ភ្នំពេញៈ ​ក្រសួង​ពាក់ព័ន្ធ និង​សង្គម​ស៊ីវិល​មួយចំនួន​បានប្រកាស​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​គំរូ​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​ទម្រង់​ថ្មី​ដែល​មាន​ភាពងាយស្រួល និង​ចំណាយពេល​តិចជាង​មុន សម្រាប់​ចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។

ការប្រកាស​ទម្រង់​ថ្មី​នេះ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​អេរ៉ា​កាលពី​ថ្ងៃទី​ ២៦ តុលា ដោយ​មាន​ការចូលរួម​ពី​សហគមន៍​ជនជាតិដើម​ភាគតិច និង​ព្រៃឈើ​ជាង​ ៤០ រួមទាំង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សរុប​រួម​ប្រមាណ​ ១០០ ​នាក់ បន្ទាប់ពី​ក្រុម​ការងារ​បាន​ចំណាយ​អស់​​ជិត​ ១ ​ឆ្នាំ​ដើម្បី​កែសម្រួល​ទម្រង់​ថ្មី​នេះ​។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​លើកឡើង​ក្នុងឱកាស​នោះ​ថា តាមរយៈ​សំណូមពរ​ជាច្រើន​ពី​សហគមន៍​​ជនជាតិ​ដើម​ភាគតិច ក៏ដូចជា អ្នក​ពាក់ព័ន្ធ​បានស្នើ​ឱ្យ​កែសម្រួល​នីតិវិធី​ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដោយ​ធ្វើ​យ៉ាងណា​ឱ្យមាន​លក្ខណៈ​ខ្លី ខ្លឹម ងាយ​យល់ ងាយ​អនុវត្ត​ដើម្បី​ពន្លឿន​ការងារ​ឱ្យបាន​ឆាប់រហ័ស​ចំណេញ​ពេល និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​បន្តថា ឆ្លើយតប​នឹង​សំណូមពរ​នេះ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​សហការ​ជាមួយ​អង្គការ​​ដែល​គាំទ្រ​សហគមន៍​ជនជាតិដើម​ភាគតិច​ពិនិត្យឡើងវិញ​នូវ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្រមទាំង​បញ្ជី​សំណួរ សម្រាប់​បង្កើត​បទបញ្ជា​ផ្ទៃក្នុង​ថ្មី​។

លោក​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​យើង​ទទួលបាន​នូវ​ការកែសម្រួល​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ (​គំរូ​ថ្មី​) ការបង្កើត​នូវ​ទម្រង់​ឯកសារ​ដែល​មាន​ភាពងាយស្រួល​សម្រាប់​អនុវត្ត​ជាមួយ​បងប្អូន​ជនជាតិដើម​ភាគតិច និង​ភាគី​ពាក់ព័ន្ធ​នានា​ដែល​ធ្វើការ​ជាមួយ​សហគមន៍​ជនជាតិដើម​ភាគតិច​»​។

លោក​បាន​បន្ថែមថា​៖ «​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​នឹង​ជួយ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​យល់ដឹង​ច្បាស់​ពី​ការកែ​សម្រួល​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​​ (​គំរូ​ថ្មី​) ​នេះ​ព្រមទាំង​ប្រគល់ជូន​នូវ​គំរូ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​ដល់​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នេះ​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​តទៅ​»​។

លោក​ សៅ វណ្ណសី នាយក​ប្រតិបត្តិ អង្គការ ICSO បាន​លើកឡើង​ថា តាមរយៈ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​បាន​រៀបចំ​តាក់តែង និង​ដាក់​ឱ្យប្រើ​នូវ​គំរូ​លក្ខន្តិកៈ​​បទបញ្ជាផ្ទៃក្នុង​ចាស់​អស់​ពេល​ជាង​ ១០ ​ឆ្នាំ​មកហើយ សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។ ​ប៉ុន្តែ​គំរូ​លក្ខន្តិកៈ​ចាស់​បាន​​បង្ក​ឧបសគ្គ​មួយចំនួន​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការអនុវត្ត និង​រៀនសូត្រ​បណ្តើរ គឺ​ឃើញថា មាន​ឧបសគ្គ​ខ្លះ​ទាក់ទង​នឹង​ការប្រើប្រាស់​លិខិតបទដ្ឋាន​គតិយុត្ត​​ (​ចាស់​) ក៏ដូចជា ជា​ការប្រើប្រាស់​នូវ​ទម្រង់​បែបបទ​ផ្សេងៗ​។ ឧបសគ្គ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច យើង​ក៏មាន​ការពិគ្រោះ និង​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ងាយស្រួល​ជាង​មុន និង​ខ្លី​ជាង​មុន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ស្រប​ទៅ​តាម​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ក្នុងការ​ចូលរួមចំណែក​គាំទ្រ​ដល់​គោលនយោបាយ​នេះ​»​។

លោក សុត សឿង តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ថ្លែងថា ការស្នើ​ចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិដើម​ភាគតិច​នេះ​គឺ​កាន់តែ​មាន​ការកើនឡើង​នាពេល​បច្ចុប្បន្ន​។ ​ដូច្នេះ​លោក​រំពឹងថា គំរូ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​ទម្រង់​ថ្មី​នេះ​នឹង​ចូលរួម​ជួយ​សម្រួល​ដល់​ដំណើរការ​​ចុះបញ្ជី​នេះ​នៅ​ទូទាំង​ប្រទេស​។

លោក​បាន​ថ្លែងថា​៖ «​មាន​សហគមន៍​ជនជាតិ​ភាគតិច​មួយចំនួន​មិនទាន់​មាន​ការវាយតម្លៃ និង​សម្គាល់​អត្តសញ្ញាណ​នោះទេ​។ សម្រាប់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជំរុញ​ឱ្យ​មាន​ការកំណត់​អត្តសញ្ញាណ​ហ្នឹង​ឱ្យ​បាន​រួចរាល់​ឆាប់ៗ​នេះ ព្រោះ​រឿងនេះ​មិន​អាច​ពន្យារ​ដល់​រាប់សិប​ឆ្នាំ​តទៀត​ទេ​។ យើង​កំពុងតែ​រក​យុទ្ធសាស្ត្រ​ជំរុញ​ការចុះបញ្ជី​សហគមន៍​នេះ​ឱ្យ​ហើយ​»​។

បើ​តាម​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា គិត​មក​ទល់​ដំណាច់​ឆ្នាំ​ ២០១៩ សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​មាន​ចំនួន​ ៥០១ ​សហគមន៍​។

ក្នុង​នោះ​មាន​ចំនួន​ ១៥០ ត្រូវ​បាន​ទទួល​ស្គាល់​ស្វ័យ​អត្តសញ្ញាណ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។ ​រីឯ​សហគមន៍​ចំនួន​ ១៥០ ​ត្រូវបាន​ចុះបញ្ជី​ជា​នីតិបុគ្គល​នៅ​ក្រសួងមហាផ្ទៃ និង​សហគមន៍​ចំនួន​​ ៣០ ​បាន​​ទទួល​បណ្ណ​កម្មសិទ្ធិ​សមូហភាព​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

ប្រភព​ដដែល​ឱ្យដឹង​បន្តថា កម្ពុជា​មាន​​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤ ​ក្រុម រួមមាន ព្នង កួយ ទំពួន ចារាយ គ្រឹង ព្រៅ កាវែត ស្ទៀង ក្រោល សំរែ​ជាដើម ឬ​ស្មើ​ប្រមាណ​ ១,៣៤ ​ភាគរយ​នៃ​ប្រជាជន​សរុប ខណៈ​ជនជាតិ​ទាំងនេះ​រស់នៅក្នុង​ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និង​សៀមរាប​៕