ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវជាថ្មីឲ្យពលរដ្ឋធ្វើការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាននៅតំបន់មួយចំនួន បន្ទាប់ពីកម្ពុជាទទួលរងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
សេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលធ្វើការព្យាករចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែតុលា ចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនបាននិងកំពុងគ្របដណ្តប់មកលើកម្ពុជាដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ការទទួលរងបាតុភូតនេះបានធ្វើឲ្យតំបន់ខ្លះដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរីអាចនឹងមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិចចាប់ពីថ្ងៃទី ២៨-៣១ ខែតុលា។
ក្រសួងបន្តឲ្យដឹងថាចាប់ពីថ្ងៃទី ២៥-៣១ ខែតុលា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅជាប់តំបន់មាត់សមុទ្រទាំងអស់អាចនឹងមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីតិចទៅមធ្យម។
ស្របពេលដែលភ្លៀងបន្តធ្លាក់នេះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចនៅកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម។
ក្នុងរយៈពេល ៨ ខែឆ្នាំ ២០១៩ នេះបាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់បានសម្លាប់មនុស្ស ៦ នាក់ និងបង្ករបួស ៩៣ នាក់ ខណៈបាតុភូតរន្ទះបាញ់បានសម្លាប់មនុស្ស ៧៧ នាក់ និងបង្ករបួស ៧៥ នាក់។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីខែតុលា។
តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែតនាពេលកន្លងទៅបានណែនាំវិធីការពារខ្លួនពីរន្ទះបាញ់ និងសង្គ្រោះបឋមជនរងគ្រោះដោយរន្ទះបាញ់ថា មូលហេតុដែលបណ្តាលឲ្យស្លាប់ពេលត្រូវរន្ទះបាញ់គឺ បណ្តាលមកពីការគាំងបេះដូង ព្រោះនៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុឲ្យសាច់ដុំបេះដូងបញ្ឈប់ចលនា។
តាមការណែនាំដដែលបានបន្តថា នៅពេលជួយសង្គ្រោះជនរងគ្រោះ អ្នកជួយសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ ហើយបើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗរហូតមានក្រុមសង្គ្រោះមកជួយ។
ចំណែកក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ។
ការណែនាំនោះបានបញ្ជាក់ថា វិធីការពារខ្លួនពីរន្ទះគឺពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង។ បើនៅទីវាលគ្មានដើមឈើ ត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ ម៉ែត្រ។ មិនត្រូវជ្រកក្រោមដើមឈើ។ ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ»៕