
កម្មវិធីអប់រំមូលដ្ឋាននៅខេត្តកោះកុងរៀបចំដោយក្រសួងអប់រំ ក្រសួងការងារ និងយូណេស្កូ។រូប MoEYS
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ នៅដើមសប្តាហ៍នេះប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលសិក្សាកម្មវិធីសមមូលអប់រំមូលដ្ឋានថ្មី (BEEP) ក្នុងខេត្តចំនួន ៦ ទៀតនៅប្រទេសកម្ពុជា សម្រាប់ដំណាក់កាលទី ២ ឆ្នាំ ២០២០-២០២៣ ដើម្បីគាំទ្រដល់យុវជនដែលបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ។
លោក លាវ គីមឡាយ មន្ត្រីកម្មវិធីអប់រំរបស់អង្គការយូណេស្កូប្រាប់ភ្នំពេញប៉ុស្តិ៍ថា អង្គការបានសហការជាមួយក្រសួង ស្ថាប័នរដ្ឋដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលសិក្សាថ្មីនេះក្នុងខេត្តមានអត្រាសិស្សថ្នាក់អនុវិទ្យាល័យបោះបង់ការសិក្សាភាគរយច្រើន ដើម្បីឱ្យពួកគេងាកមកចាប់យកឱកាសបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយអាចទទួលបានការងារសមរម្យ។
បើតាមលោក លាវ គីមឡាយ ខេត្តដែលត្រូវបង្កើតមជ្ឈមណ្ឌលសិក្សាថ្មីបន្ថែមទៀត រួមមានខេត្តកោះកុង ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរី។ កម្មវិធីនេះមានភាពបត់បែន និងសារៈសំខាន់សម្រាប់សិស្សដែលបោះបង់ការសិក្សាត្រឹមថា្នក់អនុវិទ្យាល័យ ឬអ្នកដែលរៀន ថ្នាក់ទី ៩ ចប់ហើយមិនបន្តការសិក្សាទៀត អាចបន្តការសិក្សាតាមកម្មវិធីរបស់មជ្ឈមណ្ឌលថ្មីនេះបាន។
លោក គីមឡាយ ថ្លែងថា កម្មវិធីរបស់មជ្ឈមណ្ឌលថ្មី (BEEP) នេះសិស្សអាចសិក្សា និងប្រើប្រាស់នូវឧបករណ៍ដូចជាស្មាតហ្វូត ឬជិះម៉ូតូទៅបន្តការសិក្សានៅតាមខេត្តគោលដៅ ហើយសិក្សាត្រឹមតែ ៣ ទៅ ៥ ខែនឹងបញ្ចប់។ សិស្សទទួលបាននូវវិញ្ញាបនបត្រស្មើនឹងថ្នាក់ទី ៩ ហើយអាចបន្តចុះឈ្មោះចូលសិក្សានៅវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាល័យបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកថា៖ «អ៊ីចឹងកម្មវិធីរបស់យើង គឺជាស្ពានរបស់គាត់ដែលបានបោះបង់ការសិក្សាអាចចូលរៀន និងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលជំនាញនៅមជ្ឈមណ្ឌលគោលដៅរបស់យើងបាន»។
លោកបន្តថា៖ «កម្មវិធីនេះយុវជន និងយុវនារីជាច្រើននឹងចុះឈ្មោះចូលរៀន ហើយនៅពេលដែលពួកគេបញ្ចប់វគ្គបណ្តុះបណ្តាលជាមួយមជ្ឈមណ្ឌលរបស់យើងពួកគាត់នឹងមានលទ្ធភាពចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញ»។
បើតាមមន្ត្រីយូណេស្កូរូបនេះអត្រានៃសិស្សបោះបង់ចោលការសិក្សានៅថ្នាក់អនុវិទ្យាល័យមានចំនួន ១៥ ភាគរយ។ ប៉ុន្តែអត្រាបញ្ចប់ការសិក្សាវិញមានត្រឹមតែ ៤៧ ភាគរយ ចំណែកអ្នកដែលមិនបានបញ្ចប់ការសិក្សាមានចំនួនជាង ៥៣ ភាគរយ។
លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុងថ្លែងថា សម្រាប់ការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលកម្មវិធីសិក្សាថ្មីនេះគឺជាវិធីល្អមួយសម្រាប់ឱ្យយុវជន ដែលបោះបង់ចោលការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាអាចបន្តការសិក្សាទៅមុខទៀត។
លោកបន្តថា៖ «ម្យ៉ាងទៀតអ្នកដែលរៀនចប់ក្រោមថ្នាក់ទី ៩ ពួកគាត់អាចរៀនជំនាញនេះតាមប្រព័ន្ធអនឡាញ។ អ៊ីចឹងទេនៅពេលដែលគាត់រៀនចប់ក្នុងរយៈពេល ៣ ខែ ទៅ ៦ ខែ ពួកគាត់អាចទៅប្រឡងទទួលបានសញ្ញាបត្រសមមូលស្មើនឹងឌីប្លូម ហើយអាចបន្តការសិក្សានៅថ្នាក់បន្ទាប់ទៀត»។
លោកថា៖ «ក្នុងនាមមន្ទីរសូមសម្តែងការគាំទ្ររាល់សកម្មភាព បណ្តុះបណ្តាល និងបច្ចេកទេសជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនូវមជ្ឈមណ្ឌលនេះប្រព្រឹត្តទៅដោយលូន»។
តាមសេចក្តីប្រកាសព័ត៌មានពីថ្ងៃទី ២ វិច្ឆិកា មជ្ឈមណ្ឌលសិក្សា BEEP ចំនួន ៣៥ នឹងត្រូវបង្កើតឡើងក្នុងខេត្តចំនួន ១៥ ក្រោមកម្មវិធីស្តីពីការងារសមរម្យសម្រាប់យុវជន (DEY) ក្នុងឆ្នាំ ២០២០-២០២៣ ដែលត្រូវបានគាំទ្រដោយទីភ្នាក់ងារប្រទេសស្វ៊ីស សម្រាប់កិច្ចសហការ និងការអភិវឌ្ឍ (SDC)។
កម្មវិធីដំណាក់កាលទី ២ នេះមានគោលបំណងគាំទ្រដល់យុវជនក្នុងប្រទេសកម្ពុជាដើម្បីទទួលយកនូវកំណើននៃឱកាសការងារសមរម្យ និងផលិតភាព ដោយធានាបានថា ពួកគេអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម និងត្រូវបានត្រៀមខ្លួនសម្រាប់ការងារដ៏មានគុណភាព។
មជ្ឈមណ្ឌល BEEP ត្រូវបានសម្ពោធដាក់ឱ្យដំណើរការដោយអង្គការយូណេស្កូក្នុងឆ្នាំ ២០១៦ ដោយចាប់ដៃគូជាមួយក្រសួងអប់រំ និងក្រសួងការងារដើម្បីផ្តល់នូវការអប់រំគ្រប់ជម្រើសប្រកបដោយភាពបត់បែនដល់យុវជនដែលមានបំណងបោះបង់ការសិក្សាឱ្យបញ្ចប់ត្រឹមថ្នាក់អនុវិទ្យាល័យ ឬ ការអប់រំមូលដ្ឋានសមមូលនឹងថ្នាក់ទី ៩។
មជ្ឈមណ្ឌល BEEP អាចធានាបានឱ្យយុវជនកម្ពុជាបញ្ចប់ការសិក្សារបស់ពួកគេ ខណៈសកម្មភាពអាជីពក៏នឹងបន្ត។ គុណភាពអប់រំមូលដ្ឋានផ្តល់ដោយមជ្ឈមណ្ឌល BEEP ផ្អែកទៅលើការបញ្ចប់កម្មវិធីអនុញ្ញាតឱ្យអ្នកសិក្សា កសាងនូវចំណេះដឹង និងជំនាញ ហើយបន្តចាប់យកឱកាសការងារសមរម្យ។
ចន្លោះឆ្នាំ ២០១៧ និង ២០១៩ មជ្ឈមណ្ឌលសិក្សា BEEP ចំនួន ១៣ ត្រូវបានបង្កើតក្នុងទីក្រុងភ្នំពេញខេត្តសៀមរាប បាត់ដំបង និង ខេត្តកណ្តាល។ មកដល់ពេលនេះសិក្ខាកាមចំនួន ៥៣៥ នាក់ បានចុះឈ្មោះចូលរៀន និងទទួលបានផលប្រយោជន៍ពី ១១ មុខវិជ្ជា។
ក្នុងឆ្នាំ ២០២៣ សិក្ខាកាមចំនួន ១ ០០០ នាក់ ត្រូវបានរំពឹងថានឹងចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សា។ មជ្ឈមណ្ឌល BEEP ជួយសម្រួលលើការសម្របសម្រួលរវាងក្រសួងការងារ និងក្រសួងអប់រំ៕