ភ្នំពេញ: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ណែនាំ​ដល់​អ្នករៀបចំ​ទម្រង់​របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​ទៅ​សម្តែង​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ត្រូវតែ​សហការ​ជាមួយ​ក្រសួង​ឲ្យ​បាន​ជិតស្និទ្ធ​តាមរយៈ​ការផ្តល់​របាយការណ៍​សង្ខេប​ស្តីពី​ទស្សនទាន​គោលបំណង ទីកន្លែង និង​បរិស្ថាន​ច្បាស់លាស់ មុន​ពេល​ចេញទៅ​សម្ដែង​ក្នុង​កម្មវិធី​អ្វីមួយ ដើម្បី​ចៀសវាង​រូបភាព​មិន​សមរម្យ​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​សិល្បៈ និង​កិត្តិយស​ជាតិ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ចុះ​ថ្ងៃទី​ ៤ ខែមីនា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា របាំ​ព្រះរាជទ្រព្យ ឬ​ហៅ​របាំ​ក្បាច់បុរាណ​ខ្មែរ​ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​តាំងពី​ឆ្នាំ​ ២០០៣ ​រហូត​មក​។ ក្នុងសម័យ​ចក្រភព​អង្គរ របាំ​នេះ​ជា​របាំ​សក្ការៈ​រាំ​ថ្វាយ​ទេវៈ បួងសួង​សុំ​សេចក្ដីសុខ សិរីសួស្ដី ថ្វាយ​ពរជ័យ​ដល់​ជាតិ និង​ប្រជាជន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ក្រោយ​ថ្ងៃ​រំដោះ ៧ ​មករា ឆ្នាំ​ ១៩៧៩ រហូត​បច្ចុប្បន្ន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រីករាយ​ខ្លាំង​ដោយសារ​ការរស់​ឡើងវិញ​នៃ​របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​ដែល​ក្រសួង​ក៏ដូចជា​បណ្ដា​អង្គការ សមាគម ក្រុម​សិល្បៈ​នានា ធ្វើការ​បង្ហាត់​បង្រៀន បណ្ដុះបណ្ដាល​យ៉ាង​ផុសផុល​សំដៅ​រួមចំណែក​ថែរក្សា ការពារ និង​ផ្សព្វផ្សាយ ដើម្បី​លើកតម្កើង​អត្តសញ្ញាណ​ជាតិ ហើយ​ដែល​ប្រការនេះ ក្រសួង​សូម​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចូលរួម​កាន់តែ​ច្រើន​ថែមទៀត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែមថា ក្រសួង​បាន​សង្កេតឃើញ​ថា​នៅ​មាន​អង្គការ សមាគម ក្រុម​សិល្បៈ ឬ​បុគ្គល​ខ្លះៗ​បាន​ប្រើប្រាស់​ទម្រង់​របាំ​នេះ ទោះ​ដោយ​ចេតនា​ក្ដី ខ្វះ​ការប្រុងប្រយ័ត្ន​នូវ​ក្បួនខ្នាត​ក្នុង​រូបភាព​មិន​សមរម្យ​នៅ​តាម​​ទីកន្លែង​មិន​សមស្រប​ដែល​ជា​ហេតុ​ធ្វើឲ្យ​អាប់ឱន ឬ​ជា​ការបន្ទាបបន្ថោក​ដល់​តម្លៃ​នៃ​សិល្បៈ​របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​ប៉ះពាល់​ដល់​កិត្តិយស​នៃ​អ្នករបាំ​បុរាណ​ខ្មែរ ដែល​មាន​មនសិការ វិជ្ជាជីវៈ​ច្បាស់លាស់ និង​ប៉ះពាល់​ដល់​កិត្តិស័ព្ទ​នៃ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។

