ភ្នំពេញៈ ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃ​ពុធ​បាន​ចេញ​សេចក្តីប្រកាស​មួយ​ឆ្លើយតប​ទៅនឹង​ការរិះគន់​ពី​មហាជន​តាម​បណ្ដាញ​សង្គម​មួយចំនួន​ដែល​ថា សត្វព្រៃ​នៅ​​ក្នុង​សួនសត្វ​ភ្នំ​តាម៉ៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ​មាន​ការ​ស្គមស្គាំង​ដោយសារ​ខ្វះ​ចំណី និង​ខ្វះ​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​មន្ត្រី​នៃ​ឧទ្យាន​សួនសត្វ​នេះ​។

យោងតាម​សេចក្តី​ប្រកាស​នោះ​ក្រសួង​នេះ​បាន​ពន្យល់ថា ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​​គឺជា​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​សត្វព្រៃ​គ្រប់​ប្រភេទ​ដោយ​មាន​មន្ត្រី​បសុពេទ្យ​មើល​ថែទាំ​ជាប្រចាំ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ​ចំនួន​ ៣ រួមមាន អង្គការ Wildlife Alliance, អង្គការ​ FFI និង អង្គការ Free the Bear​។

ក្រសួង​បាន​គូសបញ្ជាក់​ថា​ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​កាលពី​ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​ ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​បាន​សង្គ្រោះ​សត្វព្រៃ​ថ្មី​ចំនួន​ ១ ៨៩៣ ក្បាល ព្យាបាល​សត្វព្រៃ​ចំនួន​ ២៥៧ ​ក្បាល និង​កំពុង​ថែរក្សា​សត្វព្រៃ​ចំនួន ១ ៥៨៦ ​ក្បាល​ (​បក្សី​ចំនួន​ ៥៤ ​ប្រភេទ ថនិកសត្វ​ចំនួន​ ៤១ ​ប្រភេទ​​ និង​ល្មូន​ចំនួន​ ១២ ​ប្រភេទ​) ​ព្រមទាំង​បាន​ស្ដារ​លទ្ធភាព​ជីវសាស្ត្រ​សត្វព្រៃ និង​ដោះលែង​សត្វព្រៃ​គ្រប់​ប្រភេទ​ចូល​ព្រៃ​ធម្មជាតិ​វិញ​បាន​ចំនួន​ ១៤៨៤ ​ក្បាល​។

ដោយឡែក​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​បាន​សង្គ្រោះ​សត្វព្រៃ​ថ្មី​ចំនួន​ ៧៦៧ ​ក្បាល ព្យាបាល​សត្វព្រៃ​បាន​ចំនួន​ ២០៧ ​ក្បាល និង​កំពុង​ថែរក្សា​សត្វព្រៃ​ចំនួន​ ១ ៦២៥ ​ក្បាល​ (​បក្សី​ចំនួន​ ៥៣ ​ប្រភេទ ថនិកសត្វ​ចំនួន​ ៤១ ​ប្រភេទ និង​ល្មូន​ចំនួន​ ១៣ ប្រភេទ​) ព្រមទាំង​បាន​ស្ដារ​លទ្ធភាព​ជីវសាស្ត្រ​សត្វព្រៃ និង​​ដោះលែង​សត្វព្រៃ​គ្រប់​ប្រភេទ​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ចំនួន ៦៧៤ ក្បាល​។

ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ​​មាន​ករណី​ថតរូប​សត្វព្រៃ​មួយ​​ចំនួន​ដែល​ស្គមស្គាំង​ក្នុង​សភាព​​ដូច​គ្មាន​ចំណីអាហារ​ហើយ​យក​​មក​បង្ហោះ​ផ្សព្វផ្សាយ​តាម​​បណ្ដាញ​សង្គម Facebook ​ជាមួយ​នឹង​ការរិះគន់​មន្ត្រី និង​ថ្នាក់ដឹកនាំ​នៅក្នុង​ឧទ្យាន​សួន​​សត្វ​នេះ​ថា​៖ «​ខ្វះ​ការយកចិត្ត​ទុកដាក់​ក្នុង​ការថែទាំ និង​ផ្ដល់​ចំណីអាហារ​ដល់​សត្វ​បណ្ដោយ​ឲ្យ​សត្វ​មាន​ជំងឺ​ស្គមរីងរៃ​»​។

ក្នុង​នោះ​គណនី​ហ្វេសប៊ុក​ឈ្មោះ ស្លាប៉ាកា​អព្យាក្រឹត​បាន​សរសេរ​ថា​៖ «​អ្នកគ្រប់គ្រង​សួន​សត្វ​ភ្នំ​តា​ម៉ៅ​យកលុយ​ទៅ​ចិញ្ចឹម​ស្អី បាន​ទុក​ឲ្យ​សត្វព្រៃ​នៅ​សួនសត្វ​មួយ​នេះ​ក្លាយ​ជា​​របៀបនេះ​...»​។

