ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលការងារចល័ត» (Mobile Job Center) សម្រាប់នាំយកសេវាការងារនិងព័ត៌មានឱកាសការងារទៅកាន់ពលរដ្ឋដែលស្វែងរកការងារ ជាពិសេសនៅតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនេះ។
ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងកាលពីថ្ងៃ ២៦ កុម្ភៈ ឆ្នាំនេះ នៅទីស្ដីការក្រសួងការងារ ក្នុងសន្និសីទបិទគម្រោងស្តីពី «ការគាំទ្រដល់ការអភិវឌ្ឍជំនាញនិងការងាររបស់យុវជននៅកម្ពុជានិងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត» ដោយមានការចូលរួមពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស្រី ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា លោកស្រី អេវ៉ា ថេអីស ប្រធានផ្នែកទំនាក់ទំនងអន្ដរជាតិនៃទីភ្នាក់ងារផ្ដល់សេវាការងារសាធារណៈស៊ុយអែត ព្រមទាំងតំណាងមកពីស្ថានទូតស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស-និស្សិត NGO និងដៃគូអភិវឌ្ឍន៍នានា។
«មជ្ឈមណ្ឌលការងារចល័ត» ជាមជ្ឈមណ្ឌលមុនដំបូងគេនៅកម្ពុជាដែលត្រូវបានរៀបចំបំពាក់តាមរថយន្តមីនីវែន (Mini Van) ក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ដែលនឹងត្រូវធ្វើដំណើរទៅគ្រប់បណ្តាខេត្ត និងតំបន់ដាច់ស្រយាលដើម្បីផ្តល់ព័ត៌មានស្ដីពីការងារដល់អ្នកស្វែងរកការងារ។
«មជ្ឈមណ្ឌលការងារចល័ត» នេះ មានមុខងារផ្តល់សេវាដូចមជ្ឈមណ្ឌលការងារធម្មតាដែរ ប៉ុន្តែចំណុចពិសេសគឺទៅជិតពលរដ្ឋដើម្បីផ្ដល់ព័ត៌មានការងារទាក់ទងនឹងការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធឺណិតនិងទម្រង់ក្រដាស ការទទួលប្រឹក្សាយោបល់ការងារ និងបណ្ណាល័យការងារជាដើម។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលការងារចល័ត» នោះ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើដល់ (SIDA) និង (SPES) ឲ្យបន្តជួយដល់ (NEA) ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ «មជ្ឈមណ្ឌលការងារចល័ត» ដើម្បីពង្រីកវិសាលភាពនៅទូទាំងប្រទេសសំដៅបង្រួញគម្លាតនៃការខកខានមិនទទួលបានឱកាសការងារនិងជំរុញការទទួលបានព័ត៌មានពីការងារឲ្យទូលាយ ។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «តាមរយៈមជ្ឈមណ្ឌលការងារចល័តនេះយើងនឹងអាចផ្ដល់សេវាចុះឈ្មោះដល់អ្នកដែលចង់ស្វែងរកការងារនៅនឹងកន្លែង។ ផ្ដល់សេវាស្វែងរកការងារ និងបណ្ណាល័យការងារ សេវាប្រឹក្សាយោបល់អំពីអាជីព និងការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា»។ «វាពិតជាមានតម្លៃធំធេងណាស់ ក្នុងការផ្តល់សារទៅដល់អ្នកស្វែងរកការងារធ្វើ និងយុវជននូវជំនាញវិជ្ជាជីវៈមួយដ៏ពិតប្រាកដ»។
តាមរបាយការណ៍ NEA ចាប់ពីអនុវត្តគម្រោងជាមួយ SIDA ក្នុងឆ្នាំ ២០១៣ រហូតមកទល់ពេលនេះ គម្រោងសម្រេចបានលទ្ធផលមានជាអាទិ៍ អ្នកទទួលផលផ្ទាល់ភាគច្រើនជាយុវជន សិស្ស និស្សិត ស្ត្រីនិងជនពិការ
ដែលបានទទួលការបណ្តុះបណ្តាលជំនាញនិងមានឱកាសការងារដូចជា ការបណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាពចំនួន ៣ ៤៥០ នាក់ អ្នកចុះឈ្មោះស្វែងរកការងារសរុបប្រមាណ ៩ ម៉ឺននាក់ អ្នកទទួលបានការងារធ្វើប្រមាណ ២ ម៉ឺននាក់ សិស្ស និស្សិត និងអ្នកស្វែងរកការងារទទួលការប្រឹក្សាអាជីពប្រមាណ ១៤ ម៉ឺននាក់ និងយុវជនទទួលបានកម្មសិក្សាមានចំនួន ៧៤៩ នាក់។
លោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជាបានថ្លែងថាកាលពី ១០ ឆ្នាំមុន កម្ពុជាមិនទាន់មានព័ត៌មានទីផ្សារការងារច្រើនទេ តែបច្ចុប្បន្នតាមរយៈ NEA និង (SIDA) បានផ្តល់ព័ត៌មាននេះទូលំទូលាយដល់ពលរដ្ឋកម្ពុជា។
លោកស្រីថ្លែងថា៖ «រដ្ឋាភិបាលស៊ុយអែតសូមកោតសរសើរនិងអបអរសាទរដល់ NEA ដែលបានសម្រេចបានយ៉ាងជោគជ័យនូវគម្រោងជាច្រើនជាមួយ (SIDA) និង (SPES) នាពេលកន្លងមក»។
លោក សោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជាបានស្វាគមន៍ចំពោះការបង្កើតឲ្យមានមជ្ឈមណ្ឌលការងារចល័តតាមខេត្ដពិសេសនៅជនបទនេះ។
លោកថា៖ «ខ្ញុំយល់ថា ពលរដ្ឋយើងនៅតាមជនបទសព្វថ្ងៃនេះ គាត់នៅខ្វះការទទួលបានព័ត៌មានស្ដីពីការងារ ពេលគាត់ចង់ទទួលបានការងារពួកគាត់ត្រូវឡើងមកភ្នំពេញ មានន័យថា ពួកគាត់នៅខ្វះព័ត៌មាន ប៉ុន្ដែក៏មានខេត្ដខ្លះមានមជ្ឈមណ្ឌលការងារ និងមុខរបរដែរ។ ដូច្នេះកាលពីមុន ពលរដ្ឋមានការលំបាកក្នុងការស្វែងរកការងារធ្វើ ឥឡូវក្រសួងមានមជ្ឈមណ្ឌលនេះខ្ញុំគិតថា ល្អណាស់»។
លោកបានបន្ថែមថា៖ «វាបានផ្ដល់នូវភាពងាយស្រួលដល់ពលរដ្ឋនៅពេលពួកគាត់ចង់ស្វែងរកការងារធ្វើ ព្រោះក្រុមចល័តរបស់ក្រសួងនោះ គាត់អាចមានព័ត៌មានគ្រប់គ្រាន់ និងអាចផ្ដល់ព័ត៌មាននោះទៅដល់ពលរដ្ឋ»៕