ភ្នំពេញៈ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រសួងអប់រំ បង្កើតកម្មវិធីសិក្សាផ្តល់ជូនយុវជនដើម្បីបង្កើនការយល់ដឹង និងការចូលរួមចំណែកកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងទំនាស់ដីធ្លី និងលំនៅឋាននៅកម្ពុជា។
គម្រោងនេះត្រូវបានប្រកាសឲ្យដឹងកាលពីម្សិលមិញ នៅក្នុងវេទិកាស្តីពី «ការលើកកម្ពស់និងបង្កើនការចូលរួមរបស់យុវជនក្នុងការកាត់បន្ថយបញ្ហាដីធ្លី និងលំនៅឋាន» ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិលជាង ១០ ដោយមានយុវជនជាង ២៥០ នាក់ចូលរួម។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ បានថ្លែងទទួលស្គាល់ថា បញ្ហាទំនាស់ដីធ្លី លំនៅឋាននិងផលប៉ះពាល់នៃបញ្ហាទាំងនេះ គឺជាបញ្ហាក្តៅគគុកមួយសម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលទាមទារឲ្យមានការចូលរួមពីយុវជន ដែលជាទំពាំងស្នងឫស្សី ជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបានគូសបញ្ជាក់ថា ក្នុងកិច្ចការងារនេះ ក្រសួងអប់រំ នឹងរួមចំណែកផ្តល់កម្មវិធីសិក្សាដល់យុវជនដើម្បីបង្កើតគំនិត និងបច្ចេកទេស ដោះស្រាយការងារនេះ។ លោកបន្ថែមថា៖ «ឥឡូវក្រសួងអប់រំមាន Scholarship និង Exchange program ដើម្បីឲ្យយុវជនមានឱកាសទៅសិក្សាក្រៅប្រទេសពាក់ព័ន្ធនឹងជំនាញផ្សេងៗ...ដើម្បីកំណត់ទិសដៅសម្រាប់ពង្រឹងសមត្ថភាពយុវជន...ផែនការជាក់លាក់គឺយើងអត់ទាន់មានទេ តែយើងបើកចំហចំពោះការផ្តល់មតិយោបល់ថា ក្រៅពីនោះ យុវជនគួរចេះដឹងអីបន្ថែមទៀត»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានឲ្យដឹងថា ក្រសួងអប់រំមានគោលបំណងផ្សារភ្ជាប់ និងពង្រឹងសមត្ថភាពរបស់យុវជនក្នុងកិច្ចការងារសង្គម តាមរយៈកម្មវិធីសិក្សានានា ក្នុងស្ថាប័នរដ្ឋ និងវេទិកាសាធារណៈ ស្របតាមគោលការណ៍អភិវឌ្ឍន៍ ឆ្នាំ២០១៤ ដល់ ២០១៨ ហើយក្នុងនោះ ក្រសួងយល់ឃើញថា បញ្ហាដីធ្លីគឺជារឿងសំខាន់ក្នុងស្ថានការណ៍បច្ចុប្បន្ន។ «យើងមិនទាន់មានយន្តការផ្លូវការមែន តែផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជន គឺយើងមានហើយ ជំហានបន្ទាប់គឺយើងនឹងពិនិត្យយន្តការផ្លូវការ ឯកសារពាក់ព័ន្ធនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន»។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា ដែលដឹកនាំវេទិកាយុវជននេះ បានឲ្យដឹងថា វេទិកានេះបានផ្តល់ឱកាសឲ្យមានការចូលរួមជជែកពិភាក្សាក្នុងន័យស្ថាបនាលើបញ្ហា និងកង្វល់ជុំវិញទំនាស់ដីធ្លី និងលំនៅឋាន។
លោកបានបន្ថែមថា៖ «សង្គមស៊ីវិល មានជំនឿថា ការអនុវត្តច្បាប់ ការត្រួតពិនិត្យលើការអនុវត្តរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច សម្បទានរ៉ែ និងគម្រោងអភិវឌ្ឍន៍ខ្នាតធំៗការពង្រីកនិងពន្លឿនការចុះបញ្ជីដីសហគមន៍ជនជាតិភាគតិចសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារ សហគមន៍អេកូទេសចរណ៍និងសហគមន៍នេសាទគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពលើបញ្ហាវិវាទដីធ្លីនៅកម្ពុជា»។
យុវជន ឌីម សុផល និស្សិតឆ្នាំ ទី១ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឲ្យដឹងថា វេទិកាពិភាក្សានេះ បានបង្ហាញពីចំណុចល្អ និងចំណុចអាក្រក់ រួមនឹងបញ្ហាការយល់ដឹងទាបដែលនាំឲ្យកើតមានជម្លោះដីធ្លី និងលំនៅឋាន។
សុផល និយាយថា៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយផ្សព្វផ្សាយ អប់រំ និងផ្តល់ជំនាញបច្ចេកទេស ក៏ដូចជាការស្រាវជ្រាវដល់យុវជន និងប្រជាពលរដ្ឋ តាមជនបទដើម្បីឲ្យពួកយើងអាចបន្តចែករំលែក និងដោះស្រាយបញ្ហាតាមសហគមន៍»។
យុវតី អាន ស្រីតូច សិស្សថ្នាក់ ទី៩ នៃអនុវិទ្យាល័យកសាង មកពី ខេត្តក្រចេះ បានឲ្យដឹងថា ភាគច្រើន ករណីទំនាស់ដីធ្លីដែលកើតមាននៅក្នុង ខេត្តក្រចេះ គឺមានការទាក់ទងនឹងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ហើយភាគច្រើនការតវ៉ារបស់ប្រជាពលរដ្ឋគឺបរាជ័យ មិនមានដំណោះស្រាយ ដែលនាំឲ្យជិត ៨០ ភាគរយនៃពលរដ្ឋរងគ្រោះទាំងនោះ ឡើងមកស្វែងរកកិច្ចអន្តរាគមន៍នៅរាជធានីភ្នំពេញដើម្បីស្វែងរកដំណោះស្រាយ។
ស្រីតូច បន្ថែមថា៖ «បើខ្ញុំចេះ ខ្ញុំនឹងចែករំលែក ព្រោះខ្លះអត់យល់ មិនដឹងរកដំណោះស្រាយតាមណា មានពលរដ្ឋខ្លះទៅរស់នៅលើដីរបស់គេ ចាប់យកដីទំនេរមកសង់ផ្ទះ ទាំងនេះមកពីពួកគាត់មិនយល់»។
តាមរបាយការណ៍ ក្នុងរយៈពេល ៣ ខែដើម ឆ្នាំ២០១៤ អង្គការ អាដហុក បានធ្វើការស៊ើបអង្កេតករណីវិវាទដីធ្លី ៣៧ ករណីដែលប៉ះពាល់ដល់ពលរដ្ឋ ២៦១៧ គ្រួសារស្មើនឹងប្រមាណ ៦៤៧០ នាក់និងទំហំដីសរុបជាង ៥៤០០ ហិកតា។ ប៉ុន្តែតួលេខ ដែលកត់ត្រាដោយគណៈកម្មការសុរិយោដីក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងរយៈពេល ៦ ខែដើម ឆ្នាំ២០១៤ នេះទទួលបានបណ្តឹងសរុប ៨៥ ករណី ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋប្រមាណ ៧០ គ្រួសារប៉ុណ្ណោះ៕