The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​មហាផ្ទៃ​បង្កើត​វិទ្យុ និង​ទូរទស្សន៍

ក្រសួង​មហាផ្ទៃ​បង្កើត​វិទ្យុ និង​ទូរទស្សន៍

ពិធី​ចុះ​ហត្ថលេខា​បង្កើត​​វិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ។
ពិធី​ចុះ​ហត្ថលេខា​បង្កើត​​វិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ។ ហេង ជីវ័ន

ក្រសួង​មហាផ្ទៃ​បង្កើត​វិទ្យុ និង​ទូរទស្សន៍

ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​នឹង​ចំណាយ​ប្រាក់​​រហូត​ដល់​ប្រមាណ​ជា​ ៣០ លាន​ដុល្លារ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ដើម្បី​បង្កើត «ស្ថានីយវិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ» ក្នុង​គោលបំណង​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​​គ្រោង​នឹង​ផ្សាយ​សាកល្បង​នៅ​ដើម​ឆ្នាំ ២០១៦ ស្រប​ពេល​គ្នា​នឹង​ផែនការ​ផ្សាយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះជាតិ​។

ថ្លែង​បន្ទាប់ពី​កម្មវិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​បង្កើត ស្ថានីយវិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ​នៅ​ទីស្តីការ​ក្រសួង​កាលពី​ម្សិលមិញ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់​ថា​៖ «ទីតាំង (ស្ថានីយ​វិទ្យុ និង​ទូរទស្ស​ន៍) ប្រហែល​ជា​នៅ​ជាយក្រុង​ហើយ​ចំណាយ​​ប្រមាណ ៣០ លាន​ដុល្លារ មិន​ខុស​ពី​ទូរទស្សន៍​ផ្សេងៗ​ទេ​គឺ​បង្កើត​ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម»។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ​លោក ម៉ៅ ប៊ុនណារិន បាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​បង្កើត​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ​សហការ​ជាមួយ​ក្រុមហ៊ុន China Fujian Zhongya Culture Media Co.Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដោយ​គ្រោង​នឹង​ធ្វើការ​ផ្សាយ​សាកល្បង​នៅ​ដើម​ឆ្នាំ​ ២០១៦ ហើយ​ផ្សាយ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦ ​។

លោក​ថា​ កន្លង​មក​ក្រសួង​មហាផ្ទៃ​បាន​ផលិត​កម្មវិធី​ទូរទស្សន៍​មួយ​មាន​ឈ្មោះ​ថា «នាទី​សន្តិសុខ​មាតុភូមិ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​មាតិកា​ផ្សាយ​អំពី​សកម្មភាព​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ព្រឹត្តិការណ៍​សន្តិសុខ​​ជាតិ និង​ស្នាដៃ​ផ្សេងៗ​លើ​ការងារ​ការ​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​​សុវត្ថិភាព​សង្គម​ដោយ​ចាក់​ផ្សាយ​តាមរយៈ​បណ្តា​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​មួយ​ចំនួន​អស់​កាល​ជាង ២០ ឆ្នាំ​មក​ហើយ។

លោក ម៉ៅ ប៊ុនណារិន ថា៖ «បច្ចុប្បន្ន​ដោយសារ​តែ​ស្ថានភាព​រីកចម្រើន និង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​បណ្តា​ស្ថានីយ​ទូរទស្សន៍​ទាំងនោះ​បាន​ចាប់​ផ្តើម​​បង្កើន​កម្មវិធី​ផ្សាយ​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ និង​រក​ប្រាក់​ចំណូល​។ កត្តា​នេះ​នាំឲ្យ​ការ​ចាក់​ផ្សាយ​កម្មវិធី​នាទី​សន្តិសុខ​មាតុភូមិ​ត្រូវ​បាន​អាក់ខាន​ពន្យារ​ពេល​​ផ្សាយ​កាត់​បន្ថយ​រយៈពេល​ផ្សាយ និង​ផ្សាយ​មិន​ទៀងទាត់​មិន​អាច​ឆ្លើយតប​ទៅ​នឹង​ពេលវេលា និង​ព្រឹត្តិការណ៍​នៃ​ព័ត៌មាន​ឡើយ»។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ការ​បង្កើត​ស្ថានីយ​ទូរទស្សន៍​របស់​ក្រសួង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លោក​ថា៖ «ទូរទស្សន៍​រដ្ឋ​យើង​មាន​ហើយ​ហេតុ​អ្វី​ចាំបាច់​ត្រូវ​មាន​តាម​ក្រសួង​ទៀត​យើង​មិន​យល់​ត្រង់​​ចំណុច​នេះ​យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​កម្មវិធី ឬ​គម្រោង​ផែនការ​ស្នើសុំ​ពី​អង្កាល់​យើង​ទើប​បាន​ព័ត៌មាន​នេះ​ទេ​យើង​ភ្ញាក់ផ្អើល​មែនទែន​»។

កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រកាស​ពី​គម្រោង​បង្កើត​ទូរទស្សន៍​ផ្ទាល់​ខ្លួន​ដែរ​ដោយ​មាន​ឈ្មោះ​ថា​ទូរទស្សន៍​ព្រះអាទិត្យ​ក្រោម​គម្រោង​ចំណាយ​ប្រមាណ​ពី ៣ ទៅ ៤ លាន​ដុល្លារ​ និង​ដាក់​ដំណើរការ​នៅ​ដើម​ឆ្នាំ ២០១៦។ បើ​តាម​លោក យ៉ែម បុញ្ញឫទ្ធិ មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ប្រមូល​បាន​ប្រាក់​ប្រមាណ ៤០ ​ម៉ឺន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​​ម្សិលមិញ​។

បើ​តាម​ប្រសាសន៍ លោក ប៊ុនណារិន ទូរទស្សន៍​មហាផ្ទៃ​កាណាល់​ប៉ុស្តិ៍​លេខ ៦១ និង​វិទ្យុ FM លេខ ៩០.២៥ MHz នឹង​ផ្សព្វផ្សាយ​ទៅលើ​ការងារ​សំខាន់ៗ​រួមមាន​ការ​អប់រំ​ចំណេះ​ដឹង​ច្បាប់​សកម្មភាព​ថ្នាក់​ដឹកនាំ​ព្រឹត្តិការណ៍​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ពិសេស​​​ការងារ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​សណ្តាប់ធ្នាប់​សាធារណៈ​ស្ថិរភាព​នយោបាយ និង​សុវត្ថិភាព​សង្គម។ ក្រៅពី​នេះ​លោក​ថា​ផែនការ​បង្កើត​ស្ថានីយ​វិទ្យុ និង​​ទូរទស្សន៍​មហាផ្ទៃ​ក៏​មាន​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​រួមមាន ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​លក់ ការ​ផ្តល់​សេវាកម្ម និង​តម្លៃ​ទីផ្សារ និង​អតិថិជន​ព្រម​ទាំង​ទំនាក់ទំនង​សាធារណៈ​ជាដើម៕

អត្ថបទគួរចាប់អារម្មណ៍