ភ្នំពេញៈ នៅពាក់កណ្តាលយុទ្ធការឃោសនាបោះឆ្នោតដែលគណបក្សនយោបាយគូប្រជែងលើកពីបញ្ហាប្រាក់ខែជាបញ្ហាសំខាន់នោះ ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃចន្ទបានដាក់បង្ហាញតារាងប្រាក់បៀវត្សរ៍របស់គ្រូបង្រៀនថ្មីមួយជាសាធារណៈខុសពីធម្មតានិងបានប្រើជាស្តង់ដារក្នុងការផ្តល់បៀវត្សរ៍ដល់គ្រូបង្រៀន។

តារាងនេះមានតួលេខពិបាកយល់បន្តិចប៉ុន្តែ ដែលច្បាស់នោះគឺថា គ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជា ត្រូវបានសន្យាថា នឹងត្រូវដំឡើងប្រាក់បៀវត្សរ៍ជូនជារៀងរាល់ឆ្នាំ។
លោក ប៉ែន ផល្លា អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ មិនបញ្ជាក់ថា តើអ្វីដែលជាកត្តាជំរុញឲ្យមានការដំឡើងប្រាក់បៀវត្សរ៍គ្រូនៅ ពេលនេះឬមូលហេតុអ្វីបានជាតារាងប្រាក់បៀវត្សរ៍នេះទើបយកមកបង្ហាញជាសាធារណៈ នៅកៀកថ្ងៃបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា បែបនេះទេ។
លោកថ្លែងថា៖ «ខ្ញុំមិនចង់និយាយអំពីតារាងប្រាក់បៀវត្សរ៍នេះទេ ពីព្រោះខ្ញុំមិនមែនជាអ្នកនយោបាយ។ ខ្ញុំមិនដឹងថា តើវានឹងបង្ហាញនៅឆ្នាំក្រោយទៀតឬអត់នោះទេ»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងកាលពីម្សិលមិញថា បើទោះជាវាចម្លែកដែលឯកសារនេះត្រូវបានបង្ហាញជាសាធារណៈ ហើយព័ត៌មានដែលមាននៅក្នុងតារាងនេះរួមទាំងព័ត៌មាននៃការដំឡើងប្រាក់បៀវត្សរ៍មិនមែនជារឿងសម្ងាត់ទេ។
លោកបន្តថា៖ «វាជាលើកទី១ ដែលក្រសួងអប់រំ បានបិទតារាងប្រាក់បៀវត្សរ៍គ្រូបង្រៀនជាសាធារណៈប៉ុន្តែ វាមិនមែនជារឿងថ្មីនោះទេ»។
បើតាមលោក រ៉ុង ឈុន ប្រាក់បៀវត្សរ៍គ្រូបង្រៀននិងមន្រ្តីរដ្ឋាភិបាលត្រូវដំឡើងជាប្រចាំឆ្នាំចំនួន ២០ភាគរយ ពីលើប្រាក់បៀវត្សរ៍ឆ្នាំចាស់។
លោកបានបន្តថា ៖ «ប្រាក់ខែរបស់លោកគ្រូបង្រៀន គឺនៅមានកម្រិតទាប។ ដូច្នេះខ្ញុំមិនគិតថា ការប្រកាសនេះជាហេតុផលចេញពីនយោបាយរបស់គណបក្សនោះទេ»។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំបានដាក់គោលនយោបាយដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការទាំងអស់នៅក្នុងការឃោសនាបោះឆ្នោតរបស់ខ្លួន។ គណបក្សនេះបានធ្វើការសន្យាផ្តល់ប្រាក់ខែយ៉ាងតិច១លានរៀលក្នុងមួយខែដល់មន្ត្រីរាជការទាបបំផុត។ បើតាមតារាងប្រាក់បៀវត្សរ៍ក្រសួងអប់រំនោះ គ្រូបង្រៀនកម្រិតទាបកំពុងទទួលប្រាក់ខែតិចជាង១០០ដុល្លារ ក្នុងមួយខែនៅឡើយ។
គណបក្សសង្គ្រោះជាតិបានសន្យាដែរថា នឹងដំឡើងប្រាក់ខែជូនកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរខណៈរដ្ឋាភិបាលបានអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលអប្បបរមា រហូតដល់៧៥ដុល្លារ ក្នុងមួយខែ កាលពីខែមីនា។
លោក ម៉ក់ វ៉ាន់ រដ្ឋលេខាធិការក្រសួងអប់រំ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕ PS