ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​ក្រុមហ៊ុន Smart Axiata ប្រកាស​រួមគ្នា​ពី​ការចាប់ផ្ដើម​ផ្សព្វផ្សាយ​វីដេអូ​មេរៀន​អនឡាញ​កម្មវិធី​ «Smart 1,000 Grade 12 Video Collection» ​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ ដែល​ទទួល​បាន​ការគាំទ្រ​មូលនិធិ​ចំនួន​ទឹកប្រាក់​ ១ ​លាន​ដុល្លារ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១ កញ្ញា ឲ្យ​ដឹងថា កម្មវិធី Smart 1,000 Grade 12Video Collection នឹង​ក្លាយជា​ធនធាន​ដ៏សំខាន់​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ នា​ឆ្នាំនេះ ក៏ដូចជា​ពេល​អនាគត​។ បន្ថែម​ពីនេះ បណ្ណាល័យ​ឌីជីថល​ដែល​មាន​ផ្ទុក​វីដេអូ​អនឡាញ​នេះ​ក៏​នឹង​ជួយ​ដល់​ការត្រៀមខ្លួន​ជាស្រេច​របស់​ក្រសួង​អប់រំ សម្រាប់​ពេលអនាគត​ផងដែរ ស្រប​ពេល​មូលនិធិ​នេះ​បានផ្តល់​គុណ​តម្លៃ​យ៉ាងច្រើន​បន្ថែមទៀត​ដល់​កិច្ចសហការ​រវាង​ក្រុមហ៊ុន Smart Axiata ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើកទូលាយ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​រហូត​មក​ទល់នឹង​ពេលនេះ​មាន​វីដេអូ​ចំនួន​ជាង​ ៤០០ ​ហើយ​ដែល​បាន​ផលិតឡើង​។ ខណៈ​ដែល​មាន​វីដេអូ​ជាច្រើន​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការផលិត​។ ក្នុងពេល​នេះដែរ ក្រសួង​អប់រំ​នឹង​ចាប់ផ្ដើម​សម្ពោធ​ឲ្យ​ប្រើប្រាស់​វីដេអូ ដែល​បានរៀបចំ​យ៉ាង​មាន​របៀបរៀបរយ​។ វីដេអូ​ទាំងនោះ​នឹង​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង រួមមាន​នៅលើ​ទំព័រ Facebook និង​ទំព័រ YouTube របស់​ក្រសួង​ផ្ទាល់​ក៏ដូចជា​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​កម្ពុជា ២ (​ប៉ុស្តិ៍​អប់រំ TVK 2) ​ផងដែរ​»​។

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ខណៈ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​តែ​ពង្រីក​កាលានុវត្តភាព​នៃ​ការសិក្សា​ពី​ចម្ងាយ ដូច្នេះ​មូលនិធិ​របស់​ក្រុមហ៊ុន Smart Axiata គឺជា​ជំនួយ​យ៉ាង​ធំធេង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង ដោយ​បាន​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​។

លោក​បញ្ជាក់ថា​៖ «​គំនិត​ផ្ដួចផ្ដើម​នេះ​ផ្ដោតលើ​សិស្ស​ថ្នាក់​ទី​ ១២ ពីព្រោះ​សិស្ស​ដែល​កំពុង​រៀន​ឆ្នាំ​ចុងក្រោយ​សម្រាប់​មធ្យមសិក្សា ចាំបាច់​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ការប្រឡង​បញ្ចប់ ហើយ​បន្ត​ចូលទៅ​រៀន​នៅ​សាកលវិទ្យាល័យ​»​។

