ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា និង​ប្រធាន​មូលនិធិ​ GX ​របស់​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជា​​លើក​ទី​​ ២ ​លើ​គម្រោង​លុបបំបាត់​ភាពពិការភ្នែក​ដោយ​ជំងឺ​ភ្នែក​ឡើង​បាយ​ដោយ​ត្រូវ​ពង្រីក​ទៅកាន់​ខេត្ត​ព្រៃវែង ហើយ​គ្រោង​នឹង​បន្ត​នៅ​ទូទាំង​ប្រទេស​ទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​អង្គារ​បាន​​បញ្ជាក់​ថា MoU ទី​ ១ ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០១៧ ដែល​បាននិង​កំពុង​អនុវត្ត​នៅ​ខេត្ត​កំពង់ចាម​ក្នុង​ការផ្តល់សេវា​ពិនិត្យ​ព្យាបាល និង​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ពលរដ្ឋ​ដែល​រហូត​មកទល់​ពេល​នេះ​មាន​ពលរដ្ឋ​ចំនួន ១០ ៥០៤ ​នាក់​ បាន​ទទួល​ការពិនិត្យ និង​ព្យាបាល​ភ្នែក និង​ ៤ ៩៦១ ​នាក់​ បាន​ទទួល​ការវះកាត់​ភ្នែក​ឡើងបាយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​ «​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​គម្រោង​នេះ ភាគី​មិត្ត​ចិន​នឹង​ផ្តល់​នូវ​​គ្លីនិក​ចល័ត​វះកាត់​ភ្នែក​ចំនួន​ ២ ​គ្រឿង​ រថយន្ត​សម្រាប់​ដឹក​អ្នកជំងឺ​ ១ ​គ្រឿង​ ព្រមទាំង​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​សម្រាប់​បម្រើ​ឱ្យ​ការពិនិត្យ ព្យាបាល​ និង​វះកាត់​ភ្នែក​ឡើងបាយ​ដល់​អ្នកជំងឺ​នៅក្នុង​ខេត្តព្រៃវែង​»​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​ពិធី​ចុះ ​MoU ​ថា បញ្ហា​ធំ​មួយ​ទៀត​ពាក់ព័ន្ធ​សុខភាព​ភ្នែក​ដែល​នៅ​សេសសល់​នៅ​កម្ពុជា​គឺ​ជំងឺភ្នែក​ឡើងបាយ​ដែល​ ៧៤,៧ ​ភាគរយ​ បណ្តាល​ឱ្យ​ពិការភ្នែក​។ ​កម្ពុជា​ត្រូវការ​ធនធាន​បន្ថែម​ទៀត​រួមមាន​កម្លាំង​ពលកម្ម​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​។ ​គម្រោង​បច្ចុប្បន្ន​បាន​អនុវត្ត​យ៉ាង​រលូន​ និង​ជោគជ័យ​ហើយ​កម្ពុជា​បាន​រៀនសូត្រ​ច្រើន​ពី​ក្រុមគ្រូពេទ្យ​ក្វាងស៊ី (Guangxi)​។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក​ដោយ​ជំងឺភ្នែក​ឡើងបាយ​នៅ​ថ្ងៃនេះ​នឹង​នាំ​ឱ្យ​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​បណ្ឌិត្យសភា​នៃ​ប្រទេស​ទាំង​ ២ ​ចិន និង​កម្ពុជា​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​លុបបំបាត់​ភាព​ពិការភ្នែក​ដោយ​ជំងឺភ្នែក​ឡើងបាយ​នៅ​ខេត្ត​​ព្រៃវែង និង​នៅក្នុង​ប្រទេស​ កម្ពុជា​ ទាំងមូល​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​» ។

លោក​ Leung Chunying ​ប្រធាន​មូលនិធិ​ GX បាន​ថ្លែងប្រាប់​អ្នកកាសែត​តាមរយៈ​អ្នកបកប្រែ បន្ទាប់​ពិធី​ចុះ​ MoU ថា​ទន្ទឹម​នឹង​ជួយ​ដល់​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​មូលនិធិ​ GX ​នេះ​ក៏​នឹង​ជួយ​ដល់​ពលរដ្ឋ​ទូទៅ​ផងដែរ​ឱ្យតែ​ពួកគាត់​ត្រូវការ​ពិនិត្យ និង​ព្យាបាល​ភ្នែក​។

លោក Leung Chunying បាន​បន្តថា​៖ «​ការពិនិត្យ​ព្យាបាល​ភ្នែក​មិនមែន​ត្រឹមតែ​សម្រាប់​ប្រជាជន​នៅ​ខេត្ត​ព្រៃវែង​នោះទេ​។ ​កាលណា​ពលរដ្ឋ​មក​ទទួល​សេវា​ពិនិត្យ​ និង​ព្យាបាល​ភ្នែក​កាន់តែ​ច្រើន​កាន់តែ​ល្អ​ដើម្បី​ជំរុញ​ឱ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​ផងដែរ​»​។

មូលនិធិ GX គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ចិន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ដែល​មិន​រកប្រាក់​កម្រៃ​ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផ្តល់ជំនួយ​សុខាភិបាល​អន្តរជាតិ និង​ជំនួយ​ពាក់ព័ន្ធ​នានា​។ មូលនិធិ​នេះ​គឺជា​ការឆ្លើយតប​នឹង​ការអំពាវនាវ​ឱ្យ​មាន​ការភ្ជាប់​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ និង​ពលរដ្ឋ​ក្រោម​គំនិត​ផ្តួចផ្តើម​ផ្លូវ និង​ខ្សែក្រវាត់​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា​ការចុះហត្ថលេខា​លើ MoU នៃ​គម្រោង​នេះ​គឺ​យោង​ទៅ​តាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ចិន និង​កម្ពុជា​ឱ្យ​ឈានដល់​កម្រិត​កិច្ចសហប្រតិបត្តិការភាព​ជា​ដៃគូ​​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា វា​គឺជា​រឿង​សំខាន់​ដែល​ពលរដ្ឋ​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺភ្នែក​ឡើងបាយ​ដោយ​ឥតគិតថ្លៃ​។ កិច្ចការ​នេះ​គួរ​មាន​គោលនយោបាយ​ច្បាស់​ក្នុង​ការពិនិត្យ​ព្យាបាល​ជំងឺភ្នែក​ឡើងបាយ​ដល់​ពលរដ្ឋ​ឱ្យបាន​ទៀងទាត់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជំនាញ​ណា​ដែល​យើង​ខ្វះ យើង​រក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​គេ​មាន​ជំនាញ​ឱ្យ​គេ​មកជួយ​អ៊ីចឹង​ទៅ​»​។

លោក គិមអេង បាន​បន្តថា ទិន្នន័យ​ច្បាស់លាស់​គួរ​ត្រូវ​មាន​ផងដែរ​ដើម្បី​ចង្អុលបង្ហាញ​ពី​ការផ្លាស់ប្តូរ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​៕