ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធីថែទាំផ្លូវដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពមួយឈ្មោះថា «Road Care Mobile App» ដែលអនុញ្ញាតឲ្យពលរដ្ឋរាយការណ៍ពីករណីផ្លូវខូចតាមរយៈទូរស័ព្ទដៃ Smart Phone ដើម្បីឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលផ្លូវឡើងវិញបានទាន់ពេល។
ថ្លែងក្នុងពិធីប្រកាសនោះលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការបានណែនាំថា ពលរដ្ឋទូទៅនៅកម្ពុជាអាចទាញយកកម្មវិធី Road Care Mobile App នេះពីក្នុងទូរស័ព្ទដៃ ឬប្រព័ន្ធបណ្ដាញសង្គមរបស់ខ្លួន ហើយអាចរាយការណ៍ផ្ទាល់អំពីព័ត៌មានផ្លូវជង្ហុកតូច ធំ មកកាន់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យ និងជួលជុលឲ្យទាន់ពេល។
លោកថា៖ «សេចក្ដីរាយការណ៍ពីផ្លូវខូច ផ្លូវជង្ហុក សំបុកមាន់ ចាំបាច់ត្រូវភ្ជាប់ជាមួយរូបភាព វីដេអូគ្លីបខ្លីៗបញ្ជាក់ពីទីតាំងនោះឲ្យបានច្បាស់លាស់ដើម្បីយើងងាយស្រួលចាត់ចែងអន្តរាគមន៍ជួសជុលឡើងវិញ»។
បើតាមលោក សុទ្ធាយុត្តិ អ្នកប្រើប្រាស់ផ្លូវអាចទាញយកកម្មវិធីនេះដោយគ្រាន់តែចុះឈ្មោះក្នុងកម្មវិធីនេះតាមរយៈប្រព័ន្ធ Facebook ឬ Google ដោយបញ្ចូលឈ្មោះ អ៊ីមែល ឬ លេខទូរស័ព្ទ និងលេខសម្ងាត់ដើម្បីទទួលបានលេខកូដគណនីថ្មីមួយពីកម្មវិធី ហើយត្រូវផ្ទៀងផ្ទាត់លេខកូដគណនីថ្មីនោះឲ្យបានត្រឹមត្រូវ ។
លោកបានបន្តថា កម្មវិធីនេះបច្ចុប្បន្នមាននៅលើ Play Store រួចហើយ ដូច្នេះអ្នកប្រើទូរស័ព្ទ Sumsong Huawei និង Oppo អាចទាញយកកម្មវិធីនេះបាន។ ប៉ុន្តែអ្នកប្រើទូរស័ព្ទ iphone មិនទាន់អាចទាញយកបានទេ ដោយក្រុមបច្ចេកទេសកំពុងដាក់សំណើបញ្ចូលក្នុង App Store។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចូលរួមជាអធិបតីបានថ្លែងថា កម្មវិធីនេះបង្កើតឡើងដើម្បីពង្រឹងគុណភាពផ្លូវដែលទាមទារឲ្យមានការជួសជុល និងថែទាំនៅទូទាំងប្រទេសតាមរយៈការរាយការណ៍ពីផ្លូវខូច ។
លោកបានបន្តថា៖ «កម្មវិធីថែទាំផ្លូវ ឬ Road Care Mobile App នេះមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យកាន់តែរីកចម្រើនតាមរយៈការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ដោយសារជង្ហុកសម្បុកមាន់ និងផ្លូវខូចព្រមទាំងជួយឲ្យពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាព»។
លោកបានបញ្ជាក់ថា៖ «កម្មវិធីនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់កូនខ្មែរយើងដែលបានប្រឹងប្រែងបង្កើតវាបានដោយជោគជ័យ។ កម្មវិធីនេះគឺជាកម្មវិធីថ្មីដំបូងគេបំផុតដែលមានតែនៅកម្ពុជាយើងទេ ប្រទេសតំបន់អាស៊ាន ឬក្នុងពិភពលោកនៅមិនទាន់បានបង្កើតកម្មវិធីនេះទេ»។
ទោះជាបែបណាក្ដីលោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់មន្ត្រីគ្រប់គ្រងបច្ចេកទេសផ្លូវ អង្គភាពទទួលបន្ទុកបច្ចេកទេសជួសជុលថែទាំផ្លូវថ្នល់ អ្នកអនុវត្តការងារជួសជុលថែទាំផ្លូវថ្នល់ត្រូវរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹងការងារសាងសង់ ជួសជុលថែទាំផ្លូវឲ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវពង្រឹងទៅលើស្តង់ដារគុណភាពផ្លូវក៏ដូចជួសជុលផ្លូវឲ្យបានទាន់ពេល ដើម្បីឆ្លើយតបនឹងសេចក្ដីរាយការណ៍របស់ពលរដ្ឋ ។
គួរបញ្ជាក់ថានៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធី Road Care Mobile App នោះក៏មានពិធីចុះហត្ថលេខាស្ដីពីកិច្ចសន្យាលើកកម្រិតជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ ១ និងលេខ ៦ ក្រោមគម្រោងហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី,គម្រោងកែលម្អផ្លូវថ្នល់រវាងក្រសួងសាធារណការ និង ក្រុមហ៊ុនចិនចំនួន ៣ ដែលទទួលបន្ទុកជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ១ ពីអ្នកលឿងដល់ស្វាយជ្រំមានប្រវែង ៤៧,៧០ គីឡូម៉ែត្រ ,កំណាត់ផ្លូវជាតិលេខ ១ ពីស្វាយជ្រំដល់ក្រុងបាវិតប្រវែង ៤៨ គីឡូម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ ៦ ពីក្រុងសៀមរាបដល់ស្រុកក្រឡាញ់មានប្រវែង ៤៥,៨៨ គីឡូម៉ែត្រ៕