ជុំវិញ​ករណីនេះ​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ការពិត​សត្វព្រៃ​​ទាំងនោះ​មិនមែន​ស្គមស្គាំង​ដោយសារ​ខ្វះ​ចំណី​ដូច​ការរិះគន់​នោះឡើយ​។ ​ពួកវា​ជា​សត្វ​ដែល​ទើប​តែ​សង្គ្រោះ​បាន​ពី​ការប្រមាញ់​ផ្សេងៗ ជាពិសេស​សត្វ​ជាប់​អន្ទាក់​របស់​ព្រានព្រៃ​ជាដើម ហើយ​ទើប​ត្រូវ​បាន​យក​​មក​ចិញ្ចឹម​ថែទាំ​នៅក្នុង​សួន​នេះ​ដើម្បី​ព្យាបាល និង​ស្ដារ​នីតិសម្បទា​មុនពេល​ត្រូវ​ដោះលែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​វិញ​»​។

បើ​តាម​សេចក្ដីប្រកាស​នេះ ដើម្បី​ចូលរួម​ថែរក្សា និង​ការពារ​សត្វព្រៃ​ដ៏មានតម្លៃ​របស់​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ក្រសួង​កសិកម្ម​​នឹង​បន្ត​យកចិត្ត​ទុកដាក់​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​ច្បាប់​លិខិត​បទដ្ឋានគតិយុត្ត និង​ថែរក្សា​ក៏​ដូចជា​ព្យាបាល​សត្វព្រៃ​គ្រប់​ប្រភេទ​សម្រាប់​ជា​កេរមរតក​ដល់​អ្នក​ជំនាន់​ក្រោយៗ​ទៀត​។

លោក​ ញឹក រតនៈពេជ្រ ប្រធាន​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំតាម៉ៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ជាទូទៅ​ភ្ញៀវទេសចរ​ភាគច្រើន​តែងតែ​​យល់ថា សត្វ​នៅក្នុង​សួនសត្វ​គប្បី​មាន​មាឌធំ ហើយ​ធាត់​ជាង​សត្វ​ដែល​រស់នៅ​ក្នុងព្រៃ ព្រោះ​នៅ​ទីនេះ​មាន​ចំណីអាហារ​ច្រើន​។

ការប្រទះ​ឃើញ​សត្វព្រៃ​ក្នុង​ទ្រុង​ស្គមស្គាំង​បាន​ធ្វើឲ្យ​ពួកគេ​មិន​សប្បាយចិត្ត​និង​បញ្ចេញមតិ​រិះគន់​មក​លើ​មន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ឧទ្យាន​សួនសត្វ​ដោយ​មិន​បាន​សួរនាំ​ដើម្បី​ស្វែងយល់​ពី​ការពិត​ថា​តើ​មកពី​​មូលហេតុ​អ្វី​នោះទេ​។

លោក រតនៈ ពេជ្រ បាន​ថ្លែងថា​៖ «​ការពិត​សត្វព្រៃ​ដែល​​មាន​សភាព​ស្គមស្គាំង​ក្នុង​ទ្រុង​ដាច់​ដោយឡែក​ពី​គេ​នោះ វា​ជា​សត្វ​ដែលមាន​ជំងឺ​ដែល​ត្រូវ​យក​មក​ព្យាបាល​។ ​សត្វព្រៃ​នៅទីនេះ​ប្រៀប​ដូចជា​គ្រួសារ​របស់​យើងខ្ញុំ​ដូច្នេះ​យើង​មិន​បណ្ដោយ​ឲ្យ​ពួកគេ​ស្គមស្គាំង​ ឬ​ឈឺ​ងាប់​ដោយសារ​តែ​ខ្វះ​ចំណីអាហារ ឬ​ខ្វះ​ការ​មើលថែ និង​ព្យាបាល​នោះ​ទេ​»​។

លោក​បាន​បន្តថា ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥ ​មក​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះសត្វព្រៃ​ភ្នំ​តាម៉ៅ​បាន​សង្គ្រោះ​ និង​ដោះលែង​សត្វព្រៃ​គ្រប់​ប្រភេទ​ប្រមាណ​ជាង​ ២ ​ម៉ឺន​ក្បាល​ចូល​ទៅក្នុង​ព្រៃ​ធម្មជាតិ និង​ជាង ៥ ០០០ ​ក្បាល​ទៀត​​ចូល​ទៅក្នុង​ព្រៃ​នៃ​ឧទ្យាន​សួន​សត្វ​ភ្នំម៉ៅ ខណៈ​សត្វព្រៃ​គ្រប់​ប្រភេទ​ចំនួន ១ ៦០០ ​ក្បាល​ទៀត​ កំពុង​ស្ថិត​ក្នុង​ការថែទាំ​​នៅក្នុង​ទ្រុង​ដែល​ទ្រុង​នីមួយៗ​ដែល​មាន​ទំហំ​ផ្ទៃដី​ជាង​ ១ ​ហិកតា​។ ​

សត្វព្រៃ​ទាំងនោះ​ភាគ​​ច្រើន​មាន​របួស​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បាន​ពី​បទល្មើស​នានា​នៅ​ទូទាំង​ប្រទេស​ហើយ​បាន​បញ្ជូន​មក​សួនសត្វ​​ដើម្បី​ព្យាបាល និង​ស្ដារនីតិសម្បទា​មុនពេល​ដោះលែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​វិញ​៕