ភ្នំពេញៈ ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរួមទាំងសម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN- CSA) បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា ខណៈពេលដែលមានកុមារកម្ពុជាចំនួន ៣២ នាក់ក្នុងចំណោម ១០០ នាក់បានប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ និងប្រជាពលរដ្ឋភាគច្រើនមិនទាន់យល់ដឹងពីបញ្ហានេះ។
លោក ហ៊ូ ក្រើន អ្នកសម្របសម្រួលនៃអង្គការ SUN CSA បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីចុងសប្ដាហ៍កន្លងមកនេះថា៖ «កុមារកម្ពុជាចំនួន ៣២ នាក់ក្នុងចំណោម ១០០ នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភនេះគឺជាអត្រាមួយដ៏ខ្ពស់ដែលយើងទាំងអស់គ្នាមិនអាចទទួលយកបានទេ។ បញ្ហាកង្វះអាហារូបត្ថម្ភមិនត្រឹមតែធ្វើឲ្យប៉ះពាល់ការអភិវឌ្ឍផ្នែករាងកាយ ស្មារតី តែប៉ុណ្ណោះទេថែមទាំងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតភាពការងារ និងសេដ្ឋកិច្ចរបស់ប្រទេសទៀតផង»។
លោកបានបង្ហាញថាតាមការស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថាបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់កម្ពុជាខាតបង់ចំនួន ២៥០ លានដុល្លារអាមេរិកស្មើនឹង ១,៧ នៃផលិតផលក្នុងស្រុករបស់កម្ពុជា ដែលការបាត់បង់នេះជាការបាត់បង់ជារៀងរាល់ឆ្នាំ។
លោកបន្ថែមថា៖ «ដូច្នេះយើងបានចាត់ទុក និងផ្ដល់អាទិភាពយ៉ាងសំខាន់លើវិស័យអាហារូបត្ថម្ភ និងសន្ដិសុខស្បៀងនេះ តែជាអកុសលបងប្អូនប្រជាពលរដ្ឋមិនទាន់បានយល់ជ្រួតជ្រាប សូម្បីតែពាក្យថាអាហារូបត្ថម្ភនេះផង»។
លោក សុខ ស៊ីទ្បូ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់ចលនាអាហារូបត្ថម្ភកម្ពុជាបានលើកឡើងថាក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ មាតា ទារក និងកុមារ។
លោកបានបង្ហាញថា ផ្អែកតាមលទ្ធផលអង្កេតសុខភាពប្រជាសាស្ត្រឆ្នាំ ២០១៤ របស់ក្រសួងផែនការបានបង្ហាញថាអត្រាកុមារក្រិសក្រិនត្រូវបានកាត់បន្ថយពីចំនួន ៥០% នៅឆ្នាំ ២០០០ មកត្រឹម ៣២% នៅឆ្នាំ ២០១៤ អត្រាកុមារមានទម្ងន់ទាបត្រូវបានកាត់បន្ថយពីចំនួន ៣៩% នៅឆ្នាំ ២០០០ មកត្រឹម ២៤% នៅឆ្នាំ ២០១៤, អត្រា ស្ត្រីក្នុងវ័យបន្តពូជកង្វះអាហារូបត្ថម្ភត្រូវបានកាត់បន្ថយពីចំនួន ២១% នៅឆ្នាំ ២០០០ មកត្រឹម ១៤% នៅឆ្នាំ ២០១៤ និង អត្រានៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ និងការបំបៅកូនដោយទឹកដោះម្ដាយក្នុងម៉ោងដំបូងក្រោយសម្រាលមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០០០ ដល់ ២០១០។
លោក សុខ ស៊ីទ្បូ បានថ្លែងថា៖ «ទោះបីជាបញ្ហាក្រិសក្រិនរបស់កុមារថយចុះមកនៅត្រឹម ៣២% ក៏ដោយ ក៏អត្រានេះនៅតែមានកម្រិតខ្ពស់នៅឡើយ។ អត្រាក្រិសក្រិនខ្ពស់នេះគឺជាការគំរាមកំហែងមួយ និងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច មូលធនមនុស្ស និងការរីកចម្រើនរបស់ប្រទេសជាតិផងដែរ»។
លោកបានបង្ហាញថាកង្វះអាហារូបត្ថម្ភបានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានលើការសិក្សារបស់កុមារក៏ដូចជាប្រសិទ្ធភាពការងាររបស់ពួកគេនៅពេលដែលពួកគេធំឡើងនឹងបង្កជាហេតុធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
លោក សុខ ស៊ីទ្បូ បានលើកឡើងថាការដោះស្រាយបញ្ហាក្រិសក្រិនមានសារៈសំខាន់ណាស់ និងចាំបាច់ដើម្បីឱ្យកម្ពុជាអាចសម្រេចគោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ ២០៣០។
លោកស្រី ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ជាការពិតណាស់អាហារូបត្ថម្ភគឺជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់ព្រោះថាមានកុមារ ៣២ នាក់ក្នុងចំណោម ១០០ នាក់មានបញ្ហាក្រិសក្រិន។
លោកស្រីបន្ដថា៖ «អត្រាក្រិសក្រិនខ្ពស់នេះគឺជាការគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ធនធានមនុស្ស និងការរីកចម្រើននៃប្រទេសជាតិទាំងមូល ដូចនេះហើយទើបក្រសួងសុខាភិបាលបានខិតខំ និងបំផុសឲ្យមានការលើកកម្ពស់ការងារអាហារូបត្ថម្ភក្រោមកិច្ចសហការពេញលេញជាមួយសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា»។
លោកស្រីថ្លែងថាការបំផុសឲ្យមានការយល់ដឹងនៅតាមសហគមន៍បានទូលំទូលាយលើវិស័យអាហារូបត្ថម្ភគឺជាមូលដ្ឋានគ្រឹះចម្បងបំផុត ដើម្បីឱ្យប្រជាជននៅសហគមន៍យល់ដឹងឈានទៅរកការអនុវត្ត ការផ្លាស់ប្តូរឥរិយាបថ អាហារូបត្ថម្ភ ឲ្យកាន់តែប្រសើរទ្បើងនៅប្រទេសកម្ពុជា។
លោកស្រី សោភ័ណនារី ថា៖ «ខ្ញុំសូមធ្វើការអំពាវនាវទៅដល់គ្រប់បណ្តាញផ្សព្វផ្សាយសូមជួយគាំទ្រ និងបង្កើនការផ្សព្វផ្សាយព័ត៌មានលើអាហារូបត្ថម្ភឲ្យបានផុសផុលនៅទូទាំងប្រទេសកម្ពុជា»៕