ភ្នំពេញៈ ក្រសួង​ និង​ស្ថាប័ន​ចំនួន​ ៦ ប្រកាស​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី ចំនួន ២២២ នាក់​សម្រាប់​ឆ្នាំ​ ២០២១ ដែល​កាលបរិច្ឆេទ​ទទួល​ពាក្យ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២៥ មករា រហូតដល់​ថ្ងៃទី​ ៥ ខែមីនា ហើយ​ការជ្រើសរើស​នេះ​មិនអនុញ្ញាត​ឱ្យ​បេក្ខជន​ដែល​បាន​សុំ​សិទ្ធិ​ប្រឡង​កាលពី​ឆ្នាំ​ ២០២០ រួចហើយ​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​ជាថ្មី​ទៀត​ទេ​។

​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ​បានឱ្យ​ដឹងថា ក្រសួង​ទាំង​ ៦ ដែល​នឹង​សម្រេច​ឱ្យ​បន្ត​មាន​ការទទួល​ពាក្យសុំ​សិទ្ធិ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​នេះ គឺមាន​ក្រសួង​មុខងារ​សាធារណៈ​ខ្លួនឯង ដែល​ត្រូវ​ជ្រើសរើស​មន្ត្រី​ថ្មី​ចំនួន ៨ កន្លែង កម្រិត​ក្របខ័ណ្ឌ​ប្រភេទ ក ដោយ​ត្រូវ​មាន​សញ្ញាបត្រ​ចាប់ពី​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ឡើងទៅ​ ឬ​សញ្ញាបត្រ​សមមូល​។

ចំពោះ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ត្រូវការ​ជ្រើសរើស​មន្ត្រី​ថ្មី ចំនួន ៥ កន្លែង​ក្នុង​ក្របខ័ណ្ឌ ក និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវការ​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ចំនួន ១៣៣ កន្លែង ក្នុង​ក្របខ័ណ្ឌ​ប្រភេទ ក និង​ប្រភេទ ខ ឱ្យ​មក​បម្រើ​ការងារ​នៅ​មន្ទីរ​ស្ថាប័ន​នេះ​ទូទាំង​ប្រទេស​។

ក្រសួង​មុខងារ​សាធារណៈ​បាន​បន្តទៀតថា ចំពោះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​ត្រូវ​ការជ្រើសរើស​មន្ត្រី​ស៊ីវិល​ថ្មី​ចំនួន ៣៦ កន្លែង​សម្រាប់​បេក្ខជន​ប្រឡង​ក្រមខ័ណ្ឌ​ប្រភេទ ក និង​ប្រភេទ ខ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ក្រសួង និង​សម្រាប់​មន្ទីរ​ចំនួន ១៤ រាជធានី​ខេត្ត​ផងដែរ ខណៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ត្រូវការ​ជ្រើសរើស​មន្ត្រី​ថ្មី​ចំនួន ២៨ កន្លែង​ក្នុង​ប្រភេទ​ក្របខ័ណ្ឌ ក ឱ្យចូល​បម្រើ​ការងារ​នៅតាម​មន្ទីរ ស្ថាប័ន​មួយចំនួន​។

ក្រសួង​មុខងារ​សាធារណៈ​បញ្ជាក់​ថា​៖ «​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ជ្រើសរើស​មន្ត្រី​ស៊ីវិល​ថ្មី​ចំនួន ១២ កន្លែង សម្រាប់​បេក្ខជន​ប្រឡង​ក្របខ័ណ្ឌ​ប្រភេទ ក ត្រូវមាន​សញ្ញាបត្រ​ចាប់ពី​កម្រិត​បរិញ្ញាបត្រ​ឡើងទៅ​ ឬ​សញ្ញាបត្រ​សមមូល​លើ​មុខជំនាញ​អក្សរសាស្ត្រ​អង់គ្លេស ព័ត៌មានវិទ្យា សេដ្ឋកិច្ច ធនាគារ និង​ហិរញ្ញវត្ថុ​»​។

