ភ្នំពេញៈ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​នៅ​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​កងទ័ព​ដែល​កំពុង​រស់នៅ​ និង​ឈរជើង​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរ៉ែក​ និង​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ ព្រោះ​នៅ​ដើមខែ​មករា​ឆ្នាំ​ ២០២១ ​ខាងមុខនេះ អាកាសធាតុ​ត្រជាក់​នឹង​ធ្លាក់ចុះ​ដល់​កម្រិត​ ១៤ ​អង្សាសេ​។

អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​លោក ចាន់ យុត្ថា បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែ ធ្នូ ឆ្នាំ​ ២០២០ ថា ក្រៅពី​ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់មូសុង​ឦសាន ប្រព័ន្ធ​សម្ពាធ​ទាប​សកម្ម​ដែល​កំពុងធ្វើដំណើរ​កាត់​តាម​តំបន់​ជ្រោយ​ម៉ាឡាកា​នៃ​ព្រំដែន​ថៃ​ និង​ម៉ាឡេស៊ី​នឹង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ផងដែរ​។ ក្នុងស្ថានភាព​នេះ​នឹង​ធ្វើឱ្យ​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា ចុះ​ត្រជាក់​ជាថ្មី​ម្ដងទៀត​ចាប់ពី​យប់​ថ្ងៃទី​ ៣០ ខែ ធ្នូ ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៥ ខែ​ មករា ​ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី អាកាសធាតុ​ត្រជាក់​នឹង​ធ្លាក់​មក​នៅក្នុង​កម្រិត​ ១៤ ​អង្សាសេ​ ឬ​ទាប​ជាង​នេះ សម្រាប់​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​។ ចំណែក​នៅ​តំបន់​វាលទំនាប​កណ្ដាល អាកាសធាតុ​ត្រជាក់​នឹង​អាច​ធ្លាក់​មក​ក្នុង​កម្រិត​ ១៦ ​អង្សាសេ​»​។

បើតាម​លោក យុត្ថា បន្ទាប់ពី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ អាកាសធាតុ​ត្រជាក់​នឹង​បន្ត​អូសបន្លាយ​រហូត​ដល់​យប់​ថ្ងៃទី​ ៣ ខែ​មករា ឆ្នាំ​ ២០២១​។ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​មាត់សមុទ្រ ជាពិសេស​អ្នក​និយម​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ប្រជុំ​កោះ​នានា​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា រួមទាំង​ប្រជានេសាទ​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ល្បឿន​ខ្យល់ និង​រលក​សមុទ្រ ព្រោះ​ក្នុងអំឡុង​ពេលនេះ​ល្បឿន​ខ្យល់​បក់​ ១០ ​ម៉ែត្រ​ក្នុង​ ១ ​វិនាទី​ដែល​ជំរុញ​ឱ្យ​រលក​សមុទ្រ​មាន​កម្ពស់​ចន្លោះ​ពី​ ១,៥ ​ម៉ែត្រ ទៅ ២ ​ម៉ែត្រ​។ នៅ​ថ្ងៃទី​ ៤ និង​ទី​ ៥ ខែមករា ឆ្នាំ​ ២០២១ នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​នៅក្នុង​តំបន់​មួយចំនួន​នៃ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​។

លោក សន ស៊ា មេបញ្ជាការ​កងពលតូច​លេខ​ ៤ ដែល​កំពុង​ឈរជើង​នៅ​ចំណុច​ចង្ក្រាន​យក្ស និង​ចាន់​ក្រហម​នៃ​តំបន់​ជួរមុខ​ទិស​ប្រាសាទ​តាមាន់ ខេត្ត​ឧត្តរមានជ័យ​បាន​ឱ្យ​ដឹងថា កងកម្លាំង​ប្រដាប់អាវុធ​មិន​បារម្ភ​ពី​អាកាសធាតុ​ត្រជាក់​នោះទេ ព្រោះ​ទទួល​បាន​អាវ​រងា និង សម្ភារ​ប្រើប្រាស់​មួយចំនួន​ដែល​អាច​ទប់ទល់​នឹង​អាកាសធាតុ​​ត្រជាក់​បាន​។

លោក ខាន់ សាម៉ែន មេ​បញ្ជាការ​សឹករង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ថ្លែងថា កាលពី​ថ្ងៃទី​ ២៦-២៧ ខែ ធ្នូ ឆ្នាំ​ ២០២០ កន្លងទៅនេះ នៅ​ស្រុក​ជាំក្សាន្ត សីតុណ្ហភាព​អប្បបរមា​បាន​ធ្លាក់ចុះ​មកដល់​ ១៦ ​អង្សាសេ ប៉ុន្តែ​នៅ​ថ្ងៃទី​ ២៩ សីតុណ្ហភាព​អប្បបរមា​បាន​ឡើង​មកដល់​ ១៩ ​អង្សាសេ​វិញ​។

លោក​ថ្លែងថា​៖ «​អាកាសធាតុ​ត្រជាក់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​បាន​ធ្វើឱ្យ​បងប្អូន​កងទ័ព​យើង​មួយចំនួន​មាន​ជំងឺ​គ្រុនផ្ដាសាយ​តិចតួច​ដែរ ជាពិសេស​កម្លាំង​ល្បាត នៅពេល​យប់ ដើម្បី​ការពារ​សន្តិសុខ​តាម​ជួរ​បន្ទាត់​ព្រំដែន​»៕

វីដេអូ៖