The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង និង​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី​រៀបចំ​ផែនការ​ ដើម្បី​អភិវឌ្ឍ​ខេត្ត




ក្រសួង និង​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី​រៀបចំ​ផែនការ​ ដើម្បី​អភិវឌ្ឍ​ខេត្ត

Content image - Phnom Penh Post
ទិដ្ឋភាព​ខេត្តមណ្ឌលគិរី​កាលពី​អំឡុង​ឆ្នាំ ២០១៨​។ ហុង មិនា

ក្រសួង និង​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី​រៀបចំ​ផែនការ​ ដើម្បី​អភិវឌ្ឍ​ខេត្ត

មណ្ឌលគិរីៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​បាន​ឯកភាព​រៀបចំ​ដែនដី​ខេត្ត​នេះ​ដើម្បី​អភិវឌ្ឍ​ជា​លើកដំបូង​ក្នុង​ផែនការ​រយៈពេល ២០ ​ឆ្នាំ បន្ទាប់ពី​មាន​កិច្ចប្រជុំ​ច្រើនលើក​ច្រើនសា សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ប្រកប​ដោយ​ភាពរស់រវើក និង​​និរន្តរភាព និង​ដើម្បី​ថែរក្សា​ការពារ​ជីវចម្រុះ​ដ៏សម្បូរបែប​ក្នុង​ខេត្ត​។

គម្រោង​ផែនការ​នេះ​ត្រូវបាន​សម្រេច​ឡើង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ ដោយ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មកពី​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ (USAID) អង្គការ WWF កម្ពុជា និង​ក្រុម​អ្នកជំនាញ​បច្ចេកទេស​កសាង​ផែនការ​រៀបចំ​ដែនដី​ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ភាគី​ពាក់ព័ន្ធ​។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ​លោក ម៉េង ប៊ុណ្ណារិទ្ធ មានប្រសាសន៍​ថា ផែនការ​រៀបចំ​ដែនដី​នេះ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ខេត្ត​មណ្ឌលគិរី​ដែល​មិន​ត្រឹមតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ និង​ការអភិវឌ្ឍ​នៅក្នុង​យុគសម័យ​នៃ​ភាវូបនីយកម្ម​ថ្នាក់​តំបន់ និង​សកលភាវូបនីយកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់ឱ្យ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ដើម្បី​កំណត់​ទម្រង់​នៃ​ការអភិវឌ្ឍ​ដែនដី​ខេត្ត​ក្នុង​រយៈពេល ២០ ​ឆ្នាំ​ខាងមុខ​។

លោក​បន្តថា​៖ «​ផែនការ​រៀបចំ​ដែនដី គឺជា​ឯកសារ​យុទ្ធសាស្ត្រ​គោលនយោបាយ​សំខាន់​មួយ​ដែល​ផ្តល់នូវ​ចក្ខុវិស័យ និង​គោលដៅ​អភិវឌ្ឍន៍​រយៈពេល​វែង​សម្រាប់​រយៈពេល ២០ ​ឆ្នាំ​ខាងមុខ (២០២១-២០៤០) ក៏ដូចជា​ផ្តល់​ទិសដៅ​ជាក់លាក់​សម្រាប់​ការអភិវឌ្ឍ​ដែនដី​ខេត្ត ដើម្បី​ធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ដែល​ផ្សារភ្ជាប់​នឹង​ការអភិរក្ស​»​។

លោក​បន្តថា ផែនការ​រៀបចំ​ដែនដី​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​របស់​សហគមន៍​មូលដ្ឋាន​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ និង​ការប្រែប្រួល​នៃ​ប្រព័ន្ធ​បរិស្ថាន វប្បធម៌ និង​សេដ្ឋកិច្ចសង្គម​នៅក្នុង​ខេត្ត​។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី​លោក​ សុខ សារឿន ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ផែនការអភិវឌ្ឍន៍​ទឹកដី​ខេត្តមណ្ឌលគិរី​នាពេលនេះ​នឹង​ជួយ​កែប្រែ​មុខមាត់​ខេត្ត​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ឱ្យមាន​ភាពលេចធ្លោ ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

