ភ្នំពេញៈ ក្រសួង​ព័ត៌មាន​គ្រោង​នឹង​បង្កើត​ស្ថានីយ​ទូរទស្សន៍​ ៣ ​ឬ​ ៤ ​ប៉ុស្ដិ៍​ថែមទៀត​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជាតិ​បន្ថែម​លើ​ការផ្សាយ​តាម​គេហទំព័រ​ និង​ការផ្សាយ​ជា​សំឡេង ប៉ុន្តែ​នឹង​ធ្វើឲ្យ​ប្រសើរ​ជាង​មុន​ទៅ​តាម​និន្នាការ​ពិភពលោក​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គម្រោង​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​បន្ថែម​នេះ​គឺ​ក្រសួង​គ្រោង​ប្តូរ​ពី​ការផ្សាយ​ជា​​ Analog ​ទូរទស្សន៍ ទៅ​ Digital ​ទូរទស្សន៍​ដោយ​លោក​អះអាង​ថា​នៅ​លើ​ពិភពលោក​មាន​និន្នាការ​ប្តូរ​អស់​ហើយ​ទាំង​ប្រទេស​ជិត​ខាង​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា​៖ «​ចង់​មិន​ចង់ យើង​ត្រូវ​ធ្វើ​ដូចគ្នា​ដែរ ព្រោះ​ជា​និន្នាការ​សកល​ហើយ​។ ការប្តូរ​ការផ្សាយ​ពី Analog ​ទៅ​ Digital វា​ចំណាយ​ថវិកា​ធំ​ណាស់​ចូល​ដល់​រាប់ពាន់​លាន​ដុល្លារ​។ ​យើង​ផ្សាយ​ជា Digital យើង​ចំណេញ​ធនធាន​មនុស្ស​និង​សល់ ហ្វ្រេកង់ យើង​បាន​សន្យា​ថា​ផ្សាយ​នៅ​ឆ្នាំ​ ២០២៣ ប៉ុន្តែ​​បណ្តា​ប្រទេស​អាស៊ាន​យើង​យឺត​ជាងគេ​»​។

លោក ផុស សុវណ្ណ បាន​បន្ថែម​ថា ក្រសួង​កំពុង​ស្នើសុំ​ថវិកា​ពី​រាជរដ្ឋាភិបាល ហើយ​ធ្លាប់​ជូន​ដំណឹង​ទៅ​សភាជាតិ​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាំងពី​​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ​។

លោក​ថា​៖ «​ថវិកា​យើង​កំពុង​ស្នើសុំ​ទៅ​រដ្ឋាភិបាល​មិន​ដឹង​ថា​រដ្ឋាភិបាល​គិត​យ៉ាង​ម៉េច​? រដ្ឋាភិបាល​ approve ​ដោយ​ថវិការដ្ឋ​ ឬ​ក៏​រដ្ឋាភិបាល approve ឲ្យ​​ក្រសួង​យើង​មាន​ដំណើរការ​កម្ចី​​ពី​ខាង​ណា​ទៀត​អី​អ៊ីចឹង​។ ​យើង​ត្រូវ​ការអនុម័ត​ពី​រដ្ឋាភិបាល​កម្ចី​ក្តី ពី​ថវិការដ្ឋ​ក្តី​»​។

លោក ផុស សុវណ្ណ បាន​ឲ្យ​ដឹង​ថា​ការផ្សព្វផ្សាយ​អាច​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក កីឡា អប់រំ កសិកម្ម ជាដើម​។

លោក​បញ្ជាក់​ថា​៖ «​វា​ជា​ការ​តម្រង់ទិស​របស់​យើង​ទៅ​ឆ្នាំ​ ២០២៣​។ យើង​មាន​កម្មវិធី​​កីឡា​ឆ្នាំ​ ២០២៣ មាន​ស៊ី​ហ្គេម​​អី​។ ​អ៊ីចឹង​យើង​ឲ្យ​មាន​បណ្តើរៗ​។ យើង​ចង់​ឲ្យ​មាន​ប៉ុស្តិ៍​កសិកម្ម​អី​។ កសិកម្ម​យើង​មិន​ទាន់​រីកចម្រើន អ៊ីចឹង​យើង​ចង់​ឲ្យ​មាន​ប៉ុស្តិ៍​ហ្នឹង​ក្រៅ​ពី​ប៉ុស្តិ៍​ព័ត៌មាន​កន្លង​មក​វា​ចម្រុះ​»​។

លោក ផុស សុវណ្ណ បន្ថែម​ថា​ហ្វេសប៊ុក​វា​មិន​ទាន់​ច្បាស់​ទេ ប្រជាជន​យើង​នៅតែ​មើល​ទូរទស្សន៍ ស្តាប់​វិទ្យុជាតិ ស្តាប់​វិទ្យុ​ឯកជន​ហើយ​ការអាន​កាសែត នៅតែ​ជា​គោល​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ពិស្តារ​។

លោក​បាន​បន្ថែម​ថា​៖ «​ដើម្បី​​ធានា​ថា ការផ្តល់​ព័ត៌មាន​ជា​ចំណេះដឹង​ និង​ការផ្សព្វផ្សាយ​យើង​យក​ជា​ផ្លូវការ​នៅ​តែ​ទូរទស្សន៍​​ និង​វិទ្យុ​ជា​ការ​សំខាន់​។ រឿង​ហ្វេសប៊ុក​ហ្នឹង​វា​មក​ជាមួយ​នឹង​ចំណេះដឹង ការបំពុល​បញ្ហា​ក៏​មក​ជាមួយ​គ្នា​ដែរ​...»​។

បើ​តាម​ក្រសួង​ព័ត៌មាន​បច្ចុប្បន្ន​​នេះ​មាន​កាសែត​ដែល​ផ្សាយ​ជា​​ប្រចាំ​ ៥១២ ​អង្គភាព​ព័ត៌មាន​ព្រឹតិ្ដបត្រ​ដែល​ផ្សាយ​តាម​អនឡាញ​មាន​ ៧២ ​អង្គភាព ស្ថានីយ​ទូរទស្សន៍​ផ្សាយ​តាម​រលក​ធាតុអាកាស និង​ទូរទស្សន៍​ខ្សែកាប​ទាំង​ផ្សាយ​ផ្ទាល់ និង​ទាំង​ផ្សាយ​បន្ត​ផ្ទាល់​មាន​ជាង​ ២០០ និង​ស្ថានីយ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​មាន​ចំនួន ​៥៕