ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្ដី​ណែនាំ​មួយ​ដោយ​រំឭក​ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ករណី​​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រៃ​លិច​ទឹក​ដោយ​រំឭក​ថា ពួកគេ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៣ ​ដល់​ ១០ ​ឆ្នាំ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​បែបនេះ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាច្រើន​។

យោងតាម​សេចក្ដី​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្ដីពី​ «​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​» ​ចុះ​ថ្ងៃទី​ ១៥ ខែមករា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​កត់សម្គាល់​ថា មាន​កត្តា​ចម្បង​មួយ​ចំនួន​ដែល​នាំឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​នៅ​រដូវប្រាំង​។

ក្នុងនោះ​មាន​កើត​តាមរយៈ​សកម្មភាព​ការដុត​រាន​ព្រៃ​ដើម្បី​ចាប់​សត្វព្រៃ​ ឬ​ដើម្បី​សម្រួល​ដល់​ការកាប់​ឆ្ការព្រៃ​សម្រាប់​សង់​លំនៅ​ថ្មី និង​ភ្ជួរ​រាស់​ដី​ដាំដំណាំ​កសិកម្ម​ផ្សេងៗ​ព្រមទាំង​ការ​បន្សល់ទុក​ដើម​ភ្លើង​នៅក្នុង​ព្រៃ​តាមរយៈ​ការធ្វេសប្រហែស​ពី​មនុស្ស​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់​ឆ្នាំ​​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ដ៏ធ្ងន់ធ្ងរ​​ដល់​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​ជាតិ ព្រោះ​នៅពេល​មាន​ភ្លើង​ឆេះ​ព្រៃ​គឺ​មាន​ការឆេះ​រាលដាល​ដល់​ស្រូវ និង​ភូមិករ​របស់​ប្រជាពលរដ្ឋ​ដែល​ពេលខ្លះ​បាន​បង្ក​វិនាសកម្ម​ដល់​ជីវិត​មនុស្ស​ថែម​ទៀត​»​។

សេចក្ដី​ណែនាំ​ដដែល​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​ទាំងនេះ​​ក្រសួង​កសិកម្ម បាន​ដាក់​ចេញ​នូវ​វិធានការ​ ៧ ​ចំណុច​ក្នុង​នោះ​មាន​ទាំង​ការការពារ និង​គ្រប់គ្រង​ដីព្រៃ​ ឬ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ពី​ការទន្ទ្រាន​កាន់កាប់​ដោយ​​ខុសច្បាប់​ពី​បុគ្គល​ណា​ម្នាក់​​ក្រោយពី​មាន​ករណី​ភ្លើង​ឆេះព្រៃ ដើម្បី​ឲ្យ​គ្រប់​មន្ទីរ និង​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ដូច​សហគមន៍ រួមគ្នា​អនុវត្ត​ការងារ​ឲ្យ​បាន​ពេញលេញ​។

បើ​តាម​វិធានការ​ចម្បង​ដែល​ក្រសួង​បានដាក់​ចេញ​ក្នុង​សេចក្ដី​ណែនាំ​នោះ​គឺ​ «​ការទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​យក​ឃ្មុំ ការដុត​ព្រៃ​ និង​ព្រៃ​លិច​ទឹក​ដើម្បី​ស្ទាក់ចាប់​សត្វព្រៃ​ ឬ​ដើម្បី​ពង្រីក​ផ្ទៃដី​កសិកម្ម និង​ការដុត​វាលស្មៅ​ដើម្បី​យក​ល្បាស់​ធ្វើជា​ចំណី​សត្វ​ពាហនៈ​ជាដើម​...»​។

ក៏ប៉ុន្តែ​ក្នុងករណី​ចាំបាច់​ត្រូវ​ប្រើប្រាស់​ភ្លើង​ដើម្បី​ជា​មធ្យោបាយ​ដុត​រណ្ដៅជ័រ​ច្បោះ​តាម​ប្រពៃណី ឬ​ដុត​កាកសំណល់​ឈើ​ព្រៃ​ក្នុង​គោលបំណង​ដាំ​ដំណាំ​កសិកម្ម និង​ក្នុង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត​ត្រូវ​ជូន​ដំណឹង​ដល់​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត​សាមី ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​តាម​បច្ចេកទេស ដែល​អាច​ធានា​សុវត្ថិភាព​ភ្លើង​ឆេះព្រៃ​។

ជាមួយ​នេះ​ដែរ​ក្នុង​ករណី​​មាន​ភ្លើង​ឆេះ​ព្រៃ​កើតឡើង ត្រូវ​ប្រញាប់​ចាត់វិធានការ​ពន្លត់ភ្លើង​ជាបន្ទាន់​ ដើម្បី​ទប់ស្កាត់​ការរាលដាល​កាន់តែ​ធំ ឬ​រាលដាល​ឆេះ​ស្រូវ និង​ភូមិករ​របស់​ពលរដ្ឋ និង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​​ ឬ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​។

ក្នុង​សេចក្ដី​ណែនាំ​នោះ​លោក​ សាខុន ក៏បាន​បញ្ជាក់​ដែរថា​៖ «​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ ឬ​​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ ឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដោយ​ចេតនា​​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​ ១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​ ១ ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៣ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ ឬ​ពី​ ៥ ​ឆ្នាំ​ទៅ ១០ ​ឆ្នាំ​»​។

ពាក់ព័ន្ធ​ករណី​ដុត​រាន​ដីព្រៃ​នេះដែរ​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​យប់​ថ្ងៃ​ ១៥ មករា ទីស្នាក់ការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អបួន​លើ​នៃ​​ដែនជម្រក​សត្វព្រៃ​ស្រែពក​នៅក្នុង​ឃុំ​អបួន ស្រុក​កោះញែក ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​ដុត​ឆេះ​ខូចខាត​ទាំងស្រុង​។

លោក​បាន​ថ្លែងថា​៖ «​យើង​ចាត់ទុក​ការដុត​បំផ្លាញ​ទី​ស្នាក់ការ​របស់​ប្រជាសហគមន៍​តំបន់​ការពារធម្មជាតិ​អបួន​លើ​ដែល​ប្រព្រឹត្ត​ដោយ​ជន​មិន​ស្គាល់មុខ​ខាងលើ​នេះ​ជា​ទង្វើ​ខុសច្បាប់ និង​អសីលធម៌​បំផុត​»​។

បើ​តាម​លោក សុភគ៌ ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា​ជាការសងសឹក​ពី​ក្រុម​ជនល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​បរបាញ់​ដាក់​អន្ទាក់​សត្វព្រៃ​ខុសច្បាប់​ព្រោះ​កន្លងមក​ប្រជាសហគមន៍​តំបន់​នេះ​បាន​ចូលរួម​​យ៉ាងសកម្ម​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

លោក​បន្តថា ​កាលពី​ ១ ​សប្ដាហ៍​​មុន​ក៏មាន​ករណី​លួច​ដុត​ទីស្នាក់ការ​បរិស្ថាន​អន្ទ្រង​ក្នុង​​ដែនជម្រក​សត្វព្រៃ​ភ្នំព្រិច​ផងដែរ​។ ប៉ុន្តែ​រឿងនេះ​ខាង​សហគមន៍​រួមទាំង​មន្ត្រី​ឧទ្យានុរក្ស​បាននាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស​ដើម្បី​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