេញពីហ្នឹងទេ ប៉ុន្តែយើងចង់ឱ្យរដ្ឋាភិបាលជួយគាំទ្រផ្ដល់ជាអគារសិក្សានៅកន្លែងដែលជិតគ្នា (បុរីទារកនិងកុមារជាតិ) ព្រោះយើងគ្មានលុយទៅទិញដី ឬសាងសង់អគារខ្លួនឯងទេ ប៉ុន្តែយើងចង់ផ្ដល់ការអប់រំដល់កុមារដល់ទីកន្លែង ហើយប្រសិនបើឱ្យសាលារៀនទន្សាយទៅរដ្ឋគ្រប់គ្រងទៅ អាហ្នឹងក៏ខ្ញុំពេញចិត្តដែរ»។
អង្គការសាលារៀនទន្សាយបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៧ ដើម្បីការផ្ដល់ការអប់រំដល់កុមារងាយរងគ្រោះដោយសារកើតមានបញ្ហាអូទីសឹម នៅក្នុងបុរីទារក និងកុមារជាតិហើយកាលពីឆ្នាំ ២០០៨ អង្គការនេះបានបើកឱ្យមានថ្នាក់បង្រៀនសមាហរណកម្មលើកដំបូងក្នុងសាលាបឋមសិក្សាទួលគោក និងបានបន្តពង្រីកការអប់រំដល់កុមារអូទីសឹមនៅតាមសាលាបឋមសិក្សាមួយចំនួនទៀតក្នុងខេត្តចំនួន ៣ ដូចជា កំពង់ស្ពឺ កណ្ដាល និងសៀមរាប។
បើតាមលោក ហ៊ុន ទូច បច្ចុប្បន្ន អង្គការសាលារៀនទន្សាយកំពុងជួយផ្ដល់ការអប់រំពិសេសដល់កុមារកើតមានបញ្ហាអូទីសឹមសរុបចំនួន ៦៣៧ នាក់ ដោយមានគ្រូបង្រៀនសរុប ៤៧ នាក់។ក្នុងនោះកុមារប្រហែល ៧០ នាក់ កំពុងរៀននៅក្នុងបុរីទារក និងកុមារជាតិ ដោយអង្គការទទួលបានបន្ទប់ចំនួន ៤ ដែល ៣ បន្ទប់ធ្វើជាថ្នាក់រៀន និង ១ បន្ទប់ទៀតធ្វើជាការិយាល័យបុគ្គលិក។
អ្នកស្រី ក្រៃ សុខកញ្ញា រស់នៅសង្កាត់ភ្នំពេញថ្មី បានលើកឡើងថា អ្នកស្រីមានកូនប្រុសម្នាក់អាយុ ៦ ឆ្នាំ កំពុងសិក្សានៅក្នុងសាលារៀនទន្សាយនៅក្នុងបុរីទារក និងកុមារជាតិ ដោយសារកើតអូទីសឹម គឺមិនចេះនិយាយ និងខ្សោយការស្ដាប់។
អ្នកស្រីបានអះអាងថា បន្ទាប់ពីទទួលដំណឹងពីអង្គការ ឪពុកម្ដាយដែលមានកូនរៀនទីតាំងចាស់បានជជែកគ្នាអំពីការបង្ខំចិត្តឱ្យកូនត្រូវឈប់រៀន ដោយសារផ្ទះឆ្ងាយពីសាលាទៅសាលាបឋមសិក្សាទួលគោកដែលជាទីតាំងថ្មី។
អ្នកស្រីថា៖ «តាមអារម្មណ៍ខ្ញុំ រដ្ឋាភិបាលដូចជា មិនទទួលខុសត្រូវទេ ហើយរដ្ឋាភិបាលដូចជាផ្ដោតតែលើក្មេងដែលពិការដែរ តែដូចជា ពិការដៃ ឬជើង ហើយដូចជាអត់ផ្ដោតលើកុមារអូទីសឹម ស្របពេលដែលក្មេងមានអូទីសឹម គេមិនសូវដឹង ហើយរដ្ឋាភិបាលមិនសូវខ្វល់ទៅទៀត ព្រោះឥឡូវក្មេងមានបញ្ហាអូទីសឹមកើតច្រើនដែរហ្នឹង»។
ទោះជាយ៉ាងណា លោក តូច ចាន់នី មន្ត្រីនាំពាក្យក្រសួងសង្គមកិច្ចបានបញ្ជាក់ថា ការឱ្យអង្គការសាលារៀនទន្សាយរើទីតាំងនេះគឺមិនមែនដោយសារមានរឿងប៉ះទង្គិចគ្នាអ្វីឡើយ ប៉ុន្តែដោយសាររដ្ឋាភិបាលត្រូវការអគារសម្រាប់ផ្ដល់ការមើលថែដល់ទារកពិការដែលត្រូវបានឪពុកម្ដាយបង្កើតហើយបោះចោលនៅតាមមន្ទីរពេទ្យដែលបច្ចុប្បន្នកំពុងកើតឡើងស្ទើររៀងរាល់ថ្ងៃ។
លោកថា៖ «អ៊ីចឹងទីតាំងរាល់ថ្ងៃហ្នឹង គឺយើងឱ្យគាត់ខ្ចីប្រើប្រាស់បណ្ដោះអាសន្នទេ ហើយនៅពេលណាក្រសួងត្រូវការ គឺត្រូវប្រគល់ឱ្យក្រសួងដោយគ្មានលក្ខខណ្ឌទេ អ៊ីចឹងនៅពេលជួបបញ្ហាដើម្បីពង្រីកកម្មវិធីជួយសង្គ្រោះបន្ថែមយើងគ្មានជម្រើសផ្សេងទេ»។
មន្ត្រីនៅក្រសួងសង្គមកិច្ចធ្លាប់បានប៉ាន់ប្រមាណថា ប្រទេស កម្ពុជា មានកុមារកើតមានបញ្ហាអូទីសឹម ប្រមាណ ៥ ពាន់នាក់ រីឯចំនួនអង្គការដែលជួយបណ្ដុះបណ្ដាលដល់កុមារអូទីសឹមនេះមានជាង ១០ អង្គការ។
លោក ហ៊ុន ទូច បានបញ្ជាក់ថា កុមារអូទីសឹម មានលក្ខណៈខុសៗគ្នា ក្មេងខ្លះខ្សោយភាសាមិនអាចនិយាយ និងស្ដាប់បាន ខ្លះទៀតខ្សោយខាងទំនាក់ទំនងសង្គមដោយមិនចង់មានមិត្តភក្ដិ និងខ្លះទៀតមានការរពឹសខុសពីធម្មតា ប៉ុន្តែលោកថា កុមារអូទីសឹមខ្លះអាចវិលទៅរកភាពធម្មតាវិញ ប្រសិនបើអាចបណ្ដុះបណ្ដាលពួកគេឱ្យចេះនិយាយភាសា និងស្ដាប់ភាសាបាននៅអំឡុងអាយុ ៥ ទៅ ៦ ឆ្នាំ៕