លោក​បន្តថា តាមរយៈ​មូលនិធិ​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើកទូលាយ បាន​រៀបចំ​ស្ទូឌីយោ​ចំនួន​​ ២ ដែលមាន​បំពាក់​បរិក្ខារ​ពេញលេញ សម្រាប់​ផលិត​វីដេអូ​អនឡាញ​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ ​ដើម្បី​ជួយ ពួកគេ​អាច​បន្ត​ការសិក្សា​ពី​ចម្ងាយ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ឆ្នាំ​សិក្សា នេះ​ស្របពេល​មានការ​បិទទ្វារ​សាលារៀន​ទូទាំង​ប្រទេស ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោក​ ថូម៉ាស ហ៊ុន នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លើកឡើង​ថា ក្រុមហ៊ុន​មាន​បំណង​ចង់​ធានាថា ការបិទទ្វារ​សាលា​មិនមែន​ជា​ឧបសគ្គ​ឡើយ​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​។ លោក​ថា ក្រុមហ៊ុន Smart តែង​មាន​ការប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។

លោក​បន្ថែមថា​៖ «​យើង​មាន​ជំនឿ​ចិត្ត​លើ​ការធ្វើការ​ជា​ដៃគូ និង កិច្ចសហប្រតិបត្តិការ ដូច្នេះ​ហើយ​ទើប​មូលនិធិ​ទឹកប្រាក់ ១ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Smart Axiata ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជួយ​ដល់​សហគមន៍​ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​នេះ​»​។

លោក​ Javier Sola នាយកប្រតិបត្តិ​វិទ្យាស្ថាន​បើកទូលាយ​យល់​ថា ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​ពី​មូលនិធិ​សង្គ្រោះ​នេះ បាន​ផ្ដល់​លទ្ធភាព​ឲ្យ​វិទ្យាស្ថាន អាច​កសាង​ស្ទូឌីយោថត​ដ៏ទំនើប​ចំនួន​ ២ ​យ៉ាង​ឆាប់រហ័ស​ដែល​សុទ្ធតែជា​ស្ទូឌីយោ​ការពារ​សំឡេង និង​បំពាក់​ទៅ​ដោយ​ក្ដារខៀន​វៃឆ្លាត ឧបករណ៍​ថត​សំឡេង និង​ម៉ាស៊ីន​ថត​វីដេអូ​លំដាប់​ខ្ពស់​។

លោក​បន្តថា​៖ «​នៅពេល​នេះ​ស្ទូឌីយោ​ទាំង​ ២ ​នេះ​កំពុង​ដំណើរការ ប្រកប​ដោយ​ភាព​ពេញលេញ​។ ដូច្នេះ​យើង​អាច​ផលិត​វីដេអូ​បាន​ចំនួន​រហូត​ដល់​ទៅ​ ៨០ ​វីដេអូ​បង្រៀន​ក្នុង​ ១ ​ថ្ងៃ​។ ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​បាន​ធ្វើការ​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានាថា រាល់​វីដេអូ ដែល​បាន​ថត គោរព​តាម​បទដ្ឋាន​របស់​ក្រសួង និង​មាន​គុណភាព​ខ្ពស់​សម្រាប់​ការចាក់ផ្សាយ​ដែល​ជា​ធនធាន​ដ៏សំខាន់​សម្រាប់​សិស្សានុសិស្ស​»​។

បើ​តាម​សេចក្តី​ប្រកាស មូលនិធិ​នេះ​ផ្ដោតលើ​គំនិត​ផ្ដួចផ្ដើម​នានា​ដោយ​ផ្អែកលើ​គោលដៅ​ ៤ រួមមាន បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សម្រាប់​ការអប់រំ ការគ្រប់គ្រង​វិបត្តិ គម្លាតសង្គម និង​អនាម័យ​ផ្ទាល់ខ្លួន​។ កម្មវិធី​កិច្ចសហការ​ជា​ដៃគូ​រវាង​ស្ថាប័នឯកជន​ និង​រដ្ឋ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ដាក់សំណើ​មកកាន់​មូលនិធិ​នេះ​ដើម្បី​ទទួល​បាន​មូលនិធិ​ដល់​ទៅ​ ២០ ​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​កម្មវិធី​នីមួយៗ​៕