ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ជាមួយ​អង្គការ​ទស្សនៈ​ពិភព​លោក​នឹង​រួមគ្នា​រៀបចំ​យុទ្ធ​សាស្រ្ត​ដើម្បី​ស្តារ​មក​វិញ​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​យុវជន ​កម្មករ ​កុមារ ​និង​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ជាបណ្តើរៗ​ដោយសារ​ភាគី​ទាំង២​មិន​ដឹង​ថា ​តើ​ពេល​ណា​ជំងឺ​កូវីដ ១៩ ​នឹង​បាត់​ទៅ​វិញ​នោះ​ឡើយ។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​ការងារបញ្ជាក់នាថ្ងៃនេះ។

រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក​ អុិត សំហេង ​បានជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ទស្សនៈ​ពិភពលោក ​(World Vision)​ នា​ព្រឹក​មិញនេះ​ នៅ​ទីស្តីការ​ក្រសួង​ការងារ​ដើម្បី​ពិភាក្សា​ការងារ។ លោក​ថ្លែង​ក្នុង​ជំនួប​នោះ​ថា ​អង្គការ​ទស្សនៈ​ពិភព​លោក​បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការលើក​កម្ពស់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​សកម្ម ​ក្រោយ​ថ្ងៃ​រំដោះ ​៧​ មករា​ ឆ្នាំ​ ១៩៧៩។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ​អង្គការ​ទស្សនៈ​ពិភពលោក ​បាន​ចូលមក​ដល់​កម្ពុជា​អស់​រយៈពេល​យូរ​ហើយ ​ដោយ​អង្គការ​មួយនេះ​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​តរៀង​មក។ អង្គការ​មាន​គោលដៅ​ធំៗ ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ​គម្រោង​លុប​បំបាត់​ពលកម្ម​កុមារ ​ផ្តល់​អាហារូបត្ថម្ភ ​ពាក់ព័ន្ធ​សុខភាព ​ការអប់រំ ​បង្កើត​ឱកាស​ការងារ ​និង​ការដោះ​ស្រាយ​លើ​កុមារ​តូចៗ​ជាដើម។

លោក​ ងុយ រិទ្ធ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បាន​ប្រាប់​អ្នកសារព័ត៌មាន ​ពី​ព្រឹកមិញនេះ​ថា ​ដោយសារ​បច្ចុប្បន្ន​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្ររាជ​រដ្ឋាភិបាល​ក្នុងការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ទៅ​លើបញ្ហា​កូវីដ​ផងដែរ​នោះ ​ភាគី​ទាំង ២ ​នៅ​ក្នុង​ជំនួប​នេះ​ក៏​បាន​ពិភាក្សាគ្នា​ក្នុង​ការរៀប​ចំ​នូវ​យុទ្ធ​សាស្រ្ត​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​នានា​ដូចជា​ យុវជន ​កម្មករ ​និង​កុមារ​ជាដើម។

លោក​មាន​ប្រសាសន៍ថា​៖ «បន្ទាប់​ពី​នេះ​ទៅ ​យើង​នឹង​រៀប​ចំយុទ្ធ​សាស្រ្ត​ ដើម្បី​ស្តារឡើង​វិញ​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​យុវជន​របស់​យើង ​កម្មករ​របស់​យើង​ និង​កុមារ​របស់​យើង​ ដើម្បី​ឱ្យ​ឱកាស​ទាំងអស់​នេះ​ យើង​អាច​ស្តារ​ឡើង​វិញ​ជា​បណ្តើរៗ​ ដោយសារ​កូវីដ​បាន​ធ្វើ​ឱ្យ​យើង​ទាំង​អស់គ្នា​រងទុក្ខ​លំបាក​ ហើយ​យើង​ក៏​មិន​ដឹង​ថា​តើ​ពេល​ណានឹង​ចប់​នោះ​ទេ»។

លោក​បន្តទៀត​ថា ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ក្រសួង​នឹង​រួម​គ្នា​ធ្វើ​កិច្ច​ការងារ​នេះ ​ហើយ​អង្គការ​ទស្សនៈ​ពិភពលោក​ក៏​ពេញ​ចិត្ត​ជាខ្លាំង​នូវ​វិធាន​ការ​របស់​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ហើយ​អង្គការ​នេះ​ចង់​បន្ត​ការងារ​ជាមួយ​ក្រសួង​ឱ្យ​កាន់​តែ​ល្អប្រសើរ​ថែម​ទៀត។

លោក​ Edward DanielrajSelvanayagam​ នាយក​ប្រចាំ​ប្រទេសនៃ​អង្គការ​ទស្សនៈ​ពិភពលោក ​(World Vision) ដែល​ទើប​ទទួល​តំណែង​ថ្មី ​បាន​លើកឡើង​ក្នុង​ពេល​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដោយ​អរគុណ​ដល់​លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ​ដែលបាន​អនុញ្ញាត​ឲ្យ​អង្គការ​ទស្សនៈ​ពិភពលោក​ចូលមក​អនុវត្ត​កម្មវិធី​មនុស្សធ៌ម​ផ្សេងៗ​នៅ​កម្ពុជា។

អង្គការ​ពេញចិត្ត​ជាខ្លាំង​នូវ​អ្វី​ដែល​ជាវិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ​ក៏​ដូចជា​ចំណាត់​ការ​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ហើយ​អង្គការ​ក៏មាន​បំណង​ចង់​បន្ត​ការងារ​នេះ​ឱ្យ​ល្អប្រសើរ​ថែម​ទៀត។

ជាមួយ​គ្នានេះ​ដែរ ​ភាគី​ទាំង ២ ​បានប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ ​ដើម្បី​ពង្រឹង​ភាព​ជាដៃគូជាមួយ​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត៕