ភ្នំពេញៈ ក្រសួងការងារបានជំរុញ និងលើកទឹកចិត្តឲ្យកម្មករផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងរាយការណ៍ដោយផ្ទាល់ឬដាក់ពាក្យបណ្តឹងទៅក្រសួងពាក់ព័ន្ធពីភាពមិនប្រក្រតីដែលកើតមានឡើងនៅកន្លែងការងារដើម្បីឲ្យក្រសួងមានចំណាត់ការតែកម្មករថា ពួកគេគ្មានជំនឿលើក្រសួងនោះទេ។
កម្មករជាង ២០នាក់ មកពីរោងចក្រនានាដែលតំណាងឲ្យកម្មករភាគច្រើនបានចូលរួមក្នុងកិច្ចសន្ទនាតុមូលលើក ទី១ ស្តីពីការលើកកម្ពស់លក្ខខណ្ឌសុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មករកាត់ដេរនៅកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
សំណួរស្តីពីកង្វល់ និងបញ្ហាអសន្តិសុខរបស់កម្មករទាំងនៅកន្លែងការងារ ការធ្វើដំណើរ និងនៅកន្លែងស្នាក់នៅត្រូវតំណាងកម្មករលើកឡើងផ្ទាល់ថា បានកើតឡើងស្ទើរតែដូចគ្នាបើទោះជាពួកគេធ្វើការនៅកន្លែងផ្សេងគ្នាក៏ដោយ។
លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងឲ្យក្រសួងការងារបានឆ្លើយតបទៅនឹងការលើកឡើងរបស់កម្មករដោយបានលើកទឹកចិត្តឲ្យកម្មករកាត់ដេរ និងផលិតស្បែកជើងធ្វើការរាយការណ៍ផ្ទាល់ឬប្តឹងទៅក្រសួងការងារតែម្តងនៅពេលដែលពួកគេមានបញ្ហាកើតឡើង។
លោក ប៉ុក វណ្ណថាត បានថ្លែងថា៖ «នៅពេលដែលក្មួយៗមានបញ្ហានៅកន្លែងការងារដូចជានិយោជកបង្ខំឲ្យធ្វើការថែមម៉ោង ត្រូវតែដាក់ពាក្យបណ្តឹងមកនាយកដ្ឋានវិវាទការងារ ឬក៏រាយការណ៍ផ្ទាល់មកតែម្តង»។
លោក ប៉ុក វណ្ណថាត បានបញ្ជាក់ទៀតថា រដ្ឋាភិបាលមានសិទ្ធិអនុវត្តច្បាប់ទៅលើមន្រ្តីណា ដែលធ្វើខុសច្បាប់ ដោយធ្វើការពិន័យ។
លោកបន្ថែមទៀតថា៖ «អ្នកទាំងអស់គ្នាត្រូវមានភាពក្លាហានក្នុងការអនុវត្តច្បាប់ដោយធ្វើការតវ៉ាឬដោយការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរឬដោយផ្ទាល់មាត់ ពេលនោះមន្រ្តីអធិការការងារនៃក្រសួងនឹងចុះទៅពិនិត្យនៅរោងចក្រនោះតែម្តង»។
កញ្ញា ស៊ុត សោផង កម្មករមកពីរោងចក្រ យូដា បានលើកឡើងនៅចំពោះមុខមន្រ្តីក្រសួង និងអង្គការនានាដោយចំៗតែម្តងថា កញ្ញាមិនមានជំនឿទៅលើក្រសួងការងារក្នុងការដោះស្រាយបញ្ហាជូនកម្មករទេ។
កញ្ញាលើកឡើងថា៖ «ខ្ញុំសូមនិយាយដោយចំហតែម្តងថា ខ្ញុំមិនមានសង្ឃឹម និងភាពជឿជាក់ណាមួយទៅលើក្រសួងការងារទេ ដោយសារតែរយៈប្រមាណជា ២០ឆ្នាំ តាំងពីរោងចក្របង្កើតឡើង គឺអ្វីដែលកើតមានឡើងនៅក្នុងរោងចក្រ និងចំពោះកម្មករហាក់មិនមានអ្វីប្រែប្រួលទេ វាជាបញ្ហាដដែលៗតែមិនមានអ្វីកែប្រែ ឬដោះស្រាយបានឡើយ»។
រីឯកញ្ញា គិត ម៉េង កម្មករមកពីរោងចក្រ គិនតាយ បានលើកឡើងដែរថា កញ្ញាធ្លាប់បានដាក់ពាក្យបណ្តឹងមួយទៅក្រសួងការងារឲ្យមានការជួយអន្តរាគមន៍លើលក្ខខណ្ឌការងារនៅក្នុងរោងចក្ររបស់នាងជាច្រើនឆ្នាំមកហើយ ប៉ុន្តែ មកដល់ពេលនេះ គឺគ្មានចម្លើយទាល់តែសោះ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងកាលពីថ្ងៃម្សិលមិញថា ការដែលកម្មករអស់ជំនឿទៅលើក្រសួងការងារដោយសារតែពួកគាត់បានឃើញដោយផ្ទាល់ថា មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារចុះទៅរោងចក្រម្តងៗមិនបានជួបឬប្រឹក្សាជាមួយគាត់ឲ្យបានពេញលេញទេ។ មួយវិញទៀតស្ថានភាពដែលគាត់លើកឡើង ឬបណ្តឹងដែលពួកគាត់បានដាក់ទៅក្រសួងការងារមិនមានការកែប្រែមុនពេល និងក្រោយពេលដែលគាត់បានប្តឹងទៅ។
លោកថ្លែងថា៖ «វាជារឿងមួយដែលយើងមានការសោកស្តាយដែរ ដែលកម្មករមិនមានទំនុកចិត្តមកលើក្រសួងការងារលើការដោះស្រាយទុក្ខកង្វល់ និងការលំបាករបស់ពួកគេដោយសារតែស្ថានភាពដែលពួកគេជួបប្រទះកន្លងមក»។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បាននិយាយថា CCIM បង្កើតកិច្ចសន្ទនាតុមូលនេះឡើង ដើម្បីឲ្យកម្មករមានឱកាសបញ្ចេញមតិ ដោយផ្ទាល់ទៅនឹងបញ្ហាកម្មករដែលកន្លងមកមានការលើកឡើងពីបញ្ហារបស់កម្មករតែពួកគេមិនដែលមានឱកាសចូលរួមផ្ទាល់ ប៉ុន្តែ នៅពេលនេះយើងដឹងថា កម្មករមានបញ្ហាផ្ទៃក្នុងច្រើននៅក្នុងរោងចក្រគេផ្ទាល់តែម្តង ដែលពួកគេបានលើកឡើង។
លោក ប៉ា ងួនទៀង ថ្លែងថា៖ «ភាគច្រើនកម្មករមិនទុកចិត្តលើក្រសួងទេ ដែលជាហេតុនាំឲ្យក្រសួងគួរតែឆ្លុះបញ្ចាំងដោយខ្លួនឯងមើលថា តើចំណុចណាខ្លះដែលកម្មករមិនចូលចិត្តនិងអស់ជំនឿ។ ដោយសារតែយើងធ្វើការខ្វះតម្លាភាព ប្រព័ន្ធទំនាក់ទំនងខ្សោយ នឹង តើក្រសួងបានចាត់វិធានការឬអត់? នៅពេលដែលកម្មករបានរាយការណ៍ឬប្តឹងទៅក្រសួង»៕