ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់លើរោងចក្រ សហគ្រាសណាដែលនៅតែបន្តឲ្យកម្មករនិយោជិតខ្លួនដួលសន្លប់។
លោករដ្ឋមន្ត្រី អ៊ិត សំហេង ពីថ្ងៃពុធថ្លែងថា ករណីសន្លប់នៅឆ្នាំនេះនៅតែកើតមាន ហើយមន្រ្តីជំនាញរបស់ក្រសួងក៏បានពិនិត្យឃើញមានការទាក់ទងនឹងបរិយាកាសការងារ បញ្ហាសុខភាព និងចិត្តសាស្រ្តរបស់កម្មករនៅតាមរោងចក្រផងដែរ ជាពិសេសកត្តានេះកើតឡើងនៅពេលអាកាសធាតុក្តៅ។
លោកថ្លែងថា៖ «ក្រសួងក៏បានចាត់វិធានការមួយចំនួន ដែលវិធានការដំបូងគឺទៅលើបទដ្ឋានអនាម័យ និងសុវត្ថិភាពការងារនៅតាមរោងចក្រ សហគ្រាសនានា ហើយបើរោងចក្រណានៅមានករណីសន្លប់នេះកើតឡើងនឹងធ្វើការរឹតបន្តឹងបន្ថែមទៀតលើបញ្ហាអនាម័យ និងសុវត្ថិភាពការងារ»។
លោករដ្ឋមន្រ្តីបន្តថា ចំពោះរោងចក្រដែលមានករណីសន្លប់ដដែលៗ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ប៉ុន្តែការខាតបង់ថវិកាក្នុងបញ្ហានេះលោករដ្ឋមន្រ្តីមិនបញ្ជាក់ឲ្យដឹងទេ តែលោកថា ក្រសួងមិនដែលគិតទេ ព្រោះវាជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គមជាអ្នករ៉ាប់រងលើការព្យាបាលជូនកម្មករ។
លោកបញ្ជាក់ទៀតថា៖ «យើងកំពុងរៀបចំផែនការមេលើក ទី២ ហើយវានឹងឆ្លើយតបចំពោះអ្វីដែលកំពុងតែកើតឡើង ហើយក្នុងផែនការមេនេះ ក៏នឹងបង្កើតគណៈកម្មការត្រីភាគី ស្តីពីអនាម័យនិងសន្តិសុខការងារនៅតាមរោងចក្រដែលមានយន្តការនៅថ្នាក់ជាតិ និងនៅតាមរោងចក្រដែលជាយន្តការទ្វេភាគីរវាងរោងចក្រ និងមានការចូលរួមពីថ្នាក់សហជីពផង ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហានេះ»។
តាមរបាយការណ៍របស់សហជីពសេរីកម្មករដែលចេញផ្សាយថ្មីៗនេះថា ចាប់ពី ខែមករា ដល់ថ្ងៃ ទី២១ ខែសីហា គឺមានកម្មករ ១២២២ នាក់ដួលសន្លប់នៅក្នុងរោងចក្រចំនួន ១៧ ទូទាំងខេត្ត-ក្រុង ក្នុងនោះ មានកម្មករបីនាក់បានស្លាប់៕