ក្រសួង​វប្បធម៌​បាន​ណែនាំ​ឲ្យ​បណ្តា​អង្គការ សមាគម ក្រុម​សិល្បៈ​នានា​ដែល​នឹង​រៀបចំ​ទម្រង់​របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​ទៅ​សម្តែង​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ត្រូវ​សហការ​ជាមួយ​ក្រសួង​ឲ្យ​បាន​ជិតស្និទ្ធ​តាមរយៈ​ការផ្តល់​ជា​របាយការណ៍​សង្ខេប​ស្តីពី​ទស្សនទាន គោលបំណង ទីកន្លែង និង​បរិស្ថាន​ដែល​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​ត្រូវ​សម្តែង ដើម្បី​ចៀសវាង​នូវ​រូបភាព​មិន​សមរម្យ ប៉ះពាល់​ដល់​តម្លៃ​សិល្បៈ និង​កិត្តិយស​របស់​ជាតិ​។ ក្រសួង​វប្បធម៌​អំពាវនាវ​ចំពោះ​ការសម្ដែង​របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​នានា​ក្នុងប្រទេស​ក៏​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ក្បួនខ្នាត អ្នករបាំ និង​ទីតាំង​ឲ្យ​បាន​សមរម្យ និង​តម្លៃ​មតិក​មនុស្សជាតិ និង​កេរដំណែល​របស់​​បុព្វបុរស​ខ្មែរ​ផងដែរ​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លិខិត​នេះ​គឺជា​ការនាំ​ទៅគ្រប់​សមាគម អង្គការ សិល្បៈករ និង​អ្នក​ពាក់ព័ន្ធ​នានា​ជាទូទៅ​សិន​ដោយ​​ជំហាន​បន្ទាប់​ក្រសួង​នឹង​កោះហៅ​អ្នកពាក់ព័ន្ធ​ទាំងនោះ​មក​ធ្វើការ​អប់រំ ណែនាំ​បន្ថែមទៀត​។ ក្រសួង​គ្រោង​កោះហៅ​ពួកគាត់​ទាំងនោះ​នៅពេល​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​យក​អនុសាសន៍​រដ្ឋាភិបាល និង​សេចក្ដី​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដោយ​ចៀសវាង​ការប្រព្រឹត្ត​ដដែល​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​ពិតជា​មាន​ការប្រព្រឹត្ត​ខុសឆ្គង​បែបនេះ​មែន ដូច្នេះ​យើង​ចៀសវាង​ការខុស​បន្តទៀត​គឺ​យើង​ត្រូវតែ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែលជា​ការត្រឹមត្រូវ ហើយ​យើង​ពន្យល់​នូវ​អ្វីដែល​ជា​ការខុសឆ្គង ឬ​វា​ប៉ះពាល់​ដល់​សង្គមជាតិ វប្បធម៌ ប្រពៃណីជាតិ​យើង​»​។

លោកស្រី ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោកស្រី​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រោះ​កន្លងមក​ពិតជា​ធ្លាប់​មាន​ការសម្ដែង​របាំ​ព្រះរាជទ្រព្យ​មិន​សមរម្យ​មែន​។ ដោយ​លោកស្រី​ចង់​ឲ្យ​មាន​ការទប់ស្កាត់ និង​អប់រំ​ណែនាំ​នូវ​ទង្វើ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​កិត្តិយស ឬ​បន្ទាប​តម្លៃ​របាំ​ព្រះរាជ​ទ្រព្យ​នេះ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​​គាំទ្រ​អនុសាសន៍​រដ្ឋាភិបាល ព្រោះ​កន្លងមក​មាន​គេ​យក​របាំ​ព្រះរាជទ្រព្យ​ទៅ​សម្ដែង​មើល​ដូចជា​មិន​ដូច មិន​សមរម្យ​ទាល់តែសោះ​។ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​មាន​វិធានការ​អប់រំ ទប់ស្កាត់ ផ្សព្វផ្សាយ និង​ចាត់វិធានការ​ទៅលើ​បុគ្គល​មួយ​ចំនួន​ដែល​មិន​យល់​ពី​តម្លៃ​នៃ​របាំ​ព្រះរាជទ្រព្យ​»​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ថ្ងៃទី​ ៣ ខែ​មីនា​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ដោយ​លោក​បាន​លើកឡើង​អំពី​ការសម្តែង​របាំ​ព្រះរាជទ្រព្យ​មួយ​នៅ​ប្រទេស​សិង្ហបុរី​គឺ​ខុស​វប្បធម៌ ប្រពៃណី​ខ្មែរ និង​ប្រមាថ​ដល់​រាជវង្ស​ខ្មែរ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​បុគ្គល​ទាំងនោះ​ជាបន្ទាន់​៕