លោក​លើកឡើង​ថា ក្នុងអំឡុង​ឆ្នាំ​ ២០២០ មាន​ការរីកចម្រើន​ខ្លាំង​ពិសេស​វិស័យ​ដីធ្លី គឺ​តម្លៃ​បាន​កើនឡើង​ ១ ​គុណ​ជា​ ១០​។ លោក​បន្តថា​៖ «​កាលណា​វិស័យ​អចលនទ្រព្យ​មាន​ការកើនឡើង ដូច្នេះ​អ្នកមាន​សម្រុក​មក​ទិញ​ដី​ធ្វើ​រីសត ភោជនីយដ្ឋាន ពេលនោះ​នឹង​មាន​កំណើន​ភ្ញៀវទេសចរ ហើយ​ធ្វើឱ្យ​មុខមាត់​ខេត្ត​មណ្ឌលគិរី មាន​ការប្រែ​មុខមាត់​ថ្មី លឿន ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ខេត្ត​»​។

លោក សារឿន ​ឱ្យដឹង​ដែរ​ថា ការរៀបចំ​ដែនដី​ខេត្ត​នេះ​ក៏​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អាជ្ញាធរ​ក្នុង​ការរៀបចំ​ប្លង់​អភិវឌ្ឍន៍ និង​ការចុះបញ្ជី​ដីធ្លី​ផងដែរ​។

លោក​ថា​៖ «​ថ្ងៃទី​ ២១ កុម្ភៈ ខាង​គណៈកម្មការ​អន្តរក្រសួង​ចុះមក​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ទៅលើ​ដីឯកជន​ប្រជាជន ដី​សហគមន៍ និង​ដី​របស់​រដ្ឋ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​បែងចែក​ថា​តំបន់​ណា​ដែល​ត្រូវការ​អភិវឌ្ឍ ចៀសវាង​មាន​វិវាទ​កើតឡើង និង​ងាយស្រួល​ក្នុង​ការរៀបចំ​អភិវឌ្ឍ​ខេត្ត​»​។

បើតាម​លោក សុខ សារឿន ក្នុង​ខេត្តមណ្ឌលគិរី​មាន​ផ្ទៃដី​ទំហំ​ជាង ១៤ ០០០ ​គីឡូម៉ែត្រ​ការ៉េ​ និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ ៧ ​ម៉ឺន​នាក់​។

ជាមួយ​គ្នា​នេះដែរ លោកស្រី ហាញ ងូយយេន នាយិកា​បេសកកម្ម​ស្តីទី​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដែល​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះ​សង្ឃឹម​ថា ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​នឹង​ត្រូវ​ប្រើ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​មួយ ដើម្បី​តម្រង់​ទិសដៅ​ជា​អាទិភាព​សម្រាប់​ការអភិវឌ្ឍ និង​ការអភិរក្ស​ខេត្ត​ដ៏ស្រស់ស្អាត​មួយ​នេះ​តាមរយៈ​ការដោះស្រាយ​តម្រូវការ​បច្ចុប្បន្ន និង​ការធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​និរន្តរភាព​រយៈពេល​វែង និង​មាន​ការបំភាយ​ឧស្ម័ន​កម្រិត​ទាប​។

លោក​ សេង ទៀក នាយក​អង្គការ​ការពារ​សត្វព្រៃ​កម្ពុជា WWF ថ្លែងថា អង្គការ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ប្រកប​ដោយ​និរន្តរភាព​ដើម្បី​ថែរក្សា ការពារ​ជីវចម្រុះ​សម្បូរបែប​នៅក្នុង​ខេត្តមណ្ឌលគិរី​។ ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ការទទួល​ខុសត្រូវ និង​តុល្យភាព​នៃ​ការបែងចែក ប្រើប្រាស់​ដីធ្លី ធនធាន​ធម្មជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស និង​សង្គម​ដោយ​ផ្អែកលើ​តម្រូវការ​ជាក់ស្តែង​របស់​ខេត្ត និង​គោលការណ៍​ច្បាប់ ការចូលរួម និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ពី​គ្រប់​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕

អត្ថបទគួរចាប់អារម្មណ៍