ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សហការ​ពន្លឿន​ការសាងសង់​មណ្ឌល​ចត្តាឡីស័ក​ថ្មី​លើ​ផ្ទៃដី​ជិត​ ១ ​ហិកតា​ ឱ្យ​បាន​រួចរាល់​នៅ​ដំណាច់​ខែធ្នូ​ឆ្នាំ​នេះ សម្រាប់​ទុកដាក់​អ្នក​ត្រូវធ្វើ​ចត្ដាឡីស័ក ដែល​ជា​កត្ដា​សំខាន់បំផុត​ក្នុង​ការទប់ស្កាត់​​ជំងឺ​កូវីដ​​ ១៩​។ នេះ​បើតាម​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​។

លោកស្រី​បាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ពីថ្ងៃ​ ១០ វិច្ឆិកា​ ថា ក្រសួង​សុខាភិបាល​តាមរយៈ​ការសហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ពន្លឿន​ការសាងសង់​មណ្ឌល​ចត្ដាឡីស័ក​ចំនួន​ ៤ ​អគារ​នៅលើ​ផ្ទៃដី​ជិត​ ១ ​ហិកតា ស្ថិត​ក្នុង​ភូមិ​ផ្សារលិច សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​។ ការសាងសង់​នេះ​​បាន​ចាប់ផ្ដើម​កាលពី​ខែកញ្ញា ឆ្នាំនេះ ហើយ​ត្រូវ​ពន្លឿន​ដំណើរការ​សាងសង់​ឱ្យបាន​រួចរាល់​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​នេះ​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ក្រុម​ការងារ​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​មណ្ឌល​ចត្ដាឡីស័ក​នេះ​បាន​រួចរាល់​ទៅ​តាម​ផែនការ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​ ២០២០ ​នេះ ដើម្បី​ប្រើប្រាស់​។ ព្រោះ​តម្រូវការ​នៃ​ការធ្វើ​ចត្ដាឡីស័ក​នេះ គឺជា​តម្រូវការ​ដែល​សំខាន់​មែនទែន សម្រាប់​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​១៩ បន្ត​ទៅទៀត​»​។

លោក ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា ឆ្នាំនេះ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​មណ្ឌល​ចត្ដាឡីស័ក​ថ្មី​នេះ ដើម្បី​ពន្លឿន​ឱ្យ​បាន​ឆាប់​រួចរាល់​តាម​ការគ្រោងទុក​។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពេល​អមដំណើរ​លោក ម៉ម ប៊ុនហេង នាពេល​នោះ​ថា មណ្ឌល​ចត្ដាឡីស័ក​ថ្មី​នេះ​មាន​អគារ​ចំនួន ៤ ដែល​អាចដាក់​មនុស្ស​បាន​ ៤៦០ ​នាក់ ហើយ​ក្រសួង​មាន​ផែនការ​ពង្រីក​អគារ​ចំនួន​ ២ ​ទៀត ដើម្បី​ដាក់​មនុស្ស​ឱ្យបាន​ ៨០០ ​នាក់​។ គម្រោង​នេះ​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​ ៧៩ ​ម៉ឺន​ដុល្លារ​ ដែល​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោកស្រី​បាន​ឱ្យដឹងថា កន្លងមក​រាជរដ្ឋាភិបាល​យក​បាន​សាលារៀន​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ធ្វើជា​កន្លែង​ធ្វើ​ចត្ដាឡីស័ក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស​ចូលមក​កម្ពុជា​ វិញ​។ ប៉ុន្ដែ​បច្ចុប្បន្ននេះ​សាលារៀន​មួយ​ចំនួន​កំពុងបើក​ដំណើរការ​ឱ្យ​សិស្ស​ចូល​សិក្សា​ឡើងវិញ​។

លោកស្រី​បញ្ជាក់ថា​៖ «​ពេល​មណ្ឌល​ចត្ដាឡីស័ក​ទីតាំង​ថ្មី​នេះ​ធ្វើ​រួចរាល់ ពលរដ្ឋ​ខ្មែរ​មកពី​ក្រៅ​ប្រទេស​គឺ​ត្រូវ​ធ្វើ​ចត្ដាឡីស័ក​នៅ​ទីតាំង​ថ្មី​នេះ លើកលែង​តែ​​ជនបរទេស ដែល​ត្រូវ​សម្រាក​នៅតាម​សណ្ឋាគារ​។ ការ​អនុវត្ដ​នេះ​ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង ព្រោះ​មណ្ឌល​ចត្ដាឡីស័ក​នេះ​មាន​គ្រូពេទ្យ និង​បំពាក់​សម្ភារ​រួចជាស្រេច​ត្រៀម​ជាប់​ជានិច្ច​» ។

ក្រោយ​ព្រឹត្ដិការណ៍​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អំពាវនាវ និង​ដាក់បទបញ្ជា​ជា​បន្តបន្ទាប់​ដល់​អ្នក​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​ព្រឹត្ដិការណ៍​នេះ​ដោយ​លោក​ជំរុញ​ឱ្យ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ធ្វើ​ចត្ដាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា​៖ «​ដើម្បី​បញ្ចៀស​ករណី​ដូចដែល​ខ្ញុំ​លើក​ឡើង​ខាងលើ ខ្ញុំ​សុំ​ចេញ​បទបញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល អាជ្ញាធរ​រាជធានីភ្នំពេញ និង​ខេត្តកណ្តាល ពិនិត្យ​តាមដាន​គ្រប់​មនុស្ស​ដែល​បាន និង​កំពុង​ធ្វើ​ចត្តាឡីស័ក​។ ប្រសិន​ពួកគាត់​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ក្នុង​ការធ្វើចត្តាឡីស័ក​តាម​ផ្ទះ​ទេ សូម​អញ្ជើញ​ពួកគាត់​ទៅធ្វើ​ចត្តាឡីស័ក​តាម​ទីកន្លែង​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល ដោយ​មាន​ការយាមកាម​ពី​កម្លាំង​នគរបាល​ ឬ​កងរាជ​អាវុធហត្ថ​ឱ្យ​បាន​ហ្មត់ចត់​» ៕