លោក អែវ ប៊ុនថុល ប្រធាន​គណៈកម្មការ​រៀបចំ​ការប្រឡង និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​បាន​លើកឡើង​ក្នុង​សេចក្តី​ជូន​ដំណឹង​យ៉ាង​ដូច្នេះ​ថា ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​នេះ គឺ​ផ្តល់​សិទ្ធិ​ដល់​បេក្ខជន​ទាំង​ ២ ភេទ ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ការកំណត់​របស់​ក្រសួង​។ ចំពោះ​បេក្ខជន​ជា​មន្ត្រីរាជការ​ក៏​មាន​សិទ្ធិ​ក្នុង​ការចូលរួម​ប្រឡង​ជ្រើសរើស​នេះដែរ​ដោយ​ទទួល​បាន​ការលើកលែង​លក្ខខណ្ឌ​អាយុ ដោយ​គ្រាន់តែ​មាន​ការយល់ព្រម​ពី​ប្រធាន ស្ថាប័ន​សាមី​ដើម្បី​អនុញ្ញាត​ឱ្យ​បេក្ខជន​ជាម​ន្ត្រី​អាច​ចូលរួម​ប្រឡង​ប្រជែង​បាន​។

ប៉ុន្តែ​លោក អែវ ប៊ុនថុល បាន​បញ្ជាក់ថា បេក្ខជន​អាចដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​បាន​តែមួយ​ក្រសួង ឬ​ស្ថាប័ន​ប៉ុណ្ណោះ ហើយ​ចំពោះ​បេក្ខជន​ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង កាលពី​ឆ្នាំ​ ២០២០ រួចហើយ មិន​តម្រូវឱ្យ​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​ឡើងវិញ​ទេ​។

លោក​សង្អត់​ធ្ងន់​ថា​៖ «​បេក្ខជន ត្រូវ​ប្រាកដថា មិន​ប្រាសចាក​សិទ្ធិ​ខាង​ផ្លូវរដ្ឋ​ប្បវេណី សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ខាង​នយោបាយ​។ ចំពោះ​បេក្ខនារី ជនពិការ និង​អ្នករស់នៅ​តំបន់​ដាច់​ស្រយោល​ត្រូវ​បានផ្តល់​អាទិភាព និង​លើកទឹកចិត្ត​»​។ ជាមួយគ្នានេះ ក្នុងករណី​ដែល​រកឃើញថា​មានការ​ក្លែងបន្លំ​សញ្ញាបត្រ​ ឬ​លិខិតស្នាម​ផ្សេងៗ បេក្ខជន​នឹង​ត្រូវ​លុបឈ្មោះ​ចេញ​ជា​ស្វ័យប្រវត្តិ ទោះបីជា​បេក្ខជន​ប្រឡង​ជាប់​ក្នុង​ក្របខ័ណ្ឌ​ក្រសួង ស្ថាប័ន​ណាក៏ដោយ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បានលើក​ឡើង​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​គួរតែ​ឱ្យ​អាទិភាព​ទៅ​តំបន់​ដែលមាន​តម្រូវការ​មន្ត្រី​ច្រើន ដើម្បី​ឱ្យ​បេក្ខជន​ប្រឡង ដែល​រស់នៅក្នុង​តំបន់​នោះ​ទទួល​បាន​ឱកាស​ទាំងនេះ​។

លោក​បន្ត​ថា​៖ «​ខេត្ត​ណា​ដែល​ខ្វះ គួរតែ​ផ្តល់​ឱកាស​ឱ្យ​ខេត្ត​នោះ​ជ្រើសរើស​មន្ត្រី​នៅក្នុង​តំបន់ ដើម្បី​បំពេញ​តាម​តម្រូវការ​។ ការជ្រើសរើស​ជាទូទៅ​ដូចនេះ ហើយ​ក្រោយមក​មាន​ការ​បញ្ចូល​មន្ត្រី​ដែល​ជាប់​ថ្មី​នោះ​ទៅ​ធ្វើការ​កន្លែង​ឆ្ងាយ​ពី​គ្រួសារ​របស់គាត់​គឺ​ពិបាកណាស់​»​។

ចំពោះ​ការហាម​ប្រាម​បេក្ខជន​ចាស់ មិនអាច​ឱ្យ​ចូលរួម​ការប្រឡង​ជាថ្មី លោក សន ជ័យ យល់​ថា នេះ​ក៏​មិនមែន​ជា​មធ្យោបាយ​ល្អ​នោះដែរ ហើយ​ក្រសួង គួរតែ​បើក​សេរីភាព​ឱ្យ​មាន​ការប្រឡង​ទាំងអស់​គ្នា ព្រោះ​ថា​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​កន្លងមក​ពួកគាត់​អាច​នឹងមាន​បទពិសោធ និង​សមត្ថភាព​ខ្លាំង​ជាង​មុន​ក្នុង​ការទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការប្រឡង​ជាថ្មី​៕