ភ្នំពេញៈ ក្រសួងបរិស្ថានបានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO-UN) ដាក់ឲ្យប្រើប្រាស់នូវគម្រោង ជីវិត និងធម្មជាតិ (Life and Nature) សម្រាប់ពង្រឹងសមត្ថភាពបន្សាំ និងភាពធន់នៃសហគមន៍តាមមូលដ្ឋានក្នុងខេត្តចំនួន ៤ បន្ទាប់ពីរកឃើញថាលទ្ធផលនៃគម្រោងមួយចំនួនមិនបានដោះស្រាយភាពក្រីក្រ និងបញ្ហាប្រឈមរបស់សហគមន៍មូលដ្ឋាននៅឡើយ។
គម្រោង ជីវិត និងធម្មជាតិទទួលបានការឧបត្ថម្ភមូលនិធិដោយ Global Environment Facility មានរយៈពេល ៥ ឆ្នាំក្រោមទឹកប្រាក់ ៥ លាន ២ សែនដុល្លារអាមេរិកដែលមានបំណងធ្វើឲ្យប្រសើរនូវជីវភាពរបស់ប្រជាកសិករនៅជនបទដោយការប្រើវិធីសាស្ត្រគ្រប់គ្រងទីជម្រាលខ្នាតតូចចំពោះការប្រែប្រួលអាកាសធាតុសម្រេចបាននូវសន្តិសុខស្បៀងក្នុងឃុំតំបន់គោលដៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តរតនគិរីដែលទីជម្រាលខ្នាតតូចក្នុងឃុំទាំង ៤ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦ ម៉ឺនហិកតា និងមានប្រជាជនប្រមាណ ១ ម៉ឺននាក់។
លោក គីម ណុង នាយកគម្រោងថ្នាក់ជាតិ និងជាអគ្គនាយករងក្រសួងបរិស្ថានបានថ្លែងក្នុងសិក្ខាសាលាកាលពីម្សិលមិញថាគម្រោង ជីវិត និងធម្មជាតិធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពបន្សុំារបស់សហគមន៍ជនបទទៅនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយភាពងាយរងគ្រោះពិសេសជនក្រីក្រ ស្ត្រី និងជួយបង្កើនគុណភាពចិញ្ចឹមជីវិតដល់កសិករក្នុងតំបន់ជម្រាលខ្នាតតូច។
តាមរយៈបទពិសោធការងារក្នុងក្រសួងបរិស្ថានជាង ២០ ឆ្នាំមកនេះ លោក គីម ណុង បានឲ្យដឹងថាភាគច្រើនគម្រោងដែលដឹកនាំប្រតិបត្តិដោយក្រុមអ្នកជំនាញការមិនសូវបានបំពេញតម្រូវការជាអាទិភាពរបស់ប្រជាសហគមន៍មូលដ្ឋានទេពួកគេច្រើនតែធ្វើតាមផែនការដែលបានគ្រោងទុកដែលពេលខ្លះផែនការទាំងនេះមិនបានឆ្លើយតបនូវព្រឹត្តិការណ៍វិវត្តថ្មីដែលកំពុងកើតមានឡើង។
លោកថា៖ «ឧទាហរណ៍មានគម្រោងមួយដែលខ្ញុំសុំមិនបង្ហាញឈ្មោះដែលមានទឹកប្រាក់រាប់លានដុល្លារធ្វើនៅបឹងទន្លេសាបរយៈពេល ៥ ឆ្នាំដែលទាក់ទិននឹងនិរន្តរភាពជីវភាពរស់នៅរបស់សហគមន៍ជនបទប៉ុន្តែក្រោយពីបញ្ចប់គម្រោងប្រជាសហគមន៍ក្រីក្រនៅតែក្រីក្រព្រោះគម្រោងមិនបានដោះស្រាយនូវអ្វីដែលសហគមន៍មូលដ្ឋានសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់»។
ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ លោកស្រីបណ្ឌិត Stacy Crevello បានឲ្យដឹងថាកម្ពុជាងាយរងគ្រោះខ្លាំងទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុហើយបើកត្តាប្រឈមនានានៅតែមាននោះសន្តិសុខស្បៀងនឹងប្រឈមបញ្ហាកាន់តែធ្ងន់ធ្ងរ។
លោកស្រីថា៖ «ការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយផលិតផលកសិកម្មបង្កឥទ្ធិពលអវិជ្ជមានចំពោះមុខរបរចិញ្ចឹមជីវិតរបស់ក្រុមជនងាយរងគ្រោះ។ ភាគច្រើនស្ត្រីនៅតាមជនបទអាស្រ័យលើការប្រមូលអនុផលព្រៃឈើសម្រាប់ម្ហូបអាហារនៅក្នុងគ្រួសារ និងប្រាក់កម្រៃបន្ទាប់បន្សំ»។
លោកស្រី Stacy Crevello មានសុទិដ្ឋិនិយមចំពោះគម្រោង ជីវិត និងធម្មជាតិនឹងនាំមកនូវភាពជោគជ័យពិតប្រាកដបើប្រៀបធៀបនឹងគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផ្សេងទៀតដោយហេតុថា គម្រោងនេះនឹងធ្វើការជាមួយសហគមន៍តាមមូលដ្ឋានដោយផ្ទាល់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាលោក តឹក វណ្ណារ៉ា យល់ឃើញថាគម្រោងជីវិត និងធម្មជាតិហាក់បង្ហាញពីសញ្ញាណវិជ្ជមានច្រើនតាមរយៈការចុះអនុវត្តផ្ទាល់តាមមូលដ្ឋានជាមួយប្រជាសហគមន៍ដើម្បីឆ្លើយតបបញ្ហាប្រឈមខុសពីគម្រោងមុន។
លោកថា៖ «យើងឃើញថាកម្រោងភាគច្រើន ច្រើនតែនៅថ្នាក់ជាតិមិនមានការចុះពន្យល់ដោយផ្ទាល់ដល់ពលរដ្ឋតាមមូលដ្ឋានឡើយហើយកម្រិតនៃការយល់ដឹងរបស់អ្នកកាន់គម្រោងគឺនៅមានទាបដែលនាំឲ្យការអនុវត្តនោះមិនមានប្រសិទ្ធភាពគួបផ្សំនឹងការប្រើប្រាស់ថវិកាមិនចំគោលដៅទាំងនេះគឺមិនអាចឆ្លើយតបទៅនឹងសមត្ថភាពនៃការបន្សាំខ្លួនរបស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុបានឡើយ»។
បើតាមក្រសួងបរិស្ថានការប្រែប្រួលអាកាសធាតុបានបង្កនូវការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៣៥០ លានដុល្លារស្មើនឹង ២,៣ ភាគរយនៃផលទុនជាតិសរុបពីឆ្នាំ ២០១៣ ខណៈដែលកម្ពុជាបានព្យាយាមកៀរគរថវិកាពីក្រៅប្រទេសដើម្បីការងារប្រែប្រួលអាកាសធាតុនេះជាមធ្យមប្រមាណ ៨០ លានដុល្លារក្នុង ១ ឆ្នាំ៕