កណ្តាលៈ មន្ត្រីក្រសួងការងារបានបញ្ជាឲ្យរោងចក្រ ឃីង ហ្វើស អ៊ីនដាស់ទ្រៀល នៅស្រុក អង្គស្នួល ខេត្ត កណ្ដាល សម្អាតបរិស្ថាននៅក្នុងរោងចក្រ និងនៅកន្លែងធ្វើការបន្ទាប់ពីកម្មករជាង ១០០ នាក់បានដួលសន្លប់ក្នុងរយៈពេលពីរថ្ងៃ។
លោក សេង សក្កដា អគ្គនាយកនៃក្រសួង ការងារ ដែលបានចុះផ្ទាល់ទៅរោងចក្រដើម្បីទៅមើលកម្មករនៅមន្ទីរពេទ្យ និងរោងចក្រ បានប្រាប់អ្នកយកសារព័ត៌មានថា មានមូលហេតុបីដែលបណ្ដាលឲ្យកម្មករសន្លប់។ លោកបានមានប្រសាសន៍ថា៖ «មូលហេតុដែលបណ្ដាលដួលសន្លប់នោះគឺ កង្វះខាតខ្យល់នៅខាងក្នុងរោងចក្រ អនាម័យកខ្វក់ និងការធ្វើការលើសម៉ោង»។
សេង សក្កដា បាននិយាយថា រោងចក្របានទុកទំនិញជាច្រើននៅក្នុងរោងចក្រដែលបិទបាំងខ្យល់ និងបង្អួចមិនឲ្យខ្យល់ចូលទៅក្នុងកន្លែងការងារដែលគ្មានអនាម័យល្អ។
សេង សក្កដា បានបន្តថា៖ «កម្មករធ្វើការថែមម៉ោងច្រើនដែលបណ្ដាលឲ្យពួកគេអស់កម្លាំងទាល់តែដួលសន្លប់។ ជួនកាលពួកគេធ្វើការថែមម៉ោងចំនួនពីរម៉ោង និងជួនកាលបួនម៉ោង។ រោងចក្រត្រូវតែរៀបចំកន្លែងការងារឲ្យបានប្រសើរជាងមុនដោយគ្មានការបំពុល ដោយឲ្យមានខ្យល់ចូលគ្រប់គ្រាន់»។
សេង សក្កដា បានលើកឡើងថា មន្ត្រីអធិការកិច្ចនៃក្រសួង ការងារ បានរក្សាការតាមដានលើរោងចក្រថា តើរោងចក្រធ្វើការផ្លាស់ប្ដូរតាមបញ្ជារបស់គាត់ឬ ក៏អត់។ មូលនិធិបេឡាជាតិសន្តិសុខសង្គមនឹងត្រូវចំណាយក្នុងការរក្សាសុខភាព និងព្យាបាលកម្មករទាំងនោះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា រោងចក្រត្រូវតែសហការជាមួយកម្មករដើម្បីបង្កើតលក្ខខណ្ឌនិងអនាម័យល្អសម្រាប់ការងាររបស់ពួកគេ។
លោក ឃួត ទូច ប្រធានសហជីពកម្មករសេរីប្រចាំរោងចក្រ បានលើកឡើងកាលពីម្សិលមិញថា កម្មករជិត ៦០ នាក់បានដួលសន្លប់នៅព្រឹកថ្ងៃសុក្រ នៅពេលដែលពួកគេកំពុងសំពះព្រះសង្ឃនៅរោងចក្រ បន្ទាប់ពីមានកម្មករ ៨០ នាក់បានសន្លប់កាលពីថ្ងៃព្រហស្បតិ៍។
លោកបានលើកឡើងថា៖ «រោងចក្របាននិមន្ដព្រះសង្ឃមកប្រសិទ្ធពរជ័យឲ្យកម្មករមានសំណាងល្អ ប៉ុន្តែរំពេចនោះមានកម្មករ ៦ នាក់បាត់ស្មារតីអត់ដឹងខ្លួន ហើយបន្ទាប់មកកម្មករច្រើនជាង ៥០ នាក់តក់ស្លុត និងដួលចុះ»។
លោក ឃួត ទូច បាននិយាយថា រោងចក្របានរៀបចំបរិស្ថានប្រសើរជាងមុន និងកម្មករនឹងត្រលប់មកធ្វើការវិញថ្ងៃនេះ។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យកម្មករធ្វើការប្រសិនបើរោងចក្រមិនសម្អាតកន្លែងធ្វើការរបស់ពួកគេ»។
មន្ត្រីរោងចក្រ ហ្វើស អ៊ីនដាស់ទ្រៀល មួយរូបដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា រោងចក្របានធ្វើតាមការបញ្ជារបស់មន្ត្រីក្រសួង។
មន្ត្រីរោងចក្ររូបនោះបានលើកឡើងថា៖ «ពួកយើងបានធ្វើដូច ដែលលោកមន្ត្រីបានប្រាប់យើង»៕