
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចរំសាយតំបន់ជំងឺផ្តាសាយបក្សីពីរកន្លែងនៅភូមិក្បាលអូរ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ និងភូមិតាឡៃ ឃុំគ ស្រុកព្រៃឈរ ក្នុងខេត្តកំពង់ចាម និងបើកឲ្យពលរដ្ឋចិញ្ចឹមបក្សីគ្រប់ប្រភេទឡើងវិញបន្ទាប់ពីបានហាមឃាត់លើការចិញ្ចឹមនិងធ្វើចរាចរណ៍សត្វបក្សីជាបណ្ដោះអាសន្នអស់មួយរយៈមក។
លោក ខឹម ចិន្តា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃអង្គារថា សេចក្ដីប្រកាសស្ដីពី«ការរំសាយតំបន់ជំងឺផ្ដាសាយបក្សី» ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថាសកម្មភាពនៃជំងឺឆ្លងផ្តាសាយបក្សីក្នុងតំបន់នោះមានភាពស្ងប់ស្ងាត់ ហើយសត្វបក្សីមានសុខភាពប្រសើរឡើងវិញ។
លោកបានថ្លែងថា ៖«បន្ទាប់ពីការធ្វើតេស្តឈាមមាន់ទា ក្នុងតំបន់នោះរកមិនឃើញមានសត្វមាន់ទាមានមេរោគផ្ដាសាយបក្សីទៀត ក្រសួងក៏ចេញប្រកាសនេះ ដើម្បីអនុញ្ញាតឲ្យប្រជាកសិករធ្វើចរាចរណ៍ និងចិញ្ចឹមសត្វបក្សីគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារឡើងវិញ»។
កាលពីថ្ងៃទី១៨ កុម្ភៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញប្រកាសស្ដីពីការហ៊ុមព័ទ្ធនិងផ្អាកបណ្ដោះអាសន្នការធ្វើចរាចរសត្វបក្សីពីតំបន់ទាំងពីរបន្ទាប់ពីផ្ទុះជំងឺគ្រុនផ្ដាសាយបក្សីឡើង និងបានធ្វើឲ្យបុរសវ័យ៣៥ឆ្នាំ ឈ្មោះ ធឿន ឌឿន រស់នៅភូមិក្បាលអូរ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ស្លាប់ដោយគាត់បរិភោគទាងាប់ពីរក្បាល។ ភ្លាមៗនោះ ក្រុមឆ្លើយតបរហ័សបានបញ្ជូនទៅធ្វើរោគវិនិច្ឆ័យនិងរកឃើញថា អ្នកស្លាប់ឆ្លងជំងឺគ្រុនផ្តាសាយបក្សី ហើយសត្វមាន់ទា ជាង ៣០០ក្បាល ត្រូវបានសម្លាប់ចោល។
សេចក្ដីប្រកាសរបស់ក្រសួងកសិកម្មស្ដីពី«ការរំសាយតំបន់ជំងឺផ្ដាសាយបក្សី» នៅក្នុងតំបន់ទាំងពីរក្នុងខេត្តកំពង់ចាមនេះអ្នកស្រុកនៅតំបន់នោះមិនទាន់បានដឹងនៅឡើយទេ រហូតមកដល់ថ្ងៃអង្គារម្សិលមិញ។
កញ្ញា ឆាយ លីណា អាយុ២២ឆ្នាំ រស់នៅឃុំមេសជ្រៃ បានឲ្យដឹងថា ថ្វីដ្បិតមកទល់ពេលនេះមាន់ ទា មិនមានឈឺងាប់ទៀតក៏ដោយ ក៏អ្នកភូមិមិនទាន់ហ៊ានចាប់យកទៅលក់នៅកន្លែងផ្សេងដែរ ព្រោះ«ខ្លាចគេចាប់យក»ព្រោះអាជ្ញាធរមិនបានប្រាប់ឲ្យដឹងអំពីសេចក្តីប្រកាសរំសាយរបស់ក្រសួងនេះទេ។
កញ្ញា លីណា និយាយថា៖«ខ្ញុំរីករាយណាស់ នៅពេលដឹងថាក្រសួងកសិកម្ម អនុញ្ញាតឲ្យអ្នកភូមិខ្ញុំចរាចរ និងចិញ្ចឹមសត្វមាន់ទាឡើងវិញបាន ព្រោះវាអាចជួយបង្កើនប្រាក់ចំណូលទ្រទ្រង់ដល់ជីវភាពគ្រួសារបានមួយ កម្រិតផងដែរ»។
ពាក់ព័ន្ធនឹងបញ្ហាផ្សព្វផ្សាយសេចក្ដីប្រកាសមិនទាន់ទៅដល់ប្រជាពលរដ្ឋ លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម អះអាងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា គឺមកពីខាងមន្ទីរកសិកម្មខេត្តនៅមិនទាន់បានទទួលសេចក្ដីប្រកាសនោះដូចគ្នាដែរ។
លោកថ្លែងថា៖«យើងរីករាយណាស់ហើយយើងនឹងធ្វើការប្រកាសផ្សព្វផ្សាយភ្លាម នៅពេលដែលយើងទទួលបានសេចក្ដីប្រកាសនោះជាផ្លូវការ ព្រោះវាជាគោលបំណងរបស់យើងក្នុងការជំរុញចលនាប្រជាកសិករក្នុងការចិញ្ចឹមសត្វបក្សីគ្រប់ប្រភេទ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារពួកគាត់នឹងបំពេញតម្រូវការទីផ្សារក្នុងស្រុកនិងក្នុងតំបន់»។
លោកបន្តថា ជាមួយគ្នាដែរក្រុមបសុពេទ្យកំពុងរៀបចំកម្មវិធីចាក់ថ្នាំបង្ការដល់សត្វគោក្របីរាប់ម៉ឺនក្បាល ជូនប្រជាកសិករ ខណៈរដូវភ្ជួររាស់បានចូលមកដល់៕