The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងៀម​ស្ងាត់

ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងៀម​ស្ងាត់

ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងៀម​ស្ងាត់

130904_04
កម្មការិនីរោងចក្រកាត់ដេរ ពេលកំពុងបំពេញការងារនៅក្នុងរោងចក្រមួយនៅក្នុងរាជធានីភំ្នពេញ នាពេលកន្លងមក រូប ផា លីណា

ភ្នំពេញៈ ក្រសួង​ការងារ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​គ្រប់​អង្គការ​សហជីព បង​ប្អូន​កម្មករ​និយោជិត និង​និយោជក​ទាំង​អស់​រក្សា​ភាព​ស្ងាត់​ស្ងៀម និង​បន្ត​ធ្វើ​ការងារ​ដូច​ធម្មតា និង​ចៀសវាង​កុំ​ចាញ់​បោក​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​នៅ​ខណៈ​សហភាព​សហជីព​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​មហា​បាតុកម្ម។

យោង​តាម​លិខិត​អំពាវនាវ​របស់​ក្រសួង​ការងារ​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​ពី​ថ្ងៃ​ម្សិលមិញ​នោះ​បាន​សរសេរ​ថា ក្រសួង​សូម​អំពាវនាវ​ឲ្យ​គ្រប់​កម្មករ អង្គការ​សហជីព និង​និយោជក​ទាំង​អស់​មេត្តា​រក្សា​ភាព​ស្ងប់​ស្ងៀម និង​បន្ត​ធ្វើ​ការងារ​ខ្លួន​ដូច​ធម្មតា។ លិខិត​នេះ​បាន​បន្ត​ថា៖ «ត្រូវ​រក្សា​ភាព​នឹងនរ ស្ងៀម​ស្ងាត់ បន្ត​បំពេញ​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ចៀស​វាង​ការ​ចូល​រួម​តាម​ការ​ញុះញង់ អូស​ទាញ និង​ការ​ឃោសនា​របស់​អ្នក​នយោបាយ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​បាត់​បង់​សណ្តាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ជីវភាព​របស់​បង​ប្អូន»។

លិខិត​នេះ​បាន​បន្ត​ថា រដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​បង​ប្អូន​កម្មករ និយោជិក ជាក់ស្តែង​ក្នុង​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី និង​ដៃ​គូ​ពាក់​ព័ន្ធ ដើម្បី​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ដំឡើង​ប្រាក់​ឈ្នួល​ជូន កម្មករ​និយោជិក​។ លិខិត​នេះ​បញ្ជាក់​ថា៖ «យើង​រំពឹង​ថា កម្មករ​គ្រប់​រូប​នឹង​គោរព​តាម​ការ​អំពាវនាវ​នេះ»។

ទន្ទឹម​នេះ​ដែរ ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន បាន​ប្រកាស​ជូន​ដំណឹង​ដល់​គ្រប់​សមាជិក​សហជីព​នេះ​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។ លោក រ៉ុង ឈុន បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ការ​អំពាវនាវ​របស់​ក្រសួង​ការងារ​នេះ​គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​កម្មករ​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​ច្រើន​ពី​ការ​ប្រើ​សិទ្ធិ​របស់​គាត់។ អ៊ីចឹង​ពួក​គាត់​នឹង​មក​ចូល​រួម​យ៉ាង​ច្រើន​កុះករ ពី​ព្រោះ​នេះ​ជា​ប្រយោជន៍​របស់​កម្មករ កម្មាការិនី ហើយ​ចំនុច​ទី២​គឺជា​រឿង​អាយុ​ជីវិត​របស់​ជាតិ»។

លោក​បាន​លើក​ឡើង​ថា ការ​ចូល​រួម​របស់​កម្មករ​នៅ​ក្នុង​មហា​បាតុកម្ម​អហិង្សា​នេះ​គឺ​ដើម្បី អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្រទេស​ជាតិ​ខ្លួន​ផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​បាន​ធ្វើ​យុទ្ធនាការ​ឲ្យ​គ្រប់​កម្មករ និង​គ្រូ​បង្រៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ចូល​រួម​ធ្វើ​មហា​បាតុកម្ម នេះ ព្រោះ​ការ​ចូល​រួម​នេះ​គឺ​ក្នុង​គោល​បំណង​ចង់​បាន​យុត្តិធម៌​តែ​ប៉ុណ្ណោះ ទោះ​បី​ជា​អ្នក​ណា​ឈ្នះ ឬ​ចាញ់​ក៏​ដោយ តែ​សូម​ឲ្យ​ការ​ឈ្នះ​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ទាំង​អស់​គ្នា»។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា យើង​មិន​មែន​ធ្វើ​បាតុកម្ម​សម្រាប់​បណ្ដេញ​អ្នក​ណា​ម្នាក់ និង​ដំឡើង​អ្នក​ផ្សេង​ទេ ក៏​ប៉ុន្តែ​យើង​ត្រូវ​ការ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក​បាន​ថ្លែង​ថា៖ «ថៅកែ​រោងចក្រ​មិន​អាច​បណ្ដេញ​កម្មករ​ដែល​ចូល​រួម​បាតុកម្ម​នេះ​បាន​ទេ ព្រោះ​វា​ជា​ការ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​វា​មិន​ប៉ះ​ពាល់​ដល់​ការងារ​ខ្លួន​ឡើយ»។

កម្មករ​ឈ្មោះ ចំរើន ធ្វើ​ការ​នៅ​រោងចក្រ Yung Wah Industrial នៅ​ក្រុង តាខ្មៅ​បាន​និយាយ​ថា គាត់​មិន​ទាន់​ច្បាស់​ថា តើ​ត្រូវ​ចូល​រួម​បាតុកម្ម​អហិង្សា​នេះ ឬ​ក៏​យ៉ាង​ណា​ទេ ព្រោះ​ឪពុក​ម្ដាយ​គាត់​មិន​ចង់​ឲ្យ​គាត់​ពាក់​ព័ន្ធ​នឹង​នយោបាយ​ឡើយ​។ គាត់​បន្ត​ថា៖ «ខ្ញុំ​ចង់​ចូល​រួម​ដែរ តែ​ឪពុក​ម្ដាយ​ខ្ញុំ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ខ្ញុំ ខ្លាំង​ណាស់ ប្រសិន​បើ​ខ្ញុំ​ចូល​រួម​នោះ»៕ PN

អត្ថបទគួរចាប់អារម្មណ៍