ភ្នំពេញៈ ​ក្រសួង​ទេសចរណ៍​អះអាងថា កម្ពុជា​ជា​ប្រទេស​ ១ ​ក្នុង​ចំណោម​ប្រទេស​មាន​សុវត្ថិភាព​បំផុត​ក្នុងការ​មក​ទស្សនា ទោះបី​ពេល​មាន​ជំងឺ​កូវីដ​ ១៩ ​ក្ដី ស្រប​ពេល​ការិយាល័យ​សេដ្ឋកិច្ច​សេណេហ្គាល់​ទើប​ផ្ដល់​ចំណាត់ថ្នាក់​ថ្មី​ឱ្យ​កម្ពុជា​ជាប់​លេខ​ ១ ក្នុង​ការទប់ស្កាត់​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​ពីថ្ងៃ​ ១២ មករា បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ២០ ធ្នូ ឆ្នាំមុន ការិយាល័យ​សេដ្ឋកិច្ច​សេណេហ្គាល់​បាន​ចុះផ្សាយ​ថា «​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ​លើ​ពិភពលោក​ក្នុង​ការប្រយុទ្ធប្រឆាំង និង​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩» ​ដែល​មាន​ពិន្ទុ​ ១/១ (១ ​ជា​ពិន្ទុ​ខ្ពស់បំផុត​នៃ​ការធ្វើ​ចំណាត់ថ្នាក់​) ​ក្នុង​ចំណោម​ ១៦៦ ​ប្រទេស​ជុំវិញ​ពិភពលោក បន្ទាប់មក​គឺ​ប្រទេស​ស៊ូដង់​ខាងត្បូង និង​ប្រទេស​ប្រ៊ុយណេ​ដែល​បាន​ពិន្ទុ​ ០,៩៩​។

ក្រសួង​បញ្ជាក់ថា​៖ «​ដោយមាន​ការគ្រប់គ្រង​យ៉ាង​ល្អ និង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា​ប្រទេស​ ១ ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ការមក​ទស្សនា ទោះបី​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩»​។

សេចក្ដី​ប្រកាស​នេះ​ក៏បាន​រំឭក​ដែរ​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ការិយាល័យ​សេដ្ឋកិច្ច​សេណេហ្គាល់​ក៏បាន​ចុះផ្សាយ​ពី​ចំណាត់ថ្នាក់​ប្រទេស​ដែល​គ្រប់គ្រង​កូវីដ ១៩ បាន​ល្អ​បំផុត​នៅលើ​ពិភពលោក​ម្ដង​ដែរ​។ ប៉ុន្ដែ​កាលនោះ​កម្ពុជា​ជាប់​លេខ​ ៣ បន្ទាប់ពី Saint Kitts និង​ Nevis ដែលជា​រដ្ឋ​តូច​នៃ​តំបន់​ការ៉ាអ៊ីប និង​ស៊ីស្សល​។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា​ «​ចំណាត់ថ្នាក់​នេះ​ជា​មោទនភាព​ជាតិ​មួយ​ផ្សេងទៀត​របស់​ប្រទេស​កម្ពុជា និង​ជា​ឱកាស​ដ៏ល្អ​ក្នុង​ការផ្សព្វផ្សាយ​ «​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​ផ្តល់​ភាពកក់ក្ដៅ​» ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​»​។

ជាមួយ​គ្នា​នេះ ក្រសួង​ទេសចរណ៍​បានស្នើ​គ្រប់ភាគី ស្ថាប័ន​ពាក់ព័ន្ធ ប្រតិបត្តិករ​ទេសចរណ៍​ដៃគូ​អភិវឌ្ឍន៍ សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​អន្តរជាតិ​ក្នុង​ការផ្សព្វផ្សាយ​ដំណឹង​ដ៏រីករាយ​នេះ​ដល់​ដៃគូ​ពាក់ព័ន្ធ​ទេសចរ​ជាតិ អន្តរជាតិ ជុំវិញ​ពិភពលោក​ថា «​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ការមក​ទស្សនា​ក្នុង​អំឡុងពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​សាទរ​ចំពោះ​ការទទួល​បាន​ចំណាត់ថ្នាក់​របស់​កម្ពុជា​នេះ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​ប្រទេស​យើង​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ហើយ ប៉ុន្ដែ​យើង​ក៏​អាស្រ័យ​លើ​ប្រទេស​ខាងក្រៅ​ដែរ បើ​ប្រទេស​ខាងក្រៅ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​បាន​ល្អ​​ជាង​មុន​នោះ​លំហូរ​ភ្ញៀវទេសចរ​ក៏​កើនឡើង​វិញ​ដែរ​»​។

បើតាម​លោកស្រី ចិន្តា កាលពី​ម្សិលមិញ​លោកស្រី​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សមាជិក​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា​ជាង​ ១០០ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នានា​ក្នុង​ការបង្កើត​យន្តការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​កម្សាន្ត​នៅ​កម្ពុជា ខណៈ​ឆ្នាំមុន វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​ខ្លាំង ជាពិសេស​ផ្នែក​សណ្ឋាគារ​។

លោកស្រី​ថ្លែងថា​៖« វិស័យ​សណ្ឋាគារ​រស់បាន​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ភ្ញៀវទេសចរ​​ហើយ​ក្នុង​សម័យកាល​កូវីដ​ ១៩ ជាង​ ១ ​ឆ្នាំ​នេះ​​មាន​សណ្ឋាគារ​ខ្លះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ឈាន​ទៅ​បិទ​ទាំងស្រុង និង​ខ្លះទៀត​បាន​បង្រួម​ការងារ​សម្រប​តាម​លទ្ធភាព​ជាក់ស្តែង​»៕

វីដេអូ៖