ក្រចេះ: ក្រសួង​មុខងារ​សាធារណៈ និង​ក្រុមការងារ​ខេត្ត​​ក្រចេះ​កំពុង​សហការ​រៀបចំ​ការជ្រើសរើស​អ្នកដឹកនាំ​ភូមិ​ថ្មី​ចំនួន​ ៣៧ ​ភូមិ ស្ថិតក្នុង​ឃុំ-សង្កាត់​ចំនួន​ ១៧ នៃ​ស្រុក-ក្រុង​ចំនួន ​៥ ដែល​ក្រសួងមហាផ្ទៃ​សម្រេច​​ឱ្យ​បង្កើត​តាម​តម្រូវ​ការចាំបាច់​​កាលពី​ដើម​ខែមីនា ខណៈ​ការជ្រើសរើស​អាច​ត្រូវ​បញ្ចប់​នៅ​ចុង​សប្តាហ៍​ក្រោយ​។

កាលពី​ថ្ងៃទី​ ៣ មេសា លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ខេត្តក្រចេះ​អម​ដំណើរ​ដោយ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តក្រចេះ និង​ថ្នាក់ដឹកនាំ​ព្រមទាំង​សមាជិក​ក្រុមការងារ​ស្រុក​ព្រែក​ប្រសព្វ​បាន​ចុះ​ជួប​តំណាង​ពលរដ្ឋ​ប្រមាណ​ ៥០ ​នាក់ ​នៅ​ភូមិ​​អូរជ្រៃ​ជា​ភូមិ​ទើប​បង្កើត​ថ្មី ដែល​បំបែក​ចេញពី​ភូមិ​ព្រែក​ប្រសព្វ​លើ​នៃ​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​​ប្រសព្វ ស្ថិត​ក្នុង​បរិវេណ​វត្ត​ព្រះធម្មគង្គា ហៅ​វត្តភ្នំ​រអិល​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​មុខងារសាធារណៈ​ពីថ្ងៃ​ទី​ ៣ ខែ​មីនា បានឱ្យ​ដឹងថា ជំនួប​នេះ​គឺ​ដើម្បី​ស្ទាបស្ទង់​មតិ​របស់​ពលរដ្ឋ​ដើម្បី​ជ្រើសរើស អ្នកមាន​លក្ខណសម្បត្តិ​ដែល​អាច​ធ្វើជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សាឃុំ​ក្នុង​ការជ្រើសរើស​ប្រធានភូមិ​ថ្មី​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បានឱ្យ​ដឹងថា «​បន្ទាប់ពី​ការថ្លែង​មតិ​សំណេះសំណាល​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ព្រុំ សុខា ដែល​បានផ្តល់​សារៈសំខាន់​ទៅលើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការជ្រើសរើស​អ្នកដឹកនាំ​ភូមិ​រួចមក ការបោះឆ្នោត​ដើម្បី​ស្ទាបស្ទង់​មតិ​លើ​មុខសញ្ញា​ ៦ ​នាក់​ក៏បាន​ដំណើរការ​ទៅ​ដោយ​រលូន​រហូត​ដល់​ពេល​បញ្ចប់​ពិធី​»​។

ក្រសួង​មុខងារ​សាធារណៈ​​បាន​បញ្ជាក់ថា ការរៀបចំ​ស្ទាបស្ទង់​មតិ​បែបនេះ​គឺជា​គំរូ​សម្រាប់​​ភូមិ​បង្កើត​ថ្មី​ដទៃទៀត​ក្នុង​ស្រុក​ព្រែកប្រសព្វ​ទាំងមូល​រួមទាំង​ការជ្រើសរើស​មេភូមិ​ថ្មី​ទាំង ៣៧ ​ភូមិ​ទូទាំង​ខេត្ត​។

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ដំណើរការ​ជ្រើសរើស​មេភូមិ​នេះ​គឺ​នៅ​បន្តធ្វើ​នៅឡើយ ខណៈ​ឃុំ​មួយចំនួន​បានជ្រើសរើស​អ្នក​តំណាង​រួចរាល់​ដោយ​ក្នុង​ ១ ​ភូមិ​មាន​អ្នក​ឈរឈ្មោះ​យ៉ាងតិច​ចំនួន​ ៦ ​នាក់​។

បើតាម​ផែនការ​ការជ្រើសរើស​នេះ​អាច​នឹង​បញ្ចប់​នៅ​ចុង​សប្តាហ៍ក្រោយ​ដោយ​តួនាទី​នៃ​ការជ្រើសរើស​គឺជា​កាតព្វកិច្ច​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជា​អ្នកបោះឆ្នោត​ជ្រើសតាំង​។

លោក​បញ្ជាក់ថា​៖ «​ជា​គោលការណ៍​ពេលណា​យើង​ជ្រើសរើស​មុខ​សញ្ញា​អ្នក​ដែលមាន​លក្ខណសម្បត្តិ​នៅតាម​ភូមិ​នីមួយៗ គឺ​ប្រគល់​សិទ្ធិ​នោះ​ឱ្យ​ក្រុមប្រឹក្សាឃុំ ហើយ​និង​អភិបាល​ស្រុក​ជា​បន្ត​ការងារ ព្រោះ​នេះ​គ្រាន់តែ​ជា​របៀប​នៃ​ការចាប់ផ្តើម​ជ្រើស​មេភូមិ​ល្អ​បម្រើប្រជាជន​ស្មោះត្រង់ និង​ដឹង​សុខទុក្ខ​ប្រជាជន​»​។

បើតាម​លោក​ វ៉ា ថន ចំពោះមុខ​សញ្ញា​អ្នក​ដែលមាន​លក្ខណសម្បត្តិ​ជ្រើសរើស​សម្រាប់​តំណែង​ជា​មេភូមិ​ថ្មី​ទាំងនេះ គឺ​សុទ្ធ​តែមាន​អាយុ​ចាប់ពី ៣០ ​ឆ្នាំ និង​មិន​មាន​អាយុ​លើសពី​ ៥០ ​ឆ្នាំ​នោះទេ​ហើយ​ពួកគេ​ក៏​សុទ្ធ​ជា​មនុស្ស​មាន​សមត្ថភាព​ដែល​នាំឱ្យ​ពលរដ្ឋ ស្រឡាញ់ និង​គាំទ្រ​។

លោក យក់ ប៊ុនណា អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា នៅពេល​ដំណើរ​នៃ​ការជ្រើសរើស​អ្នកមាន​លក្ខណសម្បត្តិ​ទាំង​ ៣៧ ​ភូមិ​រួចរាល់ ក្រុមប្រឹក្សាឃុំ សង្កាត់​នឹង​ពិភាក្សា​គ្នា​ដើម្បី​ជ្រើសតាំង​បេក្ខភាព​អនុប្រធានភូមិ និង​សមាជិកភូមិ​ចំនួន​ ៣ ​រូប​តាមរយៈ​​ការបោះឆ្នោត​។

លោក​បញ្ជាក់ថា​៖ «​នីតិវិធី​បន្ត នៅពេល​យើង​ជ្រើសរើស​បាន​មេភូមិ​ហើយ នោះ​មេភូមិ​នឹង​ស្នើ​បេក្ខភាព អនុប្រធាន​ភូមិ និង​​សមាជិក​ភូមិ​ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​​ឃុំ សង្កាត់ បោះឆ្នោត​បន្ត​។ តាមរយៈ​នីតិវិធី​ជ្រើសតាំង​សម្រាប់​ភូមិ​ថ្មី​នេះ​គឺ​ចុងក្រោយ យើង​នឹង​បាន​មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​»​។

តាម​លោក យក់ ប៊ុនណា មកទល់​បច្ចុប្បន្ន ការងារ​ជ្រើសតាំង​មេភូមិ​ថ្មី​នេះ កំពុងដំណើរការ​នៅតាម​តំបន់​ដែល​ត្រូវបាន​បង្កើត​ភូមិ​ថ្មី ហើយ​​មាន​កន្លែង​ខ្លះ​បានរៀបចំ​ការស្ទាបស្ទង់​មតិ​ពី​ពលរដ្ឋ​រួចហើយ ហើយ​ឈាន​ទៅ​ដល់​ដំណាក់កាល​នៃ​ការរៀបចំ​បញ្ជី​សម្រាប់​ជូន​ទៅ​ក្រុមប្រឹក្សា​បោះឆ្នោត​។ ចំណែក​កន្លែង​ខ្លះទៀត​ក៏​កំពុង​បន្ត​រៀបចំ​ទទួល​មតិយោបល់​ពី​ពលរដ្ឋ​ដើម្បី​រើស​បេក្ខភាព​មេភូមិ​ថ្មី​ដែល​ពួកគាត់​ពេញចិត្ត​។

បើតាម​ក្រសួង​មុខងារ​សាធារណៈ​មកទល់​បច្ចុប្បន្ន​ខេត្តក្រចេះ​មាន​ស្រុក-ក្រុង​ចំនួន​ ៦ ឃុំ-សង្កាត់ ចំនួន ៤៧ និង​ភូមិ​ចំនួន​ ២៥៨​។ ក្នុងចំណោម​ភូមិ​ទាំងអស់​នេះ​មាន​ឧបសម្ព័ន្ធ​ជា​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​បណ្ដោះអាសន្ន ឬ​ហៅថា ភូមិ​ឧបសម្ព័ន្ធ​ចំនួន​ ១២​។ ក្នុងភូមិសាស្ត្រ​ភូមិ​ឧបសម្ព័ន្ធ​ទាំងអស់​នោះ​មាន​ពលរដ្ឋ​រស់នៅ ២២ ៦២០ ​គ្រួសារ​ក្នុងនោះ​ចំនួន​មនុស្ស ៨៧ ០៧៦ ​នាក់ ហើយ​អ្នក​ដែល​​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​មាន​ចំនួន ៤៦ ៨៣៥ ​នាក់ និង​បាន​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​ ៣២៦៣៨ ​នាក់​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​សាទរ​ចំពោះ​ដំណើរការ​នៃ​ការរៀបចំ​ភូមិ​ថ្មី​ដើម្បី​ឆ្លើយតប​ទៅ​​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​កំណើន​ពលរដ្ឋ​ក្នុង​តំបន់​។ ​ការរៀបចំ​​រចនាសម្ព័ន្ដ​ដឹកនាំ​ភូមិ​ជាក់លាក់​គឺ​ត្រូវការ​ថ្នាក់ដឹកនាំ​ដែលមាន​សមត្ថភាព​ហើយ​ការផ្តល់​ឱកាស​ដល់​យុវជន​ក៏​ជា​រឿង​មួយ​ដែល​ចាំបាច់​ផងដែរ​។

លោក​ថា​៖ «​ការផ្តល់​សេវា​​ប្រកបដោយ​ប្រសិទ្ធភាព​គឺជា​គោលដៅ​សំខាន់​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​មុខងារ​សាធារណៈ​ដែល​ដឹកនាំ​ក្នុង​ការធ្វើ​កំណែទម្រង់​សេវាសាធារណៈ​។

មកទល់​ពេល​នេះ ខ្ញុំ​គិតថា ទោះ​ភូមិ ឃុំ​ថ្មី ឬ​ភូមិ​ឃុំ​ចាស់​ក៏ដោយ​ក៏ត្រូវ​ជ្រើសរើស​ថ្នាក់ដឹកនាំ​​ដែល​មាន​សមត្ថភាព​ហើយ​ក្មេងៗ​​ដែលមាន​ចំនួន​ច្រើន​លើសលប់​ជាពិសេស​ស្ត្រី​ហ្នឹង គួរតែ​មាន​ឱកាស​ក្នុង​ការចូលរួម​ដឹកនាំ​មូលដ្ឋាន​របស់​ពួកគាត់​»៕