ភ្នំពេញ: ក្រសួង​បរិ​ស្ថាន អង្គការ UNDP និង​អង្គ​ការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា កំពុង​ពិភាក្សា​សេចក្ដីព្រា​ង​របាយ​ការ​ណ៍ស្តី​ពី​ស្ថានភា​ព​បរិ​ស្ថា​ន​​ជាតិ​លើក​ទី៤ ដើម្បី​ប្រ​មូល​ធាតុ​ផ្សំ​ក្នុងការ​ចងក្រ​ង​ឯកសា​រ ​ទិន្ន​ន័យ​គោលនិង​ព័ត៌មា​ន​វិទ្យា​សាស្ត្រ​អំពី​បរិស្ថាន ​និង​ធន​ធា​ន​ធម្មជាតិ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រា​វ និង​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការអប់រំ​ចំណេះ​ដឹង​ពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា។

លោក​ នេត្រ ​ភក្ត្រា រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ក្នុង​កិច្ចពិ​ភាក្សា​លើ​សេចក្ដីព្រា​ង​របាយកា​រណ៍​នៅថ្ងៃ ៣១​ សីហា ​ថា​ របាយ​ការ​ណ៍​ស្ថានភា​ព​បរិស្ថាន​ជាតិ​លើក​ទី៤ នេះ គឺជា​​ការ​ចង​ក្រង​ប្រមូ​លផ្តុំ​ឯក​សា​រ ទិ​ន្នន័យ​គោល ​និង​ព័ត៌​មាន​​វិទ្យា​សា​​ស្ត្រ​អំពី​បរិ​ស្ថាន និង​ធន​ធាន​ធម្ម​ជាតិ។

ការ​រៀប​ចំនេះ​ដើម្បី​ឲ្យ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​អ្នកគ្រ​ប់គ្រ​ង ​អ្នកធ្វើ​ផែន​ការ​ ស​ហ​គមន៍ ឧស្សា​ហករណ៍​ វិនិ​យោគិ​ន ​អង្គ​ការ​ជាតិ-​អន្ត​រជាតិ ប្រើប្រា​ស់​ជា​មូល​ដ្ឋាន​សម្រាប់​ការអប់​រំ​ចំណេះ​ដឹង​បរិ​ស្ថាន ​ការធ្វើ​សេចក្តី​សម្រេច​ ការ​គ្រ​ប់​គ្រង និង​ការ​ធ្វើផែន​ការ​សកម្ម​ភាព​ ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ស្រប​តាម​កម្មវិធី​នយោ​បាយ​ជាតិ​។

លោក​បន្តថា​ បរិ​ស្ថាន​គឺជា​ការងារ​ពហុ​វិស័យ និង​ពហុ​ជំនាញ ​ដែល​ក្នុង​ន័យនេះ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​សហ​កា​រ​ច្រើន​ពី​ក្រ​សួ​ង និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ដើម្បី​អាច​ទទួល​បាន​ធាតុ​ចូល​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​ការ​ឯក​ភាព​គ្នា។ លោក​ថា រ​បា​យ​ការណ៍​បាន​បញ្ចូល​ប្រធាន​បទ​បរិ​ស្ថាន​ចម្បងៗ​ចំនួន​៧ ​ក្នុង​នោះ​មាន ​គុណ​ភាព​ខ្យល់,​ការ​ប្រែប្រួល​អា​កាស​ធាតុ​,​ ទឹក​ (​ទឹ​ក​សាប​និង​ទឹក​សមុទ្រ), គុណ​ភាព​ដី, ជីវ​ចម្រុះ(ព្រៃ​ឈើ សត្វព្រៃ), សុវត្ថិ​ភាព​ចំណី​អាហា​រ និង​សំណល់ ​(រឹង និង​រាវ)។

លោក​បញ្ជាក់​ថា៖ «របាយកា​រណ៍​នេះគឺ​ជា​របា​យការ​ណ៍​ស្ថាន​ភាព​បរិស្ថាន​ជាតិ​លើក​ទី៤ គ្រោង​នឹង​បញ្ចប់​នៅឆ្នាំ​ ២០​២២។ ដោយ​ឡែក​របាយ​ការណ៍​នេះ ​ត្រូវ​បាន​រៀបចំ​និង​​បោះពុម្ព​ផ្សាយ ​៣ ​លើក​រួចម​កហើ​យ​គឺ លើ​ក​ទី១ ​នៅ​ឆ្នាំ ​១៩៩៤​ លើ​ក​​ទី២ នៅ​ឆ្នាំ ​២០០៥ ​និង​លើក​ទី៣ នៅ​ឆ្នាំ ២០១៩​ កន្លង​ទៅ»​។

លោក​ ជួប​ ប៉ារីស៍ ​អគ្គ​នាយក​ចំណេះដឹ​ង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួង​បរិស្ថា​ន​បាន​ថ្លែងនៅ​ថ្ងៃ ៣១ ​សីហា ​ដែរ​ថា របាយ​ការណ៍​នេះចាំ​បាច់​ត្រូវមា​ន​សូចនា​ករ ទិ​ន្នន័​យ ស្ថិ​តិប្រក​បដោយ​លក្ខណៈ​វិទ្យាសា​ស្ត្រ​ជា​អំ​ណះ​អំ​ណាង​ច្បាស់លា​ស់។​ ធាតុ​​ចូល​​ចាំ​បា​ច់​សំខាន់ៗ​សម្រាប់​របាយ​ការ​ណ៍នឹ​ង​ក្លាយជា​ឯកសារ​មានតម្លៃ​អាច​យកទៅ​ប្រើប្រាស់​ជា​មូល​ដ្ឋាន​យោង​ ហើយ​ថែម​ទាំង​ទុ​ក​ជា​ភ័ស្តុ​តាង​ចម្បង​ដែល​ដើរតួនាទី​បំពេញ​ជា​សារ​បញ្ជាក់​រួមមួ​យដែ​ល​អាច​ទទួល​យក​បាន​អំពី​ស្ថាន​ភាព​បរិ​ស្ថាន​បច្ចុ​ប្បន្ន​នៅ​កម្ពុ​ជា។​

លោក​​បញ្ជាក់ថា​៖ «របាយកា​រណ៍​នេះ ​យើង​ធ្វើ​ជា​ ២ ភា​សា គឺ​ភាសា​ខ្មែរ និង​អង់​គ្លេស ហើ​យ​យើង​សង្ឃឹម​ថា វា​ជា​របាយ​ការណ៍​មួយ​ដែលមាន​លក្ខណៈ​វិទ្យាសា​ស្ត្រ មាន​ទិន្ន​ន័យ​ត្រឹមត្រូ​វ​អាច​ទទួល​យក​បា​ន ហើ​យ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​​ភាគី​ទាំង​អ​ស់​ទាំង​ក្រសួង-ស្ថាន​ប័ន​នានា​ អ្នក​សិក្សា​ស្រា​វជ្រា​វ និង​សា​ធារណ​ជន​ទាំង​អស់​ អ្វីដែល​សំខាន់ គឺ​យើង​មិន​ចង់​ឲ្យ​មាន​ភា​ព​ចម្រូ​ង​ចម្រាស​ផ្នែក​ព័ត៌​មាន​ទាក់​ទង​បរិ​ស្ថាន​»​។

លោក​បន្ថែម​ថា ក្រសួងប​រិស្ថានបាន​កំណត់​យក​ការធ្វើ​ទំនើបកម្ម​​ស្ថាប័ន​ កិច្ច​គាំពារ​បរិ​ស្ថាន កា​រអ​ភិរក្ស​ជីវ​ចម្រុះ ​និង​ការ​រស់​នៅ​ដោយ​ចីរ​ភាព ​ជា​សសរ​ស្តម្ភ ​និង​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​រៀប​ចំ​គោល​នយោបា​យ ​ផែន​ការ​យុទ្ធ​សាស្ត្រ ​និង​ផែ​ន​ការ​សកម្ម​ភាព​នា​នា។​

លោក​ Nick BERESFORD តំណាង​អង្គកា​រ ​UNDP ប្រចាំ​កម្ពុជា​បាន​ថ្លែង​ដែរ​ថា របា​យកា​រណ៍​​ស្ថានភា​ព​បរិ​ស្ថាន​​ជាតិ​លើក​ទី៤​ នេះ ​ពិតជា​មាន​តម្លៃ​សំខាន់​ចំពោះ​នយោ​បាយ​, តម្លៃ​សេដ្ឋ​កិច្ច, តម្លៃ​បរិស្ថាន​និង​ការអ​ភិវ​ឌ្ឍ,​ តម្លៃស​ង្គម​កិច្ច​ និង​កា​រក​សាង​សមត្ថ​ភាព​មន្ត្រី​តាម​រយៈ​ដំណើរ​ការ​រៀប​ចំ​របាយ​ការណ៍​នេះ​។

លោក​បន្ថែម​ថា ​ការប​ណ្តុះបណ្តា​ល​ធនធា​ន​មនុស្ស ​និង​ការ​ពង្រឹង​សមត្ថភា​ព​ម​ន្ត្រី​ពាក់​ព័ន្ធ​នឹង​ប្រព្រឹត្ត​ទៅជា​បន្ត​បន្ទាប់​ ដើ​ម្បី​​កសាង​សមត្ថភា​ព​អ្នក​បន្ត​វេន​សម្រាប់​ការ​រៀប​ចំ​របាយ​ការ​ណ៍​ស្ថាន​ភាព​បរិ​ស្ថាន​ជាតិ​នេះ​ត​ទៅ​មុខទៀ​ត​។

លោក​បញ្ជាក់​ថា៖ «របាយ​ការណ៍​នេះ ​ផ្តល់​ការ​យល់​ដឹង​អំពី​និន្នា​ការ​ ស្ថាន​ភាព​បរិ​ស្ថាន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ ច​ងក្រង​ផ​ល​ប៉ះ​ពាល់​បរិស្ថាន​សង្គម និង​ពី​ស្ថាន​ភាព​ដែល​ប្រែ​ប្រួល និង​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​ឆ្លើយត​ប​ចំពោះ​ សម្ពាធ ​និង​ផល​ប៉ះ​ពា​ល់​​បរិ​ស្ថា​ន​ជា​ច្រើន​ទៀត